ឯកឧត្តម ង៉ូវ បូរីណា រដ្ឋលេខាធិការក្រសួងបរិស្ថានអញ្ជើញចូលរួមក្នុងពិធីបិទវគ្គបណ្តុះបណ្តាល​ក្រោម​អធិបតីភាព​ដ៏ខ្ពង់ខ្ពស់​ ឯកឧត្ដម​ នេត្រ​ ភក្ត្រា​ រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន​នៅរាជបណ្ឌិត្យសភាកម្ពុជា

(ភ្នំពេញ​)៖ អ្នកសារព័ត៌មានគប្បីស្វែងយល់ពីការផ្សព្វផ្សាយនូវអ្វីដែលធ្វើឱ្យប៉ះពាល់ដល់ប្រយោជន៏សង្គមជាតិ សេដ្ឋកិច្ចជាតិ ពិសេសវិស័យទេសចរដែលជាប្រភពចំណូលដ៏ធំសម្រាប់បងប្អូនប្រជាពលរដ្ឋតាមរយៈការផ្សព្វផ្សាយពីចោរកម្ម លួច ឆក់ ប្លន់ គ្រឿងញៀន ក្មេងទំនើង អំពើឃាតកម្ម ភាពអសន្តិសុខក្នុងសហគមន៍ដែលការផ្សាយទាំងនោះបណ្តាលឱ្យប៉ះពាល់ដល់វិស័យទេសចរណ៍ជាតិ និងអន្តជាតិក៏ដូចជាធ្វើឱ្យមានការអន់ថយនៃការវិនិយោគពីដៃគូរក្រៅប្រទេសផងដែរ។

នេះជាការលើកឡើងរបស់ឯកឧត្តម ង៉ូវ បូរីណា រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថានក្នុងឱកាសដែលឯកឧត្តមបានផ្តល់កិត្តិយសចួលរួមជាគណៈអធិបតីក្នុងពិធីបិទវគ្គបណ្តុះបណ្តាលលើប្រធានបទស្តីពី មូលដ្ឋានគ្រឹះគ្រប់គ្រងព័ត៌មានបែបឌីជីថល ដែលរៀបចំឡើងដោយសមាគមអភិវឌ្ឍន៍វិជ្ជាជីវៈអ្នកសារព័ត៌មានកម្ពុជាសហការជាមួយសមាគមសារព័ត៌មានចំនួន ៤ទៀត ដែលមានសិក្ខាកាមចូលរួមសរុបចំនួន ៦៨៤នាក់នៅអគារខេមរវិទូ រាជបណ្ឌិត្យសភាកម្ពុជា រាជធានីភ្នំពេញ នារសៀលថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៤។

ឯកឧត្តមក៏បានបញ្ជាក់ជូនអង្គពិធីផងដែរ ចំពោះការផ្សព្វផ្សាយអំពីបទល្មើសព្រៃឈើ និងធនធានធម្មជាតិ សូមបងប្អូនអ្នកសារព័ត៌មានប្រើប្រាស់អំណាចទី៤របស់ខ្លួនធ្វើការផ្សព្វផ្សាយឱ្យបានទូលំទូលាយ ក៏ប៉ុន្តែត្រូវដាក់ពាក្យស្នើសុំជាមុនដើម្បីជាការសហការក្នុងការសម្របសម្រួលជាមួយមន្ទីរបរិស្ថានតាមសហគមន៍ក្នុងការចុះទៅផ្តិតយករូបភាពផ្ទាល់តាមគោលដៅបទល្មើសជាក់ស្តែង។

ក្នុងកម្មវិធីវគ្គបណ្តុះបណ្តាលនេះផងដែរ លោកជំទាវ មាស ច័ន្ទធីតា អនុរដ្ឋលេខាធិការក្រសួងបរិស្ថានក៏បានផ្តល់ជាកិត្តិយសក្នុងការធ្វើបទបង្ហាញអំពីពាក្យគន្លឹះក្នុងវិស័យបរិស្ថាន ក៏ដូចជាបេសកកម្ម និងយុទ្ឋសាស្រ្តចក្រាវិស័យបរិស្ថាន២០២៣ ដល់ ២០២៨ ជូនដល់សិក្ខាកាមដែលជាអ្នកសារព័ត៌មានដើម្បី​ជាចំណេះដឹង និងស្វែងយល់អំពីពាក្យពេចន៍ នៃវិស័យបរិស្ថានដើម្បីរក្សាបាននូវភាពត្រឹមត្រូវទុកជាប្រយោជន៍សម្រាប់ការនិពន្ធអត្ថបទព័ត៌មាន។

WhatsAppProtopage BookmarksTwitterLinkedInLinePinterestGoogle BookmarksTelegramFacebookCopy LinkFacebook MessengerShare
WhatsAppProtopage BookmarksTwitterLinkedInLinePinterestGoogle BookmarksTelegramFacebookCopy LinkFacebook MessengerShare