
ពលរដ្ឋទីទ័លក្រចំនួន ១០គ្រួសារបានទទួលអំណោយមនុស្សធម៌ពីអនុសាខាកាកបាទក្រហមស្រុកពារាំង
(ខេត្តព្រៃវែង)៖ គណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជា ស្រុកពារាំងបានចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ជូនដល់គ្រួសារក្រីក្រ ចាស់ជរាគ្មានទីពឹងចំនួន ១០គ្រួសារនៅឃុំមេសរប្រចាន់។
នៅព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៥ លោក ចេម ប្រា ប្រធានគណៈកម្មាធិការអនុសាសាខាកាកបាទក្រហមកម្ពុជា ស្រុកពារាំងបានដឹកនាំសហការីរួមជាមួយក្រុមកាកបាទក្រហមឃុំមេសរប្រចាន់ អ្នកស្ម័គ្រចិត្តភូមិចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ជូនដល់គ្រួសារក្រីក្រ ចាស់ជរាគ្មានទីពឹងចំនួន ១០គ្រួសារ នៅភូមិកំពង់ទ្រា ឃុំមេសរប្រចាន់ ស្រុកពារាំង ខេត្តព្រៃវែង។
នាឱកាសនោះដែរ លោកប្រធានគណៈកម្មាធិការអនុសាខាស្រុកបានពាំនាំប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ឯកឧត្តម សួន សុម៉ាលីន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រៃវែង និងលោក ចេម ប្រា ប្រធានគណៈកម្មាធិការអនុសាខាស្រុកពិសេសឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្តព្រៃវែងដែលជានិច្ចកាលលោកតែងតែគិតគូរដល់សុខទុក្ខប្រជាពលរដ្ឋ ស្របតាមពាក្យស្លោក “ទីណាមានទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា ” និង “កាកបាទក្រហមកម្ពុជាមានគ្រប់ទីកន្លែងសម្រាប់គ្រប់ៗគ្នាមិនទុកនរណាម្នាក់ចោលឡើយ។
ជាមួយគ្នានោះ លោកអនុប្រធាន មន្ត្រីប្រចាំការ បុគ្គលិកកិច្ចសន្យា លោកមេឃុំ អ្នកស្ម័គ្រចិត្តភូមិបានបញ្ជ្រាបនូវការអប់រំផ្សព្វផ្សាយពីវិធានការការពារខ្លួនពីជំងឺកូវីដ-១៩ ,ផ្តាសាយបក្សីH5N1 , គ្រុនចាញ់, គ្រុនឈីក-គ្រុនឈាម និងអប់រំផ្សព្វផ្សាយបន្ថែមដល់បងប្អូនប្រជាពលរដ្ឋនៅតាមសហគមន៍អំពីការប្រែប្រួលអាកាសធាតុ និងបរិស្ថានផ្តោតលើការកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិកស្របតាមពាក្យស្លោកថា “ថ្ងៃនេះ ខ្ញុំមិនប្រេីថង់ប្លាស្ទិកទេ” យើងខ្ញុំទាំងអស់គ្នាប្តេជ្ញាមិនប្រើថង់ប្លាស្ទិចព្រោះសារធាតុប្លាស្ទិចប្រើប្រាស់ប្រចាំថ្ងៃអាចប៉ះពាល់ការអភិវឌ្ឍរបស់កុមារ និងយើងរួមកម្លាំងគ្នាការពារបរិស្ថានកម្ពុជា។
ឆ្លៀតក្នុងឱកាសនោះដែរលោក ចេម ប្រា អភិបាលស្រុកពារាំង និងជាប្រធានអនុសាខាកាកបាទក្រហមស្រុកក៏បានលើកឡើងបន្ថែមទៀតថា អនុសាខាកាកបាទក្រហមស្រុកពារាំងគឺតែងតែយកចិត្តទុក្ខដាក់គិតគូរដល់សុខទុក្ខរបស់ប្រជាពលរដ្ឋនិងចែកជូនអំណោយដល់ពលរដ្ឋទីទ័លក្រជាប្រចាំមិនថាក្នុងស្ថានភាពណាក៏ដោយហើយក៏សូមឱ្យលោកតា លោកយាយ អ៊ំ ពូមីងទាំងអស់ចូលរួមថែរក្សាសុខភាព អនាម័យ បរិស្ថានឱ្យបានល្អព្រោះថា បើកាលណាការរស់នៅមានអនាម័យល្អ បរិស្ថានស្អាតនោះសុខភាពរបស់យើងល្អទៅតាមនិងដែរ។
លោក ចេម ប្រា បានបន្តទៀតថា សម្រាប់ថង់ប្លាស្ទិចដែលផលិតឡើងពីប្រេងខ្មៅ និងសារធាតុគីមី”តូនិច” វាមានផលអាក្រក់ខ្លាំងណាស់ដល់បរិស្ថាន វាត្រូវការចំណាយពេលរហូតដល់ទៅ៥០០ឆ្នាំទើបរលាយ និងបញ្ចេញជាតិពុលដែលធ្វើឱ្ប៉ះពាល់ខ្លាំងដល់សភាវៈមានជីវិតទាំងនៅលើដីនិងក្នុងទឹកពិសេសធ្វើឱ្យផែនដីឡើងកម្ដៅដូចនេះដើម្បីចូលរួមចំណែកក្នុងការថែរក្សាបរិស្ថាននិងជីវិតទាំងឡើយនៅលើពិភពផែនដី យើងទាំងអស់គ្នាត្រូវចូលរួមក្នុងការបញ្ឈប់ការប្រើប្រាស់ថង់ប្លាស្ទិច “បរិស្ថានស្អាតផ្ដើមចេញពីយើងទាំងអស់គ្នា”។
រីឯលោក គឹម ហេង មេឃុំមេសរប្រចាន់រួមទាំងក្រុមប្រឹក្សាឃុំក៏បានលើកឡើងផងដែរថា សូមបងប្អូនអ៊ំ ពូ មីងទាំងអស់ត្រូវមានការប្រុងប្រយ័ត្នឱ្យបានខ្ពស់រាល់ការធ្វើដំណើរទៅកាន់ទីជិតឆ្ងាយដើម្បីជៀសវាងជួបហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ណាមួយដែលអាចកើតឡើងជាយ:ថាហេតុជាពិសេសត្រូវពាក់មួកសុវត្ថិភាពឱ្យបានត្រឹមត្រូវរាល់ការធ្វើដំណើរ។
សម្ភារៈផ្តល់ជូនក្នុង ១គ្រួសារទទួលបាន៖ អង្ករ ២៥គីឡូ សម្ភារៈដំណេក ១ឈុត មី ១០កញ្ចប់ ទឹកត្រី ៣ដប ទឹកស៊ីអ៊ីវ ៣ដប ត្រីខ ៤កំប៉ុង និងថវិកាចំនួន ៥០,០០០រៀល។
-ក្រុមកាកបាទក្រហមឃុំមេសរប្រចាន់បានចូលរួមថវិកាក្នុង១គ្រួសារចំនួន ២០,០០០រៀល៕