បទល្មើសយ៉ាងពាសពេញផ្ទៃបឹងទន្លេសាបក្នុងខេត្តកំពង់ធំនារដូវបិទនេសាទនេះមិនមានឃើញមន្ត្រីជំនាញពាក់ព័ន្ធណាចុះបង្ក្រាប និងទប់ស្កាត់ប្រជាពលរដ្ឋជាអ្នកនេសាទលក្ខណៈគ្រួសារទាល់តែសោះ
(ខេត្តកំពង់ធំ)៖ ក្រោយពីទទួលបានព័ត៌មាន ខ្សឹបប្រាប់ពីប្រជាពលរដ្ឋ ក្រុមការងារសារព័ត៌មានរបស់យើងបានចុះទៅផ្ដិតយករូបភាពជាក់ស្ដែងដល់ទីតាំងបទល្មើសដែលកំពុងកើតមានយ៉ាងពេញបន្ទុកនៅក្នុងរដូវបិទនេសាទនេះ មានទាំងរបាំងណរ៉ាវវេងៗ ហួសពីការអនុញ្ញាតក្នុងរដូវបើកទៅទៀត ហើយរបាំងក្រឡាញ់ញឹករាប់រយខ្សែព្រមទាំងមានក្រុមអ្នកដាក់លបកែច្នៃហៅថាលបព្រើស១០០ ជាច្រើនក្រុមមកពីតំបន់ផ្សេងៗ មានអ្នកមកពីខេត្តកំពង់ឆ្នាំង និងអ្នកខេត្តកំពង់ធំ និងមានក្រុមទូកកាវលៀសជាច្រើនទូកពេញផ្ទៃទន្លេដែលទូកខ្លះមកពីខេត្តពោធិ៍សាត់ និងទូកខ្លះទៀតមកពីខេត្តកំពង់ឆ្នាំងកំពុងធ្វើសកម្មភាពយ៉ាងរំភើយក្នុងឃុំផាត់សណ្ដាយ ស្រុកកំពង់ស្វាយ ហើយទីតាំងបទល្មើសទាំងអស់នេះមានចាប់ពីចំណុចអូរតាសោម ចំំណុចចុងព្រែកខ្សាច់ ចំណុចក្រឡុកបាយក្អែក ចំណុចចុងអ៊ូ ចំណុចមុខទ្វាបឹង និងចំណុចផ្សោតរហូតទៅទល់នឹងភូមិបាទាល់ជាប់នឹងព្រំប្រទល់ឃុំពាមបាង ស្រុកស្ទូង ខេត្តកំពង់ធំ ។
ពាក់ព័ន្ធនឹងចំណុចបទល្មើសខាងលើនេះប្រភពពីប្រជាពលរដ្ឋដដែលបានឱ្យដឹងថា មានអ្នកសារព័ត៌មានជាអ្នករត់ការផង និងមេការម្ចាស់របាំងដែលជាប្រធានសហគមន៍ប្រចាំភូមិផាត់សណ្ដាយជាអ្នករត់ការបិទមាត់ជំនាញពាក់ព័ន្ធជាថ្នូរមិនបង្ក្រាបប្រជាពលរដ្ឋ សូមស្នើដល់លោកប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ធំហ្នឹងឯកឧត្តម អភិបាលខេត្តដែលជាប្រធានគណៈបញ្ជាការឯកភាពខេត្ត ជួយពិនិត្យ និងដាក់អធិការកិច្ចទប់ស្កាត់បទល្មើសទាំងនេះផងក្នុងរដូវបិទនេសាទ ពាក្យស្នើសុំទាំងអស់នេះគឺប្រជាពលរដ្ឋបានលើកឡើងមកអង្គភាពសារព័ត៌មានរបស់យើងដែលបានចុះទៅដល់ទីតាំងបទល្មើសផ្ទាល់ទាំងអស់នោះ។
គួរបញ្ជាក់ផងដែរថា កន្លងមកថ្មីៗនេះប្រមុខរាជរដ្ឋាភិបាលក៏ដូចជារាជរដ្ឋាភិបាលទាំងមូល បានប្រឹងប្រែង និងដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ ដើម្បីទប់ស្កាត់រាល់បទល្មើសក្នុងរដូវបិទនេសាទប៉ុន្តែជាក់ស្ដែងគឺបទល្មើសនៅតែមានកើនឡើងជាលំដាប់ក្នុងតំបន់ចំណុចខាងលើនេះដោយគ្មានការអន់ថយនោះឡើយហើយប្រជាពលរដ្ឋក៏បានងឿយឆ្ងល់ថា មន្ត្រីពាក់ព័ន្ធទប់ស្កាត់បទល្មើសហេតុអ្វីបណ្ដែតបណ្ដោយឱ្យមានឧបករណ៍ល្មើសបែបនេះនៅក្នុងដែនគ្រប់គ្រងរបស់ខ្លួន នេះជាការត្រូវរ៉ូវគ្នាជាប្រព័ន្ធហើយមែនទេ? បានជាមិនបង្ក្រាបឬក៏ហាមឃាត់បែរជាកើនឡើងទៅវិញក្នុងរដូវបិទនេសាទនេះ។
ការចុះផ្សាយស្ដីពីបទល្មើសនេសាទខាងលើនេះ យើងខ្ញុំជាអ្នកសារព័ត៌មានគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំងបង្ហាញការពិតជូនថ្នាក់ដឹកនាំ តាមអ្វីដែលជាការរាយការណ៍ និងការស្នើសុំ របស់ប្រជាពលរដ្ឋជាអ្នកនេសាទជាលក្ខណៈគ្រួសារតែប៉ុណ្ណោះ អង្គភាពសារព័ត៌មានយើងខ្ញុំរង់ចាំទទួលការស្រាយបំភ្លឺពីអ្នកពាក់ព័ន្ធរៀងរាល់ម៉ោងធ្វើការតាមច្បាប់ស្តីពីរបបសារព័ត៌មាននៃកម្ពុជា ។ សូមអរគុណ!