មន្ត្រីជំនាញខណ្ឌរដ្ឋបាលព្រៃឈើ ចាប់បានស្ត្រីវ័យចំណាស់ម្នាក់ដែលល្បីរឿងជួញដូរសាច់សត្វព្រៃ និងសិប្បកម្មឈើក្នុងខេត្តមណ្ឌលគិរី
(មណ្ឌលគិរី)៖ ស្ត្រីវ័យចំណាស់ម្នាក់ត្រូវសមត្ថកិច្ចខណ្ឌរដ្ឋបាលព្រៃឈើឃាត់ខ្លួនបានកាលពីព្រឹកថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២៤ ស្ត្រីមានវ័យចំណាស់ដែលត្រូវរដ្ឋបាលខណ្ឌព្រៃឈើឃាត់ខ្លួននោះត្រូវបានគេស្គាល់ថាមាន រហស្សនាម (យាយម៉ាប់) ដែលកំពុងដឹកសាច់សត្វព្រៃចេញពីប្រភពឃុំមេម៉ង់ ស្រុកកែវសីមា ចូលខេត្តមណ្ឌលគិរីដើម្បីធ្វើការចែកចាយលក់ទៅឱ្យឈ្មួញបន្ត។
តាមប្រភពបានឱ្យដឹងថា មុនពេលការស្ទាក់ចាប់បាន សមត្ថកិច្ចបានដេញយ៉ាងប្រផាប់ ប្រភីងក៏ស្ទាក់រថយន្តជនល្មើសអស់លក្ខណ៍ទៅមុខលែងរួចទើបសមត្ថកិច្ចចាប់បាននៅចំណុចខាងមុខមន្ទីរសាធារណការក្នុងក្រុងសែនមនោរម្យបន្ទាប់មកមន្ត្រីជំនាញក៏បានឆែករកឃើញក្នុងរថយន្តមានសាច់ជ្រូកព្រៃចំនួន ២៥ គីឡូក្រាម និងសត្វកាំប្រម៉ាដែលរោលហើយចំនួនពីរក្បាលស្មើ០៥គីឡូក្រាម។ បន្ទាប់ពីសមត្ថកិច្ចបានឆែកឆេររួចមក វត្ថុតាង ទាំងរថយន្ត និងមនុស្សត្រូវបានបញ្ជូនទៅកាន់ស្នាក់ការរដ្ឋបាលព្រៃឈើខេត្តមណ្ឌលគិរីដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់ ។
បើយោងតាមប្រភពបានឱ្យដឹងទៀតថា ស្ត្រីវ័យចំណាស់ដែលមានរហស្សនាម (យាយម៉ាប់) គឺជាឈ្មួញដុះស្លែល្បីឈ្មោះខាងជួញដូរសាច់សត្វព្រៃ និងព្រៃឈើនៅក្នុងខេត្តមណ្ឌលគិរីដោយគ្មានសមត្ថកិច្ចណាហ៊ានក្អក និងប៉ះពាល់ឡើយ។
កាលពីពេលថ្មីៗនេះផងដែរ រដ្ឋមន្ត្រីក្រសួង បរិស្ថាន ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានដាក់បញ្ជាឱ្យអនុវត្តច្បាប់តឹងរ៉ឹងចំពោះឧក្រិដ្ឋជនជួញដូរសាច់សត្វព្រៃ ការកាប់ព្រៃឈើ និងទន្ទ្រានដីព្រៃដោយខុសច្បាប់ត្រូវតែផ្ដន្ទាទោសតាមច្បាប់ជាធរមាន។
មហាជនរងចាំមើលថា តើពេលនេះសមត្ថកិច្ច នឹងចាត់វិធានការទៅលើបុគ្គល(យាយម៉ាប់) ដោយរបៀបណា? ព្រោះយាយម៉ាប់ក៏មានអំណាចឥទ្ធិពលមានខ្សែបក្សពួក មិនណយដែរនៅក្នុងខេត្តនេះឮថាយាយម៉ាប់នេះជាក្រុមប្រឹក្សាឃុំមេម៉ង់ផងក៏ប៉ុន្តែយាយម៉ាប់ម្នាក់នេះមិនដែលមកធ្វើការនៅសាលាឃុំម្តងណាឡើយ គឺរកសុីតែបទល្មើស សិប្បកម្មអារឈើ ដឹកឈើ និងជួញដូរសាច់សត្វព្រៃដុះស្លែរាប់ឆ្នាំមកហើយមិនដែលឃើញសមត្ថកិច្ចពាក់ព័ន្ធចាប់បានម្តងណាទេ។
ប្រជាពលរដ្ឋបានសំណូមពរដល់លោកអភិបាលស្រុកកែវសីម៉ាជួយពិនិត្យមើលទង្វើរបស់យាយម៉ាប់នេះផងទាន។ ទាក់ទងករណីខាងលើអង្គភាពយើងកាលពីរសៀលថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៤ អង្គភាពយើងបានទូរស័ព្ទទៅលោកមេឃុំមេម៉ង់ក៏ប៉ុន្តែពុំអាចទំនាក់ទំនងបានឡើយ។
អង្គភាពយើងខ្ញុំគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំង និងព្រាបនាំសារជូនថ្នាក់ដឹកនាំ និងរាជរដ្ឋាភិបាលតែប៉ុណ្ណោះ អង្គភាពយើងខ្ញុំរង់ចាំការបកស្រាយបំភ្លឺជុំវិញភាគីពាក់ព័ន្ធរៀងរាល់ម៉ោងធ្វើការតាមច្បាប់របបអ្នកសារព័ត៌មាននៅកម្ពុជា។ សូមអរគុណ!