
មកដល់ពេលនេះ សិស្សវិទ្យាល័យល្វាទាំង ១៥នាក់ដែលបានទៅទស្សនកិច្ចនៅឧទ្យានជាតិគីរីរម្យហើយជួបគ្រោះថ្នាក់ចរាចរណ៍បានមកដល់វិទ្យាល័យល្វាវិញហើយ
ដោយការយកចិត្តទុកដាក់ពីឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម សហការជាមួយឯកឧត្ដម ជៀម ច័ន្ទសោភ័ណ្ឌ អភិបាលខេត្តកំពង់ស្ពឺ លើករណីសិស្សវិទ្យាល័យល្វា ស្រុកព្រៃឈរ ដែលបានធ្វើដំណើរទៅទស្សនកិច្ចសិក្សានៅឧទ្យានជាតិព្រះកុសុមៈគីរីរម្យហើយបានជួបគ្រោះថ្នាក់ចរាចរណ៍នោះមកដល់ត្រឹមម៉ោង ១១យប់ ថ្ងៃទី២៩ ខែធ្នូ នេះ សិស្សវគ្គទី១ ចំនួន ១៥នាក់បានធ្វើដំណើរតាមរថយន្តមកដល់វិទ្យាល័យល្វា ស្រុកព្រៃឈរ ខេត្តកំពង់ចាមវិញហើយ។ នេះបើតាមការបញ្ជាក់ឱ្យដឹងពីលោក លី ម៉េងសាន ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តកំពង់ចាមខណៈពេលដែលរូបលោករួមជាមួយនឹងលោក ខេង ម៉េងឈុន អភិបាលស្រុកព្រៃឈរ និងសហការីជាច្រើននាក់ត្រូវបានឯកឧត្ដម អភិបាលខេត្តកំពង់ចាមចាត់ឱ្យចាំទទួលដំណើរវិលត្រឡប់វិញរបស់សិស្សានុសិស្សទាំងអស់នោះនៅខាងមុខវិទ្យាល័យល្វា ស្រុកព្រៃឈរ។
លោក លី ម៉េងសាន ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តកំពង់ចាម ឱ្យដឹងដែរថា ពេលនេះ សិស្សវគ្គទី១ ចំនួន ១៥នាក់បានមកដល់គោលដៅហើយតែយើងក៏នៅតែបន្តរង់ចាំទទួលដំណើរវិលវិញរបស់សិស្ស ក្នុងវគ្គបន្តបន្ទាប់ទៀតផងដែរ។ ដោយឡែកសិស្សមួយចំនួនទៀតក៏ត្រូវបានឪពុកម្ដាយរបស់ពួកគេបានទៅទទួលដោយផ្ទាល់ពីខេត្តកំពង់ស្ពឺមកលំនៅដ្ឋានរបស់ពួកគេហើយដែរ ។
សូមជម្រាបថា នារសៀលថៃ្ងទី២៩ ខែធ្នូ ឆ្នាំ២០២៤ នេះ មានករណីរថយន្តក្រុង ១គ្រឿងបានរេចង្កូតធ្លាក់ផ្លូវរួចទៅអែបនឹងជ្រោះមានដើមឈើ នៅចំណុចលោកយាយបាំងដៃហួសចំណុចជ្រោះអូរកសេះស្ថិតនៅក្នុងភូមិសាស្រ្ត លើខ្នងភ្នំឧទ្យានជាតិ ព្រះកុសុមៈគីរីរម្យ នៅក្នុងឃុំចំបក់ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។ ជាមួយនោះ ដោយមានការយកចិត្តទុកដាក់ពីសំណាក់ឯកឧត្ដមអភិបាលខេត្តកំពង់ចាម និងឯកឧត្ដមអភិបាលខេត្តកំពង់ស្ពឺក៏បានចាត់កម្លាំងសមត្ថកិច្ចជំនាញប្រតិបត្ដិការអន្ដរាគមន៍ជួយសង្រ្គោះមនុស្សទាន់ពេលវេលា និងបានដឹកជញ្ជូនសិស្សទាំងនោះធ្វើដំណើរតាមរថយន្តផ្សេងវិលត្រឡប់មកកាន់វិទ្យាល័យល្វាវិញទៅតាមដំណាក់កាលបន្តបន្ទាប់ផងដែរ ។
បើតាមលោកស្រី ឃាន សុភាព នាយិកាវិទ្យាល័យល្វា បានឱ្យដឹងថា ដំណើរទស្សនកិច្ចសិក្សានៅឧទ្យានជាតិព្រះកុសុមៈគីរីរម្យនៃខេត្តកំពង់ស្ពឺ នេះ ដឹកនាំដោយគ្រូ ០១រូប និងក្រុមគ្រួសារចំនួន ០៤រូប ហើយបានធ្វើដំណើរតាមរយន្តក្រុង ១គ្រឿង មានមនុស្សសរុប ៦៨នាក់៕