អាជ្ញាធរ និងសមត្ថកិច្ចក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី ប្រហែលត្រូវថ្នាំសណ្តំរបស់មេបនល្បែងស៊ីសងមាន់ជល់អនឡាញអស់ហើយទើបបានជានាំគ្នារក្សាភាពស្ងៀមស្ងាត់បែបនេះ

(ខេត្តមណ្ឌលគិរី)៖ មហាជនបានសំណូមពរដល់លោក ឡោ សុខា ស្នងការខេត្តមណ្ឌលគិរី និងលោកថង សាវុន ចៅហ្វាយខេត្តមណ្ឌលគិរី សូមជួយចាត់វិធានការតាមផ្លូវច្បាប់ចំពោះទីតាំងល្បែងស៊ីសងមាន់ជល់អនឡាញនៅក្នុងតារាងបាល់ទះមួយកន្លែងដែលនៅទល់មុខការ៉ាស់ជួសជុលរថយន្តតារ៉ូយ ស្ថិតនៅភូមិចំការតែសង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរីដែលកំពុងតែលួចលាក់បើកលេងយ៉ាងអនាធិបតេយ្យជាទីបំផុត។

ក្នុងនោះអស់លោកអាជ្ញាធរ និងសមត្ថកិច្ចក្រុងសែនមនោរម្យបាននាំគ្នារក្សាភាពស្ងៀមស្ងាត់ផ្គើននឹងបទបញ្ជារបស់សម្តេចតេជោ ហ៊ុន សែន ស្តីពីការទប់ស្កាត់ និងបង្ក្រាបបទល្មើសល្បែងស៊ីសង នៅទូទាំងរាជធានីខេត្តពិសេសមិនអនុវត្តន៍នូវគោលនយោបាយភូមិឃុំ មានសុវត្ថិភាពរបស់ក្រសួងមហាផ្ទៃទៀតផង ។

សូមជម្រាបថា កាលថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ ២០២២ កន្លងទៅថ្មីៗ​នេះ​ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃកម្ពុជា​បានចេញ​បទបញ្ជា ដាច់ណាត់មួយឱ្យអភិបាលរាជធានីខេត្តទាំង ២៥ ខេត្តក្រុងត្រូវបិទទីតាំងបនល្បែងសុីសងគ្រប់ប្រភេទទាំងអស់ឱ្យខាងតែបាន​ សម្តេច​បានមានប្រសាសន៍យ៉ាងច្បាស់ថា អាជ្ញាធរ​ស្រុក ក្រុង ខេត្តណាដែលមិនទប់​ស្កាត់ និងមិនបង្ក្រាបបទល្មើសល្បែងស៊ីសងនៅ​ក្នុងមូលដ្ឋានរបស់ខ្លួនទេ​ អាជ្ញាធរនិងសមត្ថកិច្ចទាំងនោះនឹងត្រូវប្រឈមបាត់បង់តំណែងទៀតផង ។

មាន់ជល់អនឡាញខាងលើនេះ មហាជនបានដាក់ការសង្ស័យថា អស់លោកអាជ្ញាធរ និងសមត្ថកិច្ចក្រុងសែនមនោរម្យអាចត្រូវថ្នាំសណ្តំពីមេបនល្បែងស៊ីសងមាន់ជល់អនឡាញខាងលើនេះអស់ហើយទេដឹងទើបនាំគ្នារក្សាភាពស្ងៀមស្ងាត់ផ្គើននឹងបទបញ្ជារបស់សម្តេចតេជោ និងក្រសួងមហាផ្ទៃបែបនេះ។

WhatsAppProtopage BookmarksTwitterLinkedInLinePinterestGoogle BookmarksTelegramFacebookCopy LinkFacebook MessengerShare
WhatsAppProtopage BookmarksTwitterLinkedInLinePinterestGoogle BookmarksTelegramFacebookCopy LinkFacebook MessengerShare