
អភិបាលខេត្តប៉ៃលិនដឹកនាំមន្រ្តីចុះពិនិត្យមើលរោងចក្រកែច្នៃផ្លែស្វាយរបស់ជនជាតិចិនដែលបង្ហូរទឹកស្អុយប៉ះពាល់ដល់ប្រជាពលរដ្ឋក្នុងភូមិអូររអិល
(ខេត្តប៉ៃលិន)៖ ក្រោយពេលប្រជាពលរដ្ឋនាំគ្នាផ្តិតមេដៃដើម្បីសុំការដោះស្រាយបន្ទាន់រហូតដល់វេលាម៉ោង ០៥:០០នាទីល្ងាចនាថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៣ និងមានសារព័ត៌មានចុះផ្សាយពាក់ព័ន្ធនឹងករណីទឹកស្អុយប៉ះពាល់បរិស្ថាន ឯកឧត្តម សៅ សារ៉ាត់ អ្នកតំណាងរាស្ត្រមណ្ឌលខេត្តប៉ៃលិន លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិនព្រមទាំងក្រុមការងារមន្ទីរជំនាញជុំវិញខេត្តមួយចំនួនបានចុះត្រួតពិនិត្យរោងចក្រកែច្នៃផ្លែស្វាយរបស់ជនជាតិចិនមួយកន្លែងដែលស្ថិតនៅភូមិអូររអិល ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ដែលប្រជាពលរដ្ឋរស់នៅភូមិអូររអិលចំនួន៩៩គ្រួសារបាននាំគ្នាផ្ដិតមេដៃប្ដឹងទៅថ្នាក់ដឹកនាំឱ្យជួយរកដំណោះស្រាយ និងមានចំណាត់ការទៅលើរោងចក្រកែឆ្នៃផ្លែស្វាយខាងលើដែលបានបង្ហូរកាកសំណល់ជ័រស្វាយ ដែលកែច្នៃដោយហូរចូលទៅក្នុងប្រឡាយទឹកខណ:ដែលប្រជាពលរដ្ឋប្រើប្រាស់រាល់ថ្ងៃបង្កឱ្យមានផលប៉ះពាល់ធ្ងន់ធ្ងរដល់ជីវភាពប្រជាពលរដ្ឋ ដូចជា មានជះក្លិនស្អុយឈួលឈ្លក់បង្កទៅជាជំងឺរោគា រលាកផ្លូវដង្ហើម ថប់ដង្ហើម ដល់ប្រជាពលរដ្ឋ ធ្វើឱ្យទឹកប្រឡាយមានក្លិនស្អុយប្រើប្រាស់លែងកើត។
ប្រភពដដែលបានបន្តទៀតថា ក្រោយពេលចុះពិនិត្យដល់ទីតាំង អាជ្ញាធរជំនាញបានឱ្យមន្រ្តីក្រោមឱវាទណែនាំដល់ម្ចាស់ក្រុមហ៊ុនចិនខាងលើឱ្យរៀបចំធ្វើអាងស្តុកទឹកស្អុយបង្ហូរចូលឱ្យបានត្រឹមត្រូវដោយមិនត្រូវឱ្យទឹកស្អុយមានសារធាតុគីមីបែបនេះហូរចូលទៅក្នុងប្រឡាយឬអូរ ដែលប្រជាពលរដ្ឋប្រើប្រាស់នោះឡើយ។ លើសពីនេះ អាជ្ញាធរក៏បានសុំឱ្យប្រជាពលរដ្ឋខាងលើ ថែរក្សាសុខភាពផ្ទាល់ខ្លួនដើម្បីជៀសវាងពីកើតជំងឺផ្សេងៗផងដែរ៕