
ដោយសារវិបត្តិស្នេហាធ្វើឱ្យគូស្នេហ៍មួយគូសម្រចចិត្តធ្វើអត្តឃាតខ្លួនឯង
(ខេត្តស្វាយរៀង)៖ មនុស្សប្រុសស្រីមួយគូត្រូវបានគេប្រទះឃើញស្លាប់នៅក្នុងបន្ទប់នៃផ្ទះសំណាក់មួយកន្លែងក្រោយពីមានការភ្ញាក់ផ្អើលឆោឡោទាំងព្រឹកព្រោះនៅក្នុងបន្ទប់ដែលជនរងគ្រោះជួលនោះមានអគ្គីភ័យកើតឡើង។
ហេតុការណ៍ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង ០៧:៤០ព្រឹកក្នុងថ្ងៃទី២៧ ខែកុម្ភ: ឆ្នាំ២០២៣ នៅចំណុចបន្ទប់ជួលរបស់ផ្ទះសំណាក់៧៧៧៧ស្ថិតនៅភូមិតាណែង ឃុំសង្កែ ស្រុករំដួល ខេត្តស្វាយរៀង។
សមត្ថកិច្ចបានឱ្យដឹងថា នៅវេលាកើតហេតុខាងលើក្រោយពីទទួលបានព័ត៌មានពីប្រជាពលរដ្ឋភ្លាមកម្លាំងជំនាញបច្ចេកទេសស្រុកបានសហការជាមួយជំនាញខេត្ត និងលោក វេជ្ជបណ្ឌិតនៃមន្ទីពេទ្យបង្អែកសាមគ្គីរំដួលបានចុះទៅដល់កន្លែងកើតហេតុដើម្បីត្រួតពិនិត្យ។
ប្រភពដដែលបានបន្តថា ក្រោយពេលពិនិត្យនៅកន្លែងកើតហេតុឃើញថានៅបន្ទប់លេខ១៩មានមនុស្សស្លាប់ចំនួន២នាក់៖
១- ឈ្មោះ វ៉ន ញ៉ាញ់ ភេទប្រុស អាយុ៣២ឆ្នាំ មានទីលំនៅភូមិថ្មី ឃុំស្វាយចេក ស្រុករំដួល
២- ឈ្មោះ អាន ចិន្តា ភេទស្រី អាយុ១៧ឆ្នាំ មានទីលំនៅភូមិព្រែកពក ឃុំថ្នាធ្នង់ ស្រុករំដួល។
លោក ជុំ ស៊ីថា អាយុ៤៨ឆ្នាំ ជាម្ចាស់ផ្ទះសំណាក់បានបំភ្លឺថា នៅថ្ងៃទី២៦ ខែកុម្ភ: ឆ្នាំ២០២៣ វេលាម៉ោង៦ល្ងាច ជនរងគ្រោះទាំងពីរបានមកជួលបន្ទប់លេខ១៩ ដើម្បីសំរាករហូតដល់ម៉ោង០៧:៣០នាទី ព្រឹកថ្ងៃទី២៧ ខែ ឆ្នាំដដែលស្រាប់តែមានភ្លើងឆេះចេញពីបន្ទប់តែម្តង។
ក្រុមគ្រូពេទ្យបានសន្និដ្ឋានថា សាកសពទាំងពីរស្លាប់ដោយសារធ្វើអត្តឃាតដោយបានចាក់សាំងដុតខ្លួនឯង។
មូលហេតុគឺមានវិបត្តិស្នេហា បច្ចុប្បន្នសាកសពត្រូវបានប្រគល់ជូនក្រុមគ្រួសារយកធ្វើបុណ្យតាមប្រពៃណី៕