លោកម៉ុង ប៊ុនលីម នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តសៀមរាបបានបញ្ចេញកណ្ដាប់ដៃដែកបង្រ្កាបឡធ្យូងក្នុងស្រុកស្វាយលើ
សៀមរាប ៖ លោកម៉ុង ប៊ុនលីមនាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តសៀមរាបបានបញ្ចេញកណ្ដាប់ដៃដែកបង្រ្កាបឡធ្យូងក្នុងស្រុកស្វាយលើដឹកនាំមន្រ្តីក្រោមឱវាទនៃខណ្ឌរដ្ឋបាលព្រៃឈើសៀមរាបសហការជាមួយកម្លាំងគណ:បញ្ជាការឯកភាពរដ្ឋ បាលស្រុកស្វាយលើដឹកនាំដោយ លោក ជុំ ចាន់ថេង អភិបាលរងស្រុក មានចូលរួមសរុបចំនួន៣១នាក់ បានចុះធ្វើកិច្ចសន្យាបញ្ឈប់សកម្មភាពការសាងសង់ ឡដុតធ្យូង និងរុះរើឡធ្យូងនៅភូមិចាន់ហៀ ឃុំបឹងមាលា ស្រុកស្វាយលើ ។
មុនដំណើរការអនុវត្តច្បាប់ ក្រុមការងារបានប្រជុំពិភាក្សា ដោយបានលើកយកពីបញ្ហាប្រឈមនិងការងារអនុវត្តច្បាប់ស្តីពីព្រៃឈើយកមកជជែកដោះស្រាយនៅក្នុងអង្គពិភាក្សារួមគ្នាដើម្បីរៀបចំយុទ្ឋសាស្រ្តអនុវត្តតាមនីតិវធី ។ បន្ទាប់ពីពិភាក្សាផ្លាស់ប្តូរយោបល់ ក្រុមការងារបានសម្រេចដូចខាងក្រោម៖
១.ចំពោះឡណាដែលកំពុងដុត និងឡដែលមិនទាន់ប្រមូលផល ក្រុមការងារបានសម្រេចធ្វើកិច្ចសន្យាទុកសុពលភាពរយ:ពេល៣០ថ្ងៃ ក្រោយពេលប្រមូលផលហើយឱ្យពួកគាត់រុះរើដោយខ្លួនឯង
២.ចំពោះឡដែលប្រមូលផលហើយនៅទំនេរ ក្រុមការងារ និងរុះរើផ្ទាល់នៅនិងកន្លែង ។
ជាលទ្ធផលក្រុមការងារសម្រេចធ្វើកិច្ចសន្យាបញ្ឈប់សកម្មភាពបាន៥៤ម្ចាស់ ដែលមានឡធ្យូងចំនួន៥៧ឡ និងបានរុះរើបំផ្លាញចោលបានចំនួន ២៨ឡ ។
មហាជនមានការសាទរយ៉ាងខ្លាំងចំពោះចំណាត់ការមួយនេះ មួយវិញទៀតពលរដ្ឋសង្ឃឹមនិងជឿជាក់ថាលោកម៉ុង ប៊ុនលីម នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្ត សៀមរាបនឹងបន្តដំណើរការបង្រ្កាបបទល្មើសធនធានធម្មជាតិបន្ថែមទៀតព្រោះនាពេលបច្ចុប្បន្នបទល្មើសព្រៃឈើក្នុងខេត្តសៀមរាបកំពុងកើតឡើងយ៉ាងពេញបន្ទុកក្នុងខេត្តសៀមរាប៕