ឯកឧត្តមបណ្ឌិត ជា ដែន ប្រធានកិត្តិយស សមាគមអភិវឌ្ឍន៍វិជ្ជាជីវៈអ្នកសារព័ត៌មានកម្ពុជា និងជាប្រធានស្តីទី សមាគមសម្ព័ន្ធ​អភិវឌ្ឍន៍ពាណិជ្ជកម្មកម្ពុជា (Cambodia Commercial Alliance Development Association – CCADA) បានចុះនាំយកអំណោយជូនដល់សិស្សានុសិស្សរួមទាំងលោកគ្រូ អ្នកគ្រូ ក្នុងសាលាបឋមសិក្សាកងមាស

(ខេត្តកំពង់ឆ្នាំង)៖ នារសៀលថ្ងៃសៅរ៍ ១១ រោច ខែចេត្រ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត ជា ដែន ប្រធានកិត្តិយស សមាគមអភិវឌ្ឍន៍វិជ្ជាជីវៈអ្នកសារព័ត៌មានកម្ពុជា និងជាប្រធានស្តីទី សមាគមសម្ព័ន្ធ​អភិវឌ្ឍន៍ពាណិជ្ជកម្មកម្ពុជា (Cambodia Commercial Alliance Development Association – CCADA) រួមជាមួយសមាជិក សមាជិកាបាននាំយកអំណោយមួយចំនួន និងសំភារៈសិក្សាផ្សេងៗជាច្រើនទៀតៗ ព្រមទាំងថវិកាមួយចំនួនផងដែរចែកជូនដល់សិស្សានុសិស្សរួមទាំងលោកគ្រូ អ្នកគ្រូ ក្នុងសាលាបឋមសិក្សាកងមាស ស្ថិតនៅ ភូមិកងមាស ឃុំគោកបន្ទាយ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។

ក្នុងនោះផងដែរ អំណោយ និងសំភារៈសិក្សាផ្សេងៗដែលឯកឧត្ដមបណ្ឌិតនាំយកផ្ដល់ជូនរួមមាន៖
– លោកគ្រូ អ្នកគ្រូចំនួន ០៤នាក់ថវិកា ២៥ម៉ឺនរៀល 
– សិស្សានុសិស្សចំនួន ២១៤នាក់ ក្នុងមួយនាក់ទទួលបានសៀវភៅចំនួន០២ក្បាល ប៊ិច១ដើម ខ្មៅដៃ០១ដើម ថវិកាចំនួន ៥០០០រៀលរួមទាំងនំចំណី និងភេសជ្ជៈ ផ្សេងៗជាច្រើនទៀត។ 

ជាពិសេសឯកឧត្ដមបណ្ឌិតក៏បានឧបត្ថម្ភថវិកាចំនួន ៥០ម៉ឺនរៀល សម្រាប់ចាក់ដីក្នុងទីធ្លាសាលារៀនព្រមទាំងឧបត្ថម្ភថវិកាចំនួន ២០ម៉ឺនរៀលសម្រាប់រៀបចំតារាងបាល់ទះជូនក្មួយៗ សិស្សានុសិស្សទុកលេងកីឡាផងដែរ  ។

ដោយឡែក សម្រាប់សិស្សានុសិស្សដែលរៀនពូកែ និងសិស្សកំព្រាក៏ទទួលបានអំណោយបន្ថែមជូនជា សំលៀកបំពាក់សិស្សដូចជាកាតាប និងសំភារៈសិក្សាផ្សេងៗ ជាការលើកទឹកចិត្ត  ។

លោកគ្រូ អ្នកគ្រូ និងកូនក្មួយសិស្សានុសិស្ស ដែលនៅក្នុងសាលាបឋមសិក្សាកងមាសពិតជាមានសេចក្ដីរីករាយណាស់ហើយក៏បានសូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត និងសូមគោរពជូនពរឯកឧត្តមបណ្ឌិត និងក្រុមការងារឱ្យមានសុខភាពល្អ សំណាងល្អ និងជួបតែពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លាងឃ្លៀតឡើយ។

ជាពិសេសព្រមទាំងបានស្នើសុំឱ្យឯកឧត្ដមបណ្ឌិតបន្តធ្វើសកម្មភាពមនុស្សធម៍បែបនេះជាបន្តបន្ទាប់ទៀតដើម្បីជួយដល់កូនក្មួយសិស្សានុសិស្ស និងលោកគ្រូ អ្នកគ្រូព្រមទាំងបានជួយលើកស្ទួយវិស័យអប់រំនៅកម្ពុជាឱ្យកាន់តែមានការរីកចម្រើនបន្ថែមទៀត និងជាពិសេសជាផ្នែកមួយដ៏សំខាន់ក្នុងការចូលរួមចំណែកជួយដល់រាជរដ្ឋាភិបាលឱ្យកាន់តែមានភាពរុងរឿង និងសម្បូរពោរពេញទៅដោយធនធានមនុស្សដែលមានសមត្ថភាព គុណភាព គុណតម្លៃ និងគុណធម៌ខ្ពស់រស់នៅក្រោមម្លប់នៃសន្តិភាពដ៏ត្រជាក់ត្រជុំនេះផងដែរ ។

WhatsAppProtopage BookmarksTwitterLinkedInLinePinterestGoogle BookmarksTelegramFacebookCopy LinkFacebook MessengerShare
WhatsAppProtopage BookmarksTwitterLinkedInLinePinterestGoogle BookmarksTelegramFacebookCopy LinkFacebook MessengerShare