ស្ដ្រីមានជំងឺដុំសាច់លើដោះជាង ១៣ឆ្នាំ គ្មានថវិកាព្យាបាល ពេលនេះបញ្ជូនមកដល់មន្ទីរពេទ្យកាល់ម៉ែតហើយត្រៀមវះកាត់ដោយឥតគិតថ្លៃក្រោមការជួយជ្រោមជ្រែងពីសម្ដេចតេជោ ហ៊ុន សែន

(ភ្នំពេញ)៖ នៅថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២៤នេះ បន្ទាប់ពីបានឃើញការបង្ហោះតាមបណ្ដាញសង្គមអំពីអ្នកជំងឺម្នាក់ឈ្មោះ គង់ សារុំ ភេទស្រី អាយុ ៤៧ឆ្នាំ រស់នៅស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ដែលមានជំងឺដុំសាច់នៅដោះខាងស្ដាំជាង ១៣ឆ្នាំ ហើយអ្នកជំងឺមានស្ថានភាពក្រីក្រលំបាកគ្មានទីពឹង សម្ដេចតេជោ ហ៊ុនសែន ប្រធានព្រឹទ្ធសភាកម្ពុជា បានណែនាំឱ្យលោកសាស្ដ្រាចារ្យ ឈាង រ៉ា រដ្ឋមន្ដ្រីក្រសួងសុខាភិបាល ធ្វើការស្រាវជ្រាវ និងឈានដល់រកអ្នកជំងឺឃើញព្រមទាំងបញ្ជូនមកព្យាបាលភ្លាមៗ នៅមន្ទីរពេទ្យកាល់ម៉ែតផងដែរ។

លោកសាស្ដ្រាចារ្យ ឡឹម តារា រដ្ឋលេខាធិការក្រសួងសុខាភិបាល បានបញ្ជាក់ប្រាប់បណ្ដាញព័ត៌មាននៅយប់ថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២៤នេះថា «បន្ទាប់ពីទទួលបាននូវព័ត៌មានអំពីអ្នកជំងឺខាងលើនេះពីសម្ដេចតេជោ ហ៊ុន សែន ដែលបានចាត់ឱ្យលោកសាស្ដ្រាចារ្យរដ្ឋមន្ដ្រីសុខាភិបាលចុះធ្វើការស្រាវជ្រាវរកស្ដ្រីជាអ្នកជំងឺខាងលើនេះមកព្យាបាល ពេលនេះក្រុមគ្រូពេទ្យរបស់យើង បានចុះទៅដល់ផ្ទះរបស់អ្នកជំងឺដោយផ្ទាល់ និងបានអញ្ជើញគាត់មកទទួលការពិនិត្យព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែតហើយគាត់ក៏បានមកដល់មន្ទីរពេទ្យកាលពីល្ងាចមិញនេះ។ ឥឡូវនេះយើងកំពុងធ្វើការពិនិត្យ និងព្យាបាលជូនគាត់ដើម្បីត្រៀមធ្វើការវះកាត់នៅព្រឹកថ្ងៃស្អែកនេះហើយចំពោះការព្យាបាលទាំងអស់គឺដោយឥតគិតថ្លៃ» ៕

WhatsAppProtopage BookmarksTwitterLinkedInLinePinterestGoogle BookmarksTelegramFacebookCopy LinkFacebook MessengerShare
WhatsAppProtopage BookmarksTwitterLinkedInLinePinterestGoogle BookmarksTelegramFacebookCopy LinkFacebook MessengerShare