
ក្រសួងបរិស្ថានបានចុះពិនិត្យ និងអនុវត្តវិធានការច្បាប់ទប់ស្កាត់ការបំពុលបរិស្ថានចំនួន៣០ ករណីនៅក្នុងឆមាសទី១ ឆ្នាំ២០២៥
ក្រសួងបរិស្ថានបាននឹងកំពុងធ្វើទំនើបកម្ម និងការតាមដានត្រួតពិនិត្យ និងទប់ស្កាត់ការបំពុលបរិស្ថានដោយសារការបញ្ចេញសំណល់ដែលបង្កហានិភ័យខ្ពស់ដល់បរិស្ថានសំដៅលើកកម្ពស់ប្រសិទ្ធភាពការអនុវត្តច្បាប់ កាត់បន្ថយការបំពុលបរិស្ថាន (ទឹក ដី ខ្យល់) ពីក្រុមហ៊ុននិងរោងចក្រ សហគ្រាសនៅកម្ពុជា។ អ្នកនាំពាក្យក្រសួងបរិស្ថាន ឯកឧត្តម ខ្វៃ អាទិត្យា បានឱ្យដឹងថា ក្នុងឆមាសទី១ ឆ្នាំ២០២៥ ក្រសួងបរិស្ថានតាមរយៈក្រុមការងារជំនាញនៃអគ្គនាយកដ្ឋានគាំពារបរិស្ថាន សហការជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ រដ្ឋបាលថ្នាក់ក្រោមជាតិ អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋបានចុះអនុវត្តវិធានការច្បាប់ស្របតាមក្របបរិស្ថាន និងធនធានធម្មជាតិ និងបទដ្ឋានគតិយុត្តដែលមានជាធរមាន ចំពោះក្រុមហ៊ុននិងរោងចក្រដែលបានធ្វើការបំពុលបរិស្ថានចំនួន៣០ ករណី ក្នុងនោះមានក្រុមហ៊ុន និងរោងចក្រដែលបានបញ្ចេញសំណល់រាវ បំពុលតំបន់ទឹកសាធារណៈចំនួន ២៦ករណី ក្រុមហ៊ុន និងរោងចក្រ បានបំពុលខ្យល់ចំនួន ៤ករណី។ ទន្ទឹមការចុះត្រួតពិនិត្យ និងរកឃើញ ក្រុមហ៊ុន និងរោងចក្រទាំងនោះដែលបានប្រព្រឹត្តផ្ទុយនឹងច្បាប់របស់ប្រទេសកម្ពុជា ក្រសួងបរិស្ថានបានចាត់វិធានការច្បាប់ មិនលើកលែង ដែលក្នុងនោះបានចេញលិខិតពិន័យ និងលិខិតបញ្ជាកែប្រែចំនួន២៤ ទីតាំង ក្នុងនោះមានលិខិតផ្អាកដំណើរការផលិតកម្មចំនួន ២ក្រុមហ៊ុនគឺក្រុមហ៊ុន Cambodian Noble Taste Food Co., Ltd និងក្រុមហ៊ុន KUBON (CAMBODIA) TECHNOLOGY CO., LTD. ដែលមានទីតាំងនៅស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ ដោយឡែកក្រសួងបរិស្ថានបាននឹងកំពុងរៀបចំរបាយការណ៍ និងលិខិតពិន័យរួមទាំងលិខិតបញ្ជាកែប្រែចំពោះក្រុមហ៊ុននិងរោងចក្រចំនួន ៦ទីតាំងផ្សេងទៀត។
អ្នកនាំពាក្យក្រសួងបរិស្ថានបានបន្ថែមថា ដើម្បីពង្រឹងការតាមដាន ត្រួតពិនិត្យការបំពុលបរិស្ថាន ការបញ្ចេញសំណល់ដែលបង្កហានិភ័យខ្ពស់ ដល់បរិស្ថាន មានក្រុមហ៊ុន និងរោងចក្រចំនួន៥០កន្លែងកំពុងធ្វើអាជីវកម្មនៅកម្ពុជាបានចុះកិច្ចសន្យាបំពាក់ឧបករណ៍ ស្វ័យត្រួតពិនិត្យដើម្បីបញ្ចៀសការលេចជ្រាប ឬការលួចបង្ហូរសំណល់រាវដែលមានសារធាតុពុល ចូលទៅក្នុងប្រភពទឹកសាធារណៈ និងតំបន់ទឹកធម្មជាតិស្របទៅតាមក្រមបរិស្ថាន និងលិខិតបទដ្ឋានច្បាប់ពាក់ព័ន្ធនានាដែលបានដាក់ចេញកន្លងមក។ ក្នុងចំណោមក្រុមហ៊ុន និងរោងចក្រទាំងនោះមានក្រុមហ៊ុននិងរោងចក្រចំនួន ៣៥ទីតាំងបានបំពាក់ឧបករណ៍ស្វ័យត្រួតពិនិត្យនេះរួចហើយដែលភាគច្រើននៅក្នុងខេត្តកណ្តាល និងនៅរាជធានីភ្នំពេញ។
ជាមួយគ្នានេះ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានធ្វើការថ្លែងអំណរគុណដល់បណ្តាក្រុមហ៊ុននិងរោចក្រទាំងអស់ដែលបានចូលរួមសហការបំពាក់ឧបករណ៍ស្វ័យត្រួតពិនិត្យបានចូលរួមគោរពបទដ្ឋាន បច្ចេកទេសបរិស្ថានបានល្អប្រសើរ និងបានអនុវត្តបញ្ជាកែប្រែ របស់ក្រសួងបរិស្ថានស្របតាមក្រមបរិស្ថាន និងធនធានធម្មជាតិ និងបទដ្ឋានគតិយុត្តជាធរមានរបស់កម្ពុជា។ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានថ្លែងថា ក្រោយពេលដែលក្រុមហ៊ុន និងរោងចក្រនានានៅកម្ពុជាត្រូវបានកំណត់ និងបំពាក់នូវឧបករណ៍ស្វ័យត្រួតពិនិត្យ ប្រព័ន្ធគ្រប់គ្រងទិន្នន័យ បញ្ចេញសំណល់រាវ និងបានអនុវត្តច្បាប់បរិស្ថានហើយនោះគឺបានឆ្លើយតបទៅនឹងយុទ្ធនាការដើម្បីកម្ពុជាមានភាពស្អាតនៃយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថានកំពុងអនុវត្តអនុលោមតាមយុទ្ធសាស្រ្ត និងគោលនយោបាយរបស់រាជរដ្ឋាភិបាល នីតិកាលទី៧នៃរដ្ឋសភា ដឹកនាំដោយ
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងដើម្បីគាំទ្រដល់ការធ្វើឱ្យកាន់តែប្រសើរឡើងថែមទៀតដល់ការរស់នៅប្រចាំថ្ងៃក្នុងភាពស្អាត សំដៅថែរក្សាអនាម័យបរិស្ថានឱ្យបានស្អាត និងសុខភាពរបស់កម្មករ និយោជិត និងប្រជាពលរដ្ឋនៅតាមមូលដ្ឋាន បានល្អក៏ដូចជាការចូលរួមចំណែកថែរក្សាសុខភាពបរិស្ថាន-សង្គមឱ្យបានស្អាតទាំងនៅកម្ពុជា និងនៅលើឆាកអន្តរជាតិ៕