
លោកជំទាវ បាន ស្រីមុំ បានជួបសំណេះសំណាល និងជួយសម្របសម្រួលដល់អាជីវករដែលលក់ដូរនៅរមណីយដ្ឋានភ្នំយ៉ាតជាច្រើននាក់ដែលកំពុងមានបញ្ហាដោយសន្តិវិធីនិងបានបញ្ចប់ដោយភាពរីករាយ
(ខេត្តប៉ៃលិន)៖ កាលពីរសៀលថ្ងៃទី០២ មីនា ឆ្នាំ២០២៣ លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានជួបសំណេះសំណាល និងជួយសម្របសម្រួលបញ្ចប់បញ្ហាអាជីវករដែលលក់ដូរនៅក្នុងបរិវេណរមណីយដ្ឋានភ្នំយ៉ាតដោយសម្រេចថា គ្មានអ្នកចាញ់ គ្មានអ្នកឈ្នះឡើយ។
ប្រភពព័ត៌មានបានឱ្យដឹងថា គេឃើញបងប្អូន អាជីវករដែលលក់ដូរនៅទីតាំងអាស្រម លោកយាយយ៉ាតជាច្រើននាក់បានចូលរួមប្រជុំ ដើម្បីរៀបរយកន្លែងលក់ដូរនៅទីតាំងរមណីយដ្ឋានប្រវត្តិសាស្ត្រភ្នំយ៉ាតដែលទីតាំងនោះកំពុងរៀបចំកែច្នៃតុបតែងកែលម្អ និងឱ្យបងប្អូនប្រជាពលរដ្ឋឬអាជីវករដាក់វេនគ្នាលក់ដោយមិនប្រជែងគ្នានាំឱ្យប៉ះពាល់ដល់អារម្មណ៍ភ្ញៀវទេសចរដែលមកកម្សាន្តនិងមកអុជធូបនៅទីនេះឡើយ។
ក្នុងការសម្របសម្រួលនេះដែរក៏មានការ
អញ្ជើញចូលរួមពីឯកឧត្តម សៅ សារ៉ាត់ អ្នកតំណាងរាស្ត្រមណ្ឌលខេត្តប៉ៃលិន លោក លី សុងហ៊ី អភិបាលក្រុងប៉ៃលិន និងមន្ត្រីជំនាញជាច្រើនរូបទៀតចូលរួមសម្របសម្រួលផងដែរ។
ជាមួយគ្នានេះដែរ លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តក៏បានមានប្រសាសន៍សំណូមពរឱ្យបងប្អូនជាទីគោរពស្រលាញ់ទាំងអស់បញ្ឈប់ទំនាស់រវាងគ្នានឹងគ្នាទៀតទៅ យើងត្រូវរួមគ្នាដើម្បីថែរក្សាសន្តិភាពដើម្បីទទួលបានសេចក្តីសុខសប្បាយហើយបងប្អូនក៏អាចប្រកបមុខរបរដោយសុខសុវត្ថិភាពជាពិសេសបង្កើនការទាក់ទាញ និងកាយវិការថ្លៃថ្នូរក្នុងការផ្តល់សេវា ពិសេសគឺរក្សាអនាម័យឱ្យបានខ្ជាប់ខ្ជួនដើម្បីទាក់ទាញអារម្មណ៍ភ្ញៀវជាតិ និងអន្តរជាតិឱ្យមកកំសាន្តខេត្តយើងដោយក្តីរីករាយ និងកក់ក្តៅជាទីបំផុត៕