ពិធីប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង អធិការ អធិការរង និងណែនាំជំនាញដល់មន្ត្រី អធិការដ្ឋាននគរបាលស្រុកទ្រាំង នៃខេត្តតាកែវ

1
ខេត្តតាកែវ​៖​ នាព្រឹកថ្ងៃអង្គារ ០៤រោច ខែជេស្ឋ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២០ ដោយបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គស្នងការនគរបាលជាតិ និងឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គស្នងការរង និងជាប្រធាននាយកដ្ឋានបុគ្គលិក ឲ្យស្នងការដ្ឋាននគរបាលខេត្តតាកែវ រៀបចំ”ពិធីប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង អធិការ អធិការរង និងណែនាំជំនាញដល់មន្ត្រី អធិការដ្ឋាននគរបាលស្រុកទ្រាំង”នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ ។

ពិធីនេះដែរស្ថិតក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោក ឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ និងលោក ឈួន ផាន់នី អភិបាល នៃគណៈអភិបាលស្រុកទ្រាំង ដោយមានការអញ្ជេីញចូលរួមពីៈ លោក ឧត្តមសេនីយ៍ត្រី វរសេនីយ៍ឯក ជាស្នងការរង លោក នាយការិយាល័យពាក់ព័ន្ធ លោក លោកស្រី ប្រធានការិយាល័យជុំវិញស្រុក លោកប្រធានក្រុមប្រឹក្សាស្រុក លោកមេឃុំ លោកមេបញ្ជាការកងរាជអាវុធហត្ថស្រុក លោកមេបញ្ជាការផ្នែកសឹករងស្រុក លោកនាយប៉ុស្តិ៍នគរបាលទាំង១៤ប៉ុស្តិ៍ កម្លាំងប្រជាការពារភូមិ និងមន្រ្តីពាក់ព័ន្ធជាច្រើនរូប។

ថ្លែងក្នុងឱកាសនោះលោក ឧត្តមសេនីយ៍ទោ ស្នងការ បានណែនាំ និងជម្រុញឲ្យលោកអធិការ អធិការរង ទើបទទួលបានការតែងតាំងថ្មី ត្រូវតែចេះសាមគ្គីភាពផ្ទៃក្នុង ព្រមទាំងខិតខំយកចិត្តទុកដាក់បំពេញតួនាទីភារកិច្ច ដែលថ្នាក់លើប្រគល់ជូន និង ជាពិសេសការពារសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាព ចេញល្បាតចល័តជាប្រចាំ២៤ម៉ោងលើ២៤ម៉ោង ក្នុងភូមិសាស្រ្តស្មុគស្មាញងាយរងគ្រោះ និងផ្តល់សេវាសាធារណៈជូនបង ប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានឲ្យបានទាន់ពេលវេលា ក៏ដូចជាបន្តអនុវត្តន៍គោលនយោបាយ ភូមិ ឃុំ មានសុវត្ថិភាពឲ្យបានល្អប្រសើរបន្ថែមទៀត ជាចុងក្រោយលោកឧត្តមសេនីយ៍ទោ ស្នងការ បានណែនាំ ត្រូវតែយកចិត្តទុកដាក់ថែរក្សាការពារអនាម័យឲ្យបានខ្ជាប់ខ្ជួនជានិច្ច ក្នុងគោលបំណងបង្ការទប់ស្កាត់ការឆ្លងរីករាលដាល នៃជំងឺ(កូវីដ-១៩)ផងដែរ៕

WhatsAppProtopage BookmarksTwitterLinkedInLinePinterestGoogle BookmarksTelegramFacebookCopy LinkFacebook MessengerShare
WhatsAppProtopage BookmarksTwitterLinkedInLinePinterestGoogle BookmarksTelegramFacebookCopy LinkFacebook MessengerShare