
អនុសាខាកាកបាទក្រហមកម្ពុជា ស្រុកពារាំង សហការជាមួយសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រៃវែងបើកវគ្គបណ្តុះបណ្តាលស្តីពីមូលដ្ឋានគោលការណ៍គ្រឹះរបស់ចលនាវិជ្ជាសង្គ្រោះបឋម និងគោលនយោបាយអ្នកស្ម័គ្រចិត្ត កក្រកជូនដល់អ្នកស្ម័គ្រចិត្តភូមិក្នុងភូមិចំនួន ១៥ភូមិ នៅអនុសាខាកក្រកស្រុកពារាំង
(អនុសាខា កក្រក ស្រុកពារាំង)៖ នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៥ អនុសាខាកាកបាទក្រហមកម្ពុជា ស្រុកពារាំង សហការជាមួយសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រៃវែង បើកវគ្គបណ្តុះបណ្តាលស្តីពីមូលដ្ឋានគោលការណ៍គ្រឹះរបស់ចលនាវិជ្ជាសង្គ្រោះបឋម និងគោលនយោបាយអ្នកស្ម័គ្រចិត្ត កក្រក ក្រោមអធិបតីភាពរបស់លោកស្រី បណ្ឌិត អ៊ុក មាស សូលីណា នាយិកាសាខាខេត្ត និងលោកចេម ប្រា ប្រធានគណៈកម្មាធិការអនុសាខាស្រុកពារាំង។ ក្នុងវគ្គបណ្ដុះបណ្ដាលនេះដែលមានចំនួនមួយថ្ងៃស្មើនឹងពីរវគ្គជូនដល់អ្នកស្ម័គ្រចិត្តភូមិក្នុងភូមិ ១៥ភូមិ នៅឃុំកំពង់ពពិល និងឃុំមេសរប្រចាន់ វត្តមានអ្នកចូលរួមចំនួនសរុប ៣៥នាក់ ស្រី១៥នាក់ ក្រុម កក្រកឃុំ ៨នាក់ ស្រី២នាក់ និងអ្នកស្ម័គ្រចិត្តភូមិ ១៧នាក់ ស្រី១៣នាក់ អវត្តមានចំនួន ១១នាក់ ស្រី៧នាក់ នៅសាលប្រជុំសាលាស្រុកពារាំង។
ប្រធានបទបានលើកមកធ្វើបទបង្ហាញរួមមាន៖
● គោលនយោបាយ និងតួនាទីអ្នកស្ម័គ្រចិត្ត កក្រក
● វិជ្ជាសង្គ្រោះបឋម
-តួនាទី និងគោលការណ៍គ្រឹះនៃអ្នកសង្គ្រោះបឋម
-ការធ្វើចលនាដង្ហើម(CPR)
-ការដាក់ស្ថានភាពដំណេក
-ការជួយសង្គ្រោះអ្នកលង់ទឹក ឆ្កែខាំ រលាកភ្លើង និងពស់ចឹក
● ប្រវត្តិចលនាអន្តរជាតិ កាកបាទក្រហម និងអឌ្ឍចន្ទក្រហម
● បដិរូបកាកបាទក្រហម អឌ្ឍចន្ទក្រហម និងគ្រីស្គាល់ក្រហម
● គោលការណ៍គ្រឹះទាំង៧
● គោលការណ៍ណែនាំស្តីពីអត្តសញ្ញាណ កក្រក
ក្នុងឱកាសនោះ លោកស្រី បណ្ឌិត អ៊ុក មាស សូលីណា នាយិកាសាខាខេត្តបាននាំមកនូវប្រសាសន៍ផ្ដាំផ្ញើសាកសួរសុខទុក្ខដល់សិក្ខាកាមក្នុងវគ្គពីសំណាក់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រធានកិត្តិយសសាខាខេត្ត និងឯកឧត្តម សួន សុម៉ាលីន ប្រធានគណៈកម្មាធិការសាខាខេត្ត និងសូមឱ្យសិក្ខាកាមយកចិត្តទុកដាក់រាល់ការធ្វើបទបង្ហាញនីមួយៗ ដែលគ្រូឧន្ទេសបានបង្ហាត់បង្ហាញក៏ដូចជាចែករំលែកចំណេះដឹង បទពិសោធន៍ និងការអនុវត្តការងារជាក់ស្តែង។
នាឱកាសបិទវគ្គ លោកស្រីបណ្ឌិត អ៊ុក មាស សូលីណា នាយិកាសាខាខេត្តបានផ្តាំផ្ញើដល់លោក-លោកស្រី អ្នកស្ម័គ្រចិត្តភូមិ សូមយកខ្លឹមសារក្នុងមេរៀននីមួយៗ ទៅអនុវត្តន៍បន្តការងារក្នុងសហគមន៍ឱ្យមានប្រសិទ្ធភាពពិសេសត្រូវចែករំលែកចំណេះដឹងចុះអប់រំផ្សព្វផ្សាយដល់ក្រុមការងារ និងប្រជាពលរដ្ឋនៅមូលដ្ឋានរបស់ខ្លួន។
ក្នុងវគ្គបណ្តុះបណ្តាលនេះ សាខាខេត្តបានផ្ដល់នូវសម្ភារៈជូនដល់សិក្ខាកាម ក្នុងម្នាក់ទទួលបាននូវសាមីចំនួន ១ -សៀវភៅសរសេរចំនួន ២ក្បាល -ប៊ិចសរសេរ ចំនួន២ដើម -អាវយឺត ចំនួន១ និងថវិកាចំនួន ២០,០០០រៀល។