គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយ បានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារគ្រប់គ្រងគ្រោះមហន្ដរាយឆ្នាំ២០២២ និងទិសដៅការងារឆ្នាំ២០២៣ ព្រមទាំងផ្សព្វផ្សាយអនុក្រឹត្យពីថ្នាក់ជាតិទៅដល់ថ្នាក់ក្រោមជាតិជាសេនាធិការគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយ

(ខេត្តកំពង់ស្ពឺ)៖ នៅព្រឹកថ្ងៃទី០២ ខែមីនា ឆ្នាំ២០២៣ ឯកឧត្តម ច័ន្ទ លំផាត់ អនុប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ តំណាងឯកឧត្តម កិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយបានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារគ្រប់គ្រងគ្រោះមហន្ដរាយ ឆ្នាំ២០២២ និងទិសដៅការងារឆ្នាំ ២០២៣ របស់គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយ និងផ្សព្វផ្សាយអនុក្រឹត្យពីថ្នាក់ជាតិទៅដល់ថ្នាក់ក្រោមជាតិជាសេនាធិការគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយដែលមានវត្តមានឯកឧត្តម យឹម សុខុម ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម វ៉ី សំណាង អភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺ មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្ត លោកស្នងការនគរបាលខេត្ត លោកមេបញ្ជាការកងរាជអាវុធហត្ថខេត្ត មន្ទីរ អង្គភាពជុំវិញខេត្ត អភិបាលក្រុង ស្រុក មេបញ្ជាការផ្នែកសឹករងក្រុង ស្រុក លោកមេបញ្ជាការ កងរាជអាវុធហត្ថក្រុង ស្រុក អធិការនគរបាលក្រុង ស្រុក ឃុំ សង្កាត់ អង្គការដៃគូ អភិវឌ្ឍន៏។

តាមរយៈការបូកសរុបរបាយការណ៍របស់ឯកឧត្តម វ៉ី សំណាង ប្រធានគ្រោះមហន្តរាយខេត្តបានឱ្យដឹងថា នាដើមឆ្នាំ២០២២ គ្រោះមហន្តរាយធម្មជាតិទឹកជំនន់បានកើតឡើងធ្វើឱ្យប៉ះពាល់ដល់ប្រជាពលរដ្ឋចំនួន ១៤៥៩ គ្រួសារ ក្នុងភូមិចំនួន៨៦ នៃឃុំ សង្កាត់ចំនួន ៣០ ក្នុងក្រុង ស្រុក ចំនួន ០៤ ក្នុងនោះគ្រួសារដែលត្រូវបានជម្លៀសទៅកាន់ទីទួលសុវត្ថិភាពចំនួន ១២៧ គ្រួសារ។ ប៉ះពាល់ផ្លូវប្រវែង ២១ ៩២៦ ម៉ែត្រ ស្ពានចំនួន ០៣ កន្លែង ប្រឡាយប្រវែង ១០០ ម៉ែត្រ សាលារៀន ចំនួន ០៣ កន្លែង ស្រូវប្រាំងចំនួន ១៣៧១៨ហត ដំណាំរួមផ្សំចំនួន ៥៦០,៣៣៣ កន្លែង ស្រូវក្នុងជង្រុកចំនួន ១២ តោន និងដោយឡែកគ្រោះមហន្តរាយដោយមនុស្ស ឆេះផ្ទះចំនួន ០៥ ខ្នង ទោចក្រយានយន្តចំនួន ០១ គ្រឿង ផ្ទះបាយចំនួន ១១ខ្នង។

ឯកឧត្តម ចាន់ លំផាត់ ក្នុងនាមឯកឧត្តម កិត្តិសង្គហបណ្ឌិត គន់ គីម  បានជំរុញសេនាធិការគ្រប់គ្រងគ្រោះមហន្តរាយនៃការចាត់តាំងថ្នាក់ខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ បានធ្វើការកែសម្រួលតាមដាន ផ្ដល់ព័ត៌មាន រាយការណ៍ និងណែនាំទៅគ្រប់ផ្នែកទាំងអស់ព្រមទាំងបងប្អូនប្រជាពលរដ្ឋឱ្យមានការប្រុងប្រយ័ត្នខ្ពស់ និងត្រូវត្រៀមលក្ខណៈជួយអន្តរាគមន៍ឆ្លើយតបបានគ្រប់កាលៈទេសៈ។ថ្នាក់ខេត្តត្រូវកែសម្រួលឡើងវិញ និងចងក្រងជាសៀវភៅព្រមទាំងធ្វើរបាយការណ៍ស្ថិតិប្រចាំឆមាស និងប្រចាំឆ្នាំគឺជាផែនថ្នាក់ជាតិ។ពិសេសស្រុកណាដែលរងផលប៉ះពាល់រងគ្រោះដោយសារទឹកជំនន់ និងរាំងស្ងួតត្រូវឱ្យមានការចូលរួមពីកងកម្លាំងទាំងបីហើយបើមានគ្រោះមហន្តរាយធ្ងន់ធ្ងរដែលហួសពីសមត្ថភាពត្រូវរាយការណ៍ទៅថ្នាក់ជាតិដែលមានសម្តេចតេជោហ៊ុន សែន ជាប្រធានគ្រប់គ្រងគ្រោះមហន្តរាយនិងឯកឧត្តមទេសរដ្ឋមន្ត្រី គន់ គីម ជាអនុប្រធានទី១ រួមនឹងក្រសួងស្ថាប័ននានាជាសមាជិកឱ្យចុះអន្តរាគមន៍ ឆ្លើយតប និងត្រៀមបម្រុងការងារគ្រោះមហន្តរាយដោយធម្មជាតិនិងគ្រោះមហន្តរាយដោយមនុស្ស ។

ឯកឧត្តមបានស្នើឱ្យអនុវត្តន៍ជាប្រចាំជាពិសេសមន្ត្រីជំនាញត្រូវចុះពិនិត្យ និងស្រង់ស្ថិតិផលប៉ះពាល់ និងការខូចខាតដោយគ្រោះទឹកជំនន់នៅតាមបណ្តាក្រុង ស្រុក ឃុំ សង្កាត់។ ឯកឧត្តមបានមានប្រសាសន៍បន្តថា គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ក្រុមការងាររាជរដ្ឋាភិបាលថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិរដ្ឋបាលខេត្ត មន្ទីរ-អង្គភាព ពាក់ព័ន្ធនានា សាខាកាកបាទក្រហម និងសប្បុរជនក្នុងនិងក្រៅប្រទេស អង្គការក្រៅរដ្ឋាភិបាលតែងតែ ឆ្លើយតបដោះស្រាយទាន់ពេលវេលាពេលមានគ្រោះមហន្តរាយកើតឡើងម្តងៗ។

ឯកឧត្តមបានបន្តថា លេខាធិការខេត្តទទួលបន្ទុកការងារគ្រោះមហន្តរាយគឺត្រូវរៀបចំផែនការត្រៀមបម្រុងសម្រាប់ការឆ្លើយតប សង្គ្រោះបន្ទាន់គ្រោះ មហន្តរាយ ទឹកជំនន់ និងរាំងស្ងួតដោយត្រូវសហការជាមួយមន្ទីរ អង្គភាពជុំវិញ ក្រុង ស្រុក ឃុំ សង្កាត់ និងអង្គការដៃគូរនានាក្នុងវិស័យឯកជន ឱ្យយល់ជ្រាបពីការប្រើប្រាស់ឧបករណ៍បញ្ចូលទិន្នន័យថ្មី ព្រីស៊ឺម(PRISM) បានបញ្ចូលទាន់លឿននិងឆ្លើយតបជាទិន្នន័យបឋមនិងផ្សព្វផ្សាយប្រព័ន្ធប្រកាសឱ្យដឹងមុន ១២ ៩៤(ដប់ពីរកៅបួន) ប្រកាសឱ្យដឹងមុនដល់ប្រជាពលរដ្ឋ។ តាមរយៈកិច្ចសហប្រតិបត្តិការនេះនឹងនាំមកនូវការអភិវឌ្ឍន៍ ប្រកបដោយនិរន្តរភាពស្របតាមផែនការ យុទ្ធសាស្រ្តជាតិសម្រាប់កាត់បន្ថយហានិភ័យ គ្រោះ មហន្តរាយ យោងទៅលើច្បាប់គ្រប់គ្រង គ្រោះមហន្តរាយផែនការ អភិវឌ្ឍន៍ និងយុទ្ធសាស្រ្តចតុកោណរបស់រាជរដ្ឋាភិបាលកម្ពុជា៕

WhatsAppProtopage BookmarksTwitterLinkedInLinePinterestGoogle BookmarksTelegramFacebookCopy LinkFacebook MessengerShare
WhatsAppProtopage BookmarksTwitterLinkedInLinePinterestGoogle BookmarksTelegramFacebookCopy LinkFacebook MessengerShare