
ពលរដ្ឋជាច្រើនគ្រួសារនាំគ្នាផ្ទុះការតវ៉ាជាមួយអាជ្ញាធរឃុំរកា ដោយមិនឲ្យសង់ផ្លូវ ព្រោះយល់ថា សង់ផ្លូវ និងបង្កឲ្យបិតផ្លូវទឹកបង្ហូរចូលស្រែរបស់ពួកគាត់
ខេត្តព្រៃវែង៖ក្រុមប្រជាពលរដ្ឋជិត២០ គ្រួសារ រស់នៅភូមិត្រគៀត ឃុំរកា ស្រុកពារាំង ខេត្តព្រៃវែង នៅរសៀលថ្ងៃទី២១ ខែកក្កដាម្សិលមិញ បានលើគ្នាតវ៉ានៅមុខសាលាឃុំរកា ដោយសុំឲ្យប្រាប់ដល់ម្ចាស់គ្រឿងចក្រ មកកាយដីចេញពីផ្លូវរទេះវិញ ដោយយល់ឃើញថាការធ្វើផ្លូវរទេះចាស់នេះជាការ បិតផ្លូវទឹកបង្ហូរចូលស្រែរបស់ពួកគាត់។
តំណាងអោយសហគមន៍ក្នុងភូមិត្រគៀត
ឈ្មោះ(ឡា) បានប្រាប់ដល់ បណ្ដាញ សៀមរាបប៉ុស្តិ៍ ដឹងថា៖ពួកគាត់មកតវ៉ានេះ គឺគ្រាន់តែសុំអោយផ្លូវរទេះមានសភាពដើមវិញ បើទោះបីថាផ្លូវនេះមានសភាពទ្រុឌទ្រោមទាបក៏ដោយ តែអាចបង្ហូរទឹកចូលស្រែបាន តែបើឈូសឆាយចាក់ដីខ្ពស់បៀបនេះ គឺមិនអាចបង្ហូរទឹកចូលស្រែបាននោះទេ នឹងធ្វើអោយផលដំណាំស្រូវពួកគាត់រងការខូចខាតដោយសារខ្វះទឹកជាក់ជាមិនខាន។
លោកពូ (ឡា)បានបន្តទៀតថា ការដែលធ្វើអោយមានផលប៉ះពាល់នោះ គឺមានច្រើនគ្រួសារណាស់ ដោយការឈូសឆាយនេះកន្លែងខ្លះ ធ្វើអោយពួកគាត់បើកបររទេះ ឬគោយន្ត លែងកើត នឹងកន្លែងខ្លះទៀតប៉ះពាល់ដល់ភ្លឺស្រែពួកគាត់ទើបពួកគាត់មកប្តឹងតវ៉ា
ដើម្បីអោយអាជ្ញាធរឃុំជួយរកដំណោះស្រាយជូនពួកគាត់។
ពាក់ព័ន្ធករណីម្ចាស់គ្រឿងចក្រ
បានបញ្ជាក់ប្រាប់ សៀមរាបប៉ុស្តិ៍ ថា ការដែលគាត់មកជីកកាយដីនៅបឹងវែងនេះ គឺដោយសារតែមានឯកភាពពីអាជ្ញាធរភូមិឃុំរួចហើយ។ ព្រោះអាជ្ញាធរភូមិឃុំសង្កេតឃើញថា ផ្លូវមួយខ្សែនេះមានសភាពទ្រុឌទ្រោមខ្លាំងពេក ទើបធ្វើ
អោយពលរដ្ឋ ធ្វើដំណើរទៅអាស្រ័យផលបានស្រួល។ ទើបដឹកអាចម៍ដីពីបឹងវែងមកធ្វើផ្លូវនេះ។ តែបែជា ប្រជាពលរដ្ឋកើតទុក្ខមិនសុខចិត្តទៅវិញ។
ម្ចាស់គ្រឿងចក្របានបន្តថា កន្លងមកគាត់តែងតែជួយចាក់ដីបំពេញនៅតាមផ្លូវក្នុងភូមិមួយចំនួន ដែលមានការខូចខាតផងដែរ។ តែមិនដែលមានបញ្ហាអ្វីទេ ទើបតែពេលនេះ ដែលមានបញ្ហាជាមួយប្រជាពលរដ្ឋ។
ជុំវិញការតវ៉ារបស់ពលរដ្ឋ លោក នេត នឿន មេឃុំរកា ក៏បានហៅតំណាងប្រជាពលរដ្ឋក្នុងសហគមន៍ចំនួន០៣រូបមកដោះស្រាយផងដែរ។ ដោយតំណាងពលរដ្ឋទាំង០៣រូបបានដាក់សំណើរសុំអោយអាជ្ញាធរឃុំ ជួយដោះស្រាយពីបញ្ហារបស់ពួកគាត់ ដោយសុំអោយម្ចាស់គ្រឿងចក្រកាយអាចម៍ដីចេញពីផ្លូវរទេះនេះវិញ។
ករណីនេះលោក នេត នឿន មេឃុំរកាដោយយល់ឃើញថាផ្លូវធ្វើបាន៨០ភាគរយហើយ ក៏សុំកុំអោយកាយអាចម៍ដីចេញវិញ។ តែលោកនឹងធ្វើជាប្រឡាយទឹក ជូនដល់ពួកគាត់ដើម្បីបានទឹកបង្ហូរចូលស្រែ។
លោកមេឃុំ ក៏បានបញ្ជាក់ថា ការធ្វើប្រឡាយទឹកនេះគឺយ៉ាងយូរថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២០ខាងមុខនេះ។
ដោយមានការលើកឡើងពីលោកមេឃុំទើបតំណាងពលរដ្ឋទាំង០៣រូប យល់ព្រមនឹងផ្តិតមេដៃ។ តែពួកគាត់ថា
បើឃុំមិនធ្វើប្រឡាយទឹកជូនពួកគាត់ទេគឺត្រូវតែកាយអាចម៍ដីចេញពីផ្លូវទាំងអស់វិញ។
សូមបញ្ជាក់ថានៅថ្ងៃទី២២ខែដដែលនេះ លោក នេត នឿន មេឃុំរកា ក៏បានហៅម្ចាស់គ្រឿងចក្រ បញ្ជាក់ប្រាប់ថានឹងតម្រូវអោយធ្វើជាប្រឡាយទឹកជូនដល់ប្រជាពលរដ្ឋ យ៉ាងយូរពាក់កណ្ដាលខែសីហាមុខនេះ។ បញ្ហានេះម្ចាស់គ្រឿងចក្រក៏មានយល់ព្រមថានឹងធ្វើជូនពលរដ្ឋមិនឲ្យយឺតយ៉ាវនោះទេ៕