ក្រសួងបរិស្ថាន និងចុងភៅ សេង ហុកហេង រួមគ្នាដាំកូនឈើបណ្តុះផ្នត់គំនិតពន្លកបៃតង
ឯកឧត្តម ង៉ូវ បូរីណា រដ្ឋលេខាធិការក្រសួងបរិស្ថាន តំណាងដ៏ខ្ពង់ខ្ពង់ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តិក្រសួងបរិស្ថានបានដឹកនាំក្រុមការងារនាំយកកូនឈើជាច្រើនប្រភេទចំនួន៧៥០ដេីម ចែកជូនចុងភៅ សេង ហុកហេង និងបរិស្ថាន មន្រ្តីមូលដ្ឋានដើម្បីធ្វើការដាំដុះនៅលើផ្ទៃដីមួយកន្លែងស្ថិតនៅភូមិត្រពាំងនាន់ ឃុំសំបូរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ នាវេលាព្រឹកថ្ងៃសៅរ៍ ១២រោច ខែស្រាពណ៏ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹង ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៤។
គូសបញ្ជាក់ផងដែរថា បម្រែបម្រួលអាកាសធាតុ គ្រោះរាំងស្ងួត គ្រោះទឹកជំនន់ជាគ្រោះមហន្តរាយធម្មជាតិដែលតបស្នងមកវិញដោយការបំផ្លាញធម្មជាតិ និងបរិស្ថានជុំវិញពិភពលោក។ ជាពិសេសការកាប់បំផ្លាញព្រៃឈើ និងការទុកដាក់កាកសំណល់ផ្សេងៗនាំឱ្យឧស្ម័នមេតានអាចសាយភាយទៅក្នុងបរិយាកាសដែលបង្កឱ្យផែនដីកាន់តែឡើងកម្ដៅ។
ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការ មានប្រសាសន៏ថា ដើម្បីកាត់បន្ថយការឡើងកម្ដៅផែនដីក៏ដូចជាទប់ស្កាត់នៃការឡើងកំដៅ ហេីយអ្វីដែលយើងត្រូវធ្វើគឺការថែរក្សាបរិស្ថាន ការទប់ស្កាត់នូវការកាប់បំផ្លាញព្រៃឈើ និងដាំស្តារព្រៃឈើជំនួសមកវិញ។ ហើយយុទ្ឋនាការនៅក្នុងថ្ងៃនេះគឺជាការបណ្តុះផ្នត់គំនិតពន្លកបៃតងដល់ប្រជាសហគមន៏គ្រប់មូលដ្ឋានទាំងអស់មានផ្នត់គំនិតនាំគ្នាចូលរួមដាំកូនឈើឱ្យបានច្រើន។
ជាមួយគ្នានេះដែរ ឯកឧត្តមរដ្ឋលេខាធិការក៏សូមថ្លែងអំណរគុណដល់ក្រុមហ៊ុនចុងភៅ សេង ហុកហេង ដែលតែងតែចូលរួមជាមួយក្រសួងបរិស្ថានក្នុងយុទ្ឋនាការ កម្ពុជាស្អាត កម្ពុជាបៃតង ខ្មែរធ្វើបាន។
ជាចុងក្រោយ ក្រសួងបរិស្ថានបានរួមគ្នាជាមួយប្រធាន និងក្រុមហ៊ុនចុងភៅរួមទាំងមន្ដ្រីមូលដ្ឋានប្រមាណជាង ៧០នាក់បានប្ដេជ្ញា គាំទ្រ លេីកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា ឡាវ វៀតណាម CLV-DTA ផងដែរ។