
អំណោយរបស់លោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន ស្នងការនគរបាលខេត្តព្រៃវែងត្រូវបានប្រគល់ជូនដល់អ្នកមីង វែង ស្រេង ដែលរងគ្រោះឆេះផ្ទះខ្ទេចតាមរយ:លោក អ៊ុង ផាន អធិការនគរបាលស្រុកស្វាយអន្ទរ
(ខេត្តព្រៃវែង)៖ បន្ទាប់ពីបានទទួលរបាយការណ៍ថាមានករណីឆេះផ្ទះពលរដ្ឋនៅស្រុកស្វាយអន្ទរលោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន ស្នងការនគរបាលខេត្តព្រៃវែងបានប្រគល់អំណោយជូនដល់អ្នកមីង វែង ស្រេង ដែលរងគ្រោះដោយភ្លើងឆេះផ្ទះតាមរយ:លោក អ៊ុង ផាន អធិការនគរបាលស្រុកស្វាយអន្ទរដោយមានអង្ករ ៥០គីឡូក្រាម និងថវិកា៣០ម៉ឺនរៀលដែលជាទឹកចិត្តដ៏ថ្លៃថ្លារបស់ឯកឧត្តមដែលសរបញ្ជាក់ឱ្យឃើញថាជាទឹកចិត្តដ៏ល្អជាមួយពលរដ្ឋ។
ផ្ទះក្បឿងមួយខ្នងទំហំ៨ម៉ែត្រ គុណ៨ម៉ែត្រ ធ្វើពីឈើជញ្ជាំងសង្ក័សីត្រូវបានអគ្គិភ័យឆាបឆេះនៅសល់តែផេះផង់ដោយសារតែម្ចាស់ផ្ទះអុជធូបសែនថ្ងៃសីលហើយដើរចោលពុំបាននៅមើល ។
អគ្គិភ័យនេះបានឆាបឆេះឡើងកាលពីវេលាម៉ោង១០:៣០នាទីនាព្រឹកថ្ងៃទី១៤ មីនា នៅចំណុចភូមិព្រៃខ្លាទី១ ក្នុងឃុំព្រៃខ្លា ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង ។ ម្ចាស់ផ្ទះដែលត្រូវភ្លើងឆេះនេះមានឈ្មោះ វែង ស្រេង ភេទស្រី អាយុ៥១ឆ្នាំ រស់នៅជាមួយចៅតូចម្នាក់ក្នុងបន្ទុក។
តាមការរៀបរាប់របស់ស្ត្រីជាម្ចាស់ផ្ទះ មុនពេលកើតហេតុនោះ គាត់បានរៀបចំផ្លែឈើ នំចំណីដាក់សែននៅលើផ្ទះព្រោះថ្ងៃនេះជាថ្ងៃសីលដែលគាត់តែងធ្វើជាប្រចាំ។ ក្រោយពីរៀបចំនំចំណីរួចគាត់ក៏អុជធូបសែនដូចធម្មតារួចហើយក៏នាំចៅចុះពីផ្ទះដើរទៅអង្គុយលេងផ្ទះញាតិជិតខាងនៅខាងមុខ ។
លុះមួយសន្ទុះក្រោយមកក៏ឃើញមានផ្សែងខ្មៅខ្មួលខ្មាញ់នៅលើមេឃច្រើនហើយឃើញ
ក្មេងៗផ្អើលឈូឆរមិនដឹងមានរឿងអីដល់ពេលសំឡឹងមើលទៅផ្ទះខ្លួនឯងក៏ស្រាប់តែឃើញភ្លើងឆេះពេញបន្ទុកទៅហើយទើបនាំគ្នាស្រែកឆោឡោឡើង អ្នកខ្លះនាំគ្នាយកទឹកទៅជួយយពន្លត់ហើយខ្លះទៀតទាក់ទងទៅសមត្ថកិច្ចហៅឡានទឹកមកជួយប៉ុន្តែទម្រាំឡានទឹកមកដល់ភ្លើងឆេះផ្ទះអស់ទៅហើយ។
លោកវរសេនីយឯក អ៊ុង ផាន អធិការនគរបាលស្រុកស្វាយអន្ទរបានអោយដឹងថា ពេលទទួលបានដំណឹងភ្លាម លោកបានបញ្ជាឱ្យរថយន្តពន្លត់អគ្គិភ័យរបស់អធិការស្រុកចេញទៅជួយអន្តរាគមន៍ភ្លាមៗ តែពេលទៅដល់ភ្លើងឆេះពេញបន្ទុកទៅហើយទើបឡានទឹកមិនអាចជួយស្រោចស្រង់ផ្ទះនោះបានគឺបានត្រឹមតែបាញ់ទឹកបញ្ឈប់ភ្លើងមិនឱ្យឆេះរាលដាលទៅផ្ទះអ្នកស្រុកដែលនៅជិតនោះប៉ុណ្ណោះ ។
លោកអធិការបញ្ជាក់ថា កម្លាំងនគរបាលស្រុកបានប្រើប្រាស់ទឹកអស់១ឡាន និងប្រើរយៈពេលកន្លះម៉ោងទើបអាចពន្លត់ភ្លើងបានជាស្ថាពរហើយតាមការបញ្ជាក់របស់ម្ចាស់ផ្ទះ អគ្គីភ័យនេះបានខូចខាតអស់អង្ករ៣បេ ស្រូវ២បេ និងសម្ភារៈមួយចំនួនទៀតដែលសរុបជាតម្លៃអស់ប្រហែល៥០០០ដុល្លារតែទោះយ៉ាងណាអគ្គីភ័យនេះមិនបានបណ្តាលឱ្យមាននរណាម្នាក់រងគ្រោះឡើយ៕