ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថានបើកកិច្ចប្រជុំពង្រឹងការងារគ្រប់គ្រង និងអភិរក្សតំបន់ប្រើប្រាស់ច្រើនយ៉ាងសំឡូត និងដែនជម្រកសត្វព្រៃភ្នំសំកុសក្នុងភូមិសាស្ត្រខេត្តបាត់ដំបង

ថ្ងៃអាទិត្យ ១៣រោច ខែកត្តិក ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៩ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានអញ្ជើញដឹកនាំកិច្ចប្រជុំស្តីពី «ការពង្រឹងការងារគ្រប់គ្រងតំបន់ប្រើប្រាស់ច្រើនយ៉ាងសំឡូត និងដែនជម្រកសត្វព្រៃភ្នំសំកុស» នៅសាលាស្រុកសំឡូត ខេត្តបាត់ដំបង ។

កិច្ចប្រជុំនេះមានការចូលរួមពីសំណាក់លោក អ៊ុយ សុធាវី អភិបាលរងនៃគណៈអភិបាលខេត្តបាត់ដំបង លោក ធូ ភា អភិបាលរងនៃគណៈអភិបាលខេត្តបៃលិន លោកប្រធានមន្ទីរបរិស្ថានខេត្ត លោក សើ សាម៉េត អភិបាលស្រុកសំឡូត និងដោយមានការចូលរួមពីសំណាក់មន្រ្តីនៃក្រសួងបរិស្ថាន និងអាជ្ញាធរមូលដ្ឋានជាច្រើនរូបផងដែរ។

ឯកឧត្តមរដ្ឋមន្ត្រី សាយ សំអាល់ បានថ្លែងថាកិច្ចប្រជុំនេះមានគោលដៅផ្តោតសំខាន់ទៅលើការទប់ស្កាត់ និងបង្ក្រាបការទន្រ្ទាន និងកាន់កាប់ដីធ្លីដោយខុសច្បាប់នៅក្នុងតំបន់ប្រើប្រាស់ច្រើនយ៉ាងសំឡូត និងដែនជម្រកសត្វព្រៃភ្នំសំកុស» ក្នុងភូមិសាស្ត្រ ស្រុកសំឡូត ខេត្តបាត់ដំបង។ ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្រ្តី នឹងពិនិត្យ និងចូលរួមដោះស្រាយបញ្ហាប្រឈមមួយចំនួន ដែលបាននិងកំពុងកើតមានទាក់ទងនឹងការគ្រប់គ្រង និងអភិរក្សធនធានធម្មជាតិ និងព្រមទាំងចូលរួមក្នុងការអភិវឌ្ឍសហគមន៍ការពារធម្មជាតិដើម្បីលើកកម្ពស់ជីវភាពប្រជាសហគមន៍ តាមរយៈការគិតគូរពីការធ្វើហេដ្ឋារចនាសម្ព័ន្ធនានា ដែលក្នុងនោះរួមទាំងគម្រោងទឹកស្អាត ការផ្តល់នូវចំណេះដឹងលើការចិញ្ចឹមសត្វ ដើម្បីប្រជាសហគមន៍អាចដោះស្រាយជីវភាពរស់នៅបានធូរធាផងដែរ។

គួរបញ្ជាក់ថាតំបន់ប្រើប្រាស់ច្រើនយ៉ាងសំឡូតមានភូមិសាស្ត្រស្ថិតក្នុងខេត្តបាត់ដំបងមួយផ្នែក និងខេត្តប៉ៃលិនមួយផ្នែកដែលមានផ្ទៃដីសរុបចំនួន ៦០ ០០០ ហិកតា ហើយដែនជម្រកសត្វព្រៃភ្នំសំកុសមានទីតាំងស្ថិតក្នុងខេត្តបាត់ដំបង ពោធិ៍សាត់ និងកោះកុង មានផ្ទៃដីទំហំ ៣៣៥ ៧៥០ ហិកតា ៕

WhatsAppProtopage BookmarksTwitterLinkedInLinePinterestGoogle BookmarksTelegramFacebookCopy LinkFacebook MessengerShare
WhatsAppProtopage BookmarksTwitterLinkedInLinePinterestGoogle BookmarksTelegramFacebookCopy LinkFacebook MessengerShare