ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ អញ្ជើញជាអធិបតីកម្មវិធីពិនិត្យ និងព្យាបាលជំងឺជូនពលរដ្ឋដោយឥតគិតថ្លៃ នៅស្រុកកំចាយមាររបស់ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ស សុខា
នៅព្រឹកថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២៤ នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានសមាគមគ្រូពេទ្យស្ម័គ្រចិត្ត ស សុខា និងលោកជំទាវ កែ សួនសុភី ស សុខា និងវត្តមានដ៏ខ្ពង់ខ្ពស់លោកជំទាវ ញ៉ែម សាខន ស ខេង បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់កម្មវិធីពិនិត្យ និងព្យាបាលជំងឺជូនដល់ពុកម៉ែបងប្អូនប្រជាពលរដ្ឋដោយឥតគិតថ្លៃនៅស្រុកកំចាយមាររបស់ក្រុមគ្រូពេទ្យនៃសមាគមគ្រូពេទ្យស្ម័គ្រចិត្ត ស សុខា នៅក្នុងបរិវេណសាលាបឋមសិក្សា ក្របៅចាស់ ស្ថិតក្នុងឃុំក្របៅ ស្រុកកំចាយមារ ខេត្តព្រៃវែង។
ក្នុងនាមប្រធានសមាគមគ្រូពេទ្យស្ម័គ្រចិត្ត ស សុខា និងជំនួសមុខឱ្យពុកម៉ែបងប្អូនប្រជាពលរដ្ឋក្នុងស្រុកកំចាយមារ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការលះបង់កម្លាំងកាយ កម្លាំងចិត្ត និងពេលវេលាដ៏មានតម្លៃរបស់ក្រុមគ្រូពេទ្យស្ម័គ្រចិត្តទាំងអស់ពិសេសក៏សូមថ្លែងអំណរគុណចំពោះទឹកចិត្តរបស់ឯកឧត្តម លោកជំទាវ លោក លោកស្រី សប្បុរជននានា ដែលបានចូលរួមឧបត្ថម្ភដល់ដំណើរការចុះពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋ ដោយឥតគិតថ្លៃ នៅស្រុកកំចាយមារក៏ដូចជាបណ្តាក្រុង ស្រុកដទៃទៀត។
ជាមួយគ្នានេះដែរ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ក៏សូមថ្លែងអំណរគុណ និងកោតសរសើរចំពោះឯកឧត្តម លោកជំទាវជាក្រុមការងារចុះជួយមូលដ្ឋានស្រុកកំចាយមារ ក៏ដូចជាអាជ្ញាធរដែនដី និងមន្ត្រីពាក់ព័ន្ធទាំងអស់ដែលបានខ្នះខ្នែងជួយសម្របសម្រួល និងរៀបចំកម្មវិធីពិនិត្យ និងព្យាបាលជំងឺដោយឥតគិតថ្លៃជូនពលរដ្ឋក្នុងស្រុកកំចាយមារ។ សកម្មភាពដ៏ថ្លៃថ្លានេះ សបញ្ជាក់ឱ្យឃើញពីការចូលរួមចំណែកដ៏សំខាន់នៅក្នុងការលើកកម្ពស់សុខុមាលភាពប្រជាពលរដ្ឋក៏ដូចជាចូលរួមកាត់បន្ថយភាពក្រីក្រស្របតាមយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប៉ិនប្រសព្វបំផុតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា៕