សាខាកាកបាទក្រហមខេត្តប៉ៃលិនបើកកិច្ចពិគ្រោះយោបល់ស្ដីពីការប៉ាន់ប្រមាណសមត្ថភាពសាខា BOCA ជុំទី២

(ខេត្តប៉ៃលិន​)៖ នាថ្ងៃទី២៣-២៤ ខែកុម្ភ: ឆ្នាំ២០២៣នេះ សាខាកាកបាទក្រហមកម្ពុជា ខេត្តប៉ៃលិន​បានរៀបចំកិច្ចប្រជុំពិគ្រោះយោបល់ស្ដីពីការប៉ាន់ប្រមាណសមត្ថភាពសាខាខេត្តប៉ៃលិន​ នៅជុំទី២ ឆ្នាំ២០២៣ ក្រោមអធិបតីភាព ឯកឧត្តមវេជ្ជបណ្ឌិត អ៊ុយ​ សំអាត នាយក​នៃ​នាយកដ្ឋាន​គ្រប់គ្រង​គ្រោះ​មហន្តរាយ​ កាកបាទក្រហមកម្ពុជា និងឯកឧត្តម សៅ​ សារ៉ាត់ អនុប្រធានគណ:កម្មាធិការសាខាកាកបាទក្រហមខេត្តប៉ៃលិន​ និងមានការអញ្ជើញចូលរួមពីសមាជិក សមាជិកា គណៈកម្មាធិការសាខា និងមន្ត្រីព្រមទាំងក្រុមការងារបច្ចេកទេសមកពីទីស្នាក់ការកណ្ដាល ក្រុមប្រតិបត្តិសាខា អនុសាខា អ្នកស្ម័គ្រចិត្ត ទីប្រឹក្សាយុវជន និងយុវជនកាកបាទក្រហមកម្ពុជាសរុប៣៩នាក់​ ស្រ្តី​១៥។

នៅក្នុងឱកាសនៃការចាប់ផ្ដើមកម្មវិធី ឯកឧត្តម សៅ​ សា​រ៉ាត់​ អនុ​ប្រធានគណ:កម្មាធិការសាខា បានសម្ដែងនូវសេចក្តីសោមនស្សរីករាយ និងស្វាគមន៍យ៉ាងកក់ក្តៅដល់ក្រុមការងារប៉ាន់ប្រមាណសមត្ថភាពសាខា BOCA ជុំទី២ ក្នុងគោលបំណងលើកកម្ពស់គុណភាពនៃការអនុវត្តការងារឱ្យមានប្រសិទ្ធភាពតាមលក្ខណៈវិនិច្ឆ័យជាសាខាមានដំណើរការល្អ និងស្រមតាមទិសវិមជ្ឈការនិងវិសហមជ្ឈការ។ ឯកឧត្តម អនុប្រធានគណៈកម្មាធិកាសាខាក៏​បានថ្លែងអំណរគុណចំពោះវត្តមាន ឯកឧត្តម​វេជ្ជ​បណ្ឌិត​ អ៊ុយ​ សំអាត ដែល​បានអញ្ជើញចូលរួមជាអធិបតី និងក្រុមការងារបច្ចេកទេសបានសម្របសម្រួលកិច្ចប្រជុំប៉ាន់ប្រមាណសមត្ថភាពសាខានាពេលនេះ។

នៅក្នុងមតិសំណេះសំណាលបើក ឯកឧត្តមវេជ្ជបណ្ឌិត​ អ៊ុយ​ សំអាត​ នាយក​នៃ​នាយកដ្ឋាន​គ្រប់គ្រង​គ្រោះ​មហន្តរាយ​បានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជាជូនចំពោះសមាជិក សមាជិកានៃអង្គពិធីទាំងមូល។ ឯកឧត្តមវេជ្ជបណ្ឌិត​ បានលើកពីការប៉ាន់ប្រមាណសមត្ថភាពសាខាហៅកាត់ជាភាសាអង់គ្លេសថា BOCA ដែលមានន័យថា “Branch Organizational Capacity Assessment” ដែលសមាគមជាតិនៅក្នុងសកលលោកបាននឹងកំពុងអនុវត្តដែលក្នុងនោះកាកបាទក្រហមកម្ពុជា បានទទួលយកវិធីសាស្រ្តបូកា BOCA មកអនុវត្តតាំងពីឆ្នាំ២០១៥ ។

ឯកឧត្តមក៏បានគូសបញ្ជាក់ផងដែរថា ការប៉ាន់ប្រមាណសមត្ថភាពសាខា មានវត្ថុបំណងចំនួន៣គឺ៖
1-ស្វែងយល់អំពីសមត្ថភាព និងរបៀបបំពេញការងារនាពេលបច្ចុប្បន្នរបស់សាខា
2-ឈានទៅសម្រេចនូវការឯកភាពគ្នាជារួមលើអាទិភាពនានាសម្រាប់ជួយលើកកម្ពស់សាខាបន្ថែមទៀត
3-កសាងផែនការប្រតិបត្តិដើម្បីការពង្រឹង និងធានានិរន្តរភាព សមត្ថភាពផ្តល់សេវារបស់សាខា និងភាពធន់មាំរបស់សហគមន៍។

នៅចុងបញ្ចប់ ឯកឧត្តមវេជ្ជបណ្ឌិត​បានលើកទឹកចិត្តអង្គពិធីទាំងមូលឱ្យចូលរួមយ៉ាងផុលផុសក្នុងការកំណត់សូចនាករជាអាទិភាព សម្រាប់បំពេញបន្ថែមលើផែនការប្រចាំឆ្នាំ និងផែនការអភិវឌ្ឍន៍សាខាដើម្បីចូលរួមលើកកម្ពស់សមត្ថភាពសាខា និងមានភាពម្ចាស់ការក្នុងការផ្ដល់សេវាមនុស្សធម៌ជូនដល់គ្រួសាររងគ្រោះ និងងាយរងគ្រោះស្របបានទៅតាមពាក្យស្លោក”សកម្មភាពនៅមូលដ្ឋាន សម្រេចបានគោលដៅសកល”៕

WhatsAppProtopage BookmarksTwitterLinkedInLinePinterestGoogle BookmarksTelegramFacebookCopy LinkFacebook MessengerShare
WhatsAppProtopage BookmarksTwitterLinkedInLinePinterestGoogle BookmarksTelegramFacebookCopy LinkFacebook MessengerShare