អភិបាលខេត្តស្វាយរៀង អញ្ជើញចូលរួមក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវអគាររដ្ឋបាលមូលដ្ឋានកងរាជអាវុធហត្ថក្រុងបាវិត អគាររដ្ឋបាលសង្កាត់ និងអគារប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់បាវិត ក្រុងបាវិត
នាព្រឹកថ្ងៃពុធទី០៨ ខែធ្នូ ឆ្នាំ២០២១នេះ ឯកឧត្តម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង បានអញ្ជើញចូលរួមក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវអគាររដ្ឋបាលមូលដ្ឋានកងរាជអាវុធហត្ថក្រុងបាវិត អគាររដ្ឋបាលសង្កាត់ និងអគារប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់បាវិត ក្រុងបាវិត ក្រោមអធិបតីភាព ឯកឧត្តមនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស។
អញ្ជេីញចូលរួមក្នុងពិធីនេះ មាន ឯកឧត្តម គឹម ធា សមាជិកព្រឹទ្ធសភាមណ្ឌលភូមិភាគទី៦ ឯកឧត្ដមមេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងគណៈប្រតិភូអមដំណើរ ឯកឧត្តមអភិបាលរងខេត្ត ឯកឧត្តមប្រធានសាលាដំបូងខេត្ត ឯកឧត្តមព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត លោកមេបញ្ជាការកងកម្លាំងទាំងបី លោកប្រធានមន្ទីរ-អង្គភាពនានាក្នុងខេត្ត ឯកឧត្តម លោកជំទាវ លោកឧកញ៉ា ជាសប្បុរជន ក្រុមប្រឹក្សាក្រុង គណៈអភិបាលក្រុង មន្ត្រីរាជការ កងកម្លាំង និងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត។
មានប្រសាសន៍ទៅកាន់ពិធីនេះ ឯកឧត្តម ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង បានថ្លែងនូវការអរគុណយ៉ាងជ្រាលជ្រៅចំពោះ ឯកឧត្ដម នាយឧត្ដមសេនីយ៍ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ដែលកន្លងមក ឯកឧត្ដមតែងតែជួយឧបត្ថម្ភគាំទ្រដល់ដំណើរការកសាងសមិទ្ធផលនានាក្នុងខេត្តស្វាយរៀង រួមទាំងហេដ្ឋារចនាសម្ព័ន្ធកងរាជអាវុធហត្ថនៅក្នុងខេត្ត ទាំងនេះ គឺពិតជាការសរបញ្ជាក់ឲ្យឃើញពីការគិតគូរយកចិត្តទុកដាក់បំផុតរបស់ ឯកឧត្ដមក្នុងការគាំទ្រ និងលើកទឹកចិត្តចំពោះកងកម្លាំងកងរាជអាវុធហត្ថមូលដ្ឋានឲ្យកាន់តែខិតខំប្រតិបត្តិការរក្សាសន្តិសុខសុវត្ថិភាព ជូនប្រជាពលរដ្ឋឲ្យកាន់តែល្អប្រសើរថែមទៀត។
ទន្ទឹមនេះ សមិទ្ធផលនៅថ្ងៃនេះ គឺជាហេដ្ឋារចនាសម្ព័ន្ធផ្នែករឹងថ្មីមួយទៀត នៅក្នុងវិស័យសន្តិសុខ ក៏ដូចជានៅក្នុងវិស័យរដ្ឋបាលមូលដ្ឋានរបស់យើង បន្ថែមពីលើសមិទ្ធផលផ្សេងៗទៀត ដែលយើងបានខិតខំកសាងបាន កន្លងមកបម្រើឲ្យផលប្រយោជន៍ និងសេចក្ដីត្រូវការនូវមូលដ្ឋាន។ បើទោះបីជាប្រទេសជាតិ ក៏ដូចជាខេត្តស្វាយរៀងរបស់យើង បានជួបប្រទះនូវបញ្ហាប្រឈម នៃវិបត្តិជំងឺកូវីដ-១៩ ដែលធ្វេីឲ្យមានផលប៉ះពាល់ដល់វិស័យសេដ្ឋកិច្ច សង្គម ជីវភាព និងសុខុមាលភាពប្រជាពលរដ្ឋយ៉ាងណាក៏ដោយ អាស្រ័យដោយប្រទេសជាតិរបស់យើង ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត និងចក្ខុវិស័យច្បាស់លាស់របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ការអភិវឌ្ឍនៅតែបោះជំហានរីកចម្រេីនទៅមុខជានិច្ច។
ក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្ត ក៏បានថ្លែងនូវការកោតសរសើរចំពោះលោកឧត្ដមសេនីយ៍ត្រី មេបញ្ជាការកងរាជអាវុធហត្ថខេត្ត ដែលមិនត្រឹមតែបានខិតខំក្នុងការដឹកនាំកម្លាំងសហការ ក្នុងការថែរក្សាសន្ដិសុខសុវត្ថិភាពជូនប្រជាពលរដ្ឋក្នុងខេត្តបានល្អប្រសើរប៉ុណ្ណោះទេ ប៉ុន្តែក៏បានយកចិត្តទុកដាក់ក្នុងការកៀរគរការចូលរួម ប្រកបដោយភាពច្នៃប្រឌិតក្នុងការកសាងអង្គភាពឲ្យមានការរីកចម្រើន ជាពិសេស គឺអគារធ្វើការ ដែលត្រូវដាក់សម្ពោធឲ្យប្រើប្រាស់ជាផ្លូវការនៅថ្ងៃនេះ ហើយឯកឧត្ដមសង្ឃឹមថា អគារធ្វើការថ្មីនេះ ក៏នឹងផ្ដល់នូវកម្លាំងជំរុញទឹកចិត្តដល់កងកម្លាំង និងក្រុមប្រឹក្សាសង្កាត់ ឲ្យបន្តកសាងបាននូវស្នាដៃថ្មីៗ ល្អៗថែមទៀតក្នុងការបំពេញតួនាទីភារកិច្ចបម្រើប្រជាពលរដ្ឋនៅមូលដ្ឋាន និងក៏សូមឲ្យខិតខំចូលរួមថែរក្សាសមិទ្ធផលនេះ ដើម្បីធានាឲ្យការប្រើប្រាស់បានគង់វង្សយូរអង្វែង។
ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេសបានថ្លែងប្រាប់កងកម្លាំងទាំងអស់នៅក្នុងខេត្តស្វាយរៀង ឲ្យពង្រឹងសន្តិសុខនៅតាមបន្ទាត់ព្រំដែន ឈរលើមូលដ្ឋាន សន្តិភាព មិត្តភាព សហប្រតិបត្តិការ និងការអនុវត្តច្បាប់ឲ្យបានត្រឹមត្រូវ ដើម្បីរក្សាបានសន្តិសុខជាតិកាន់តែល្អប្រសើរ។
ជាមួយគ្នានេះ ឯកឧត្ដមនាយឧត្តមសេនីយ៍ សៅ សុខា បានថ្លែងកោតសរសើរដល់កងរាជអាវុធហត្ថខេត្តស្វាយរៀង ដែលបានបំពេញភារកិច្ច និងតួនាទីបានល្អប្រសើរឈរលើការសាមគ្គីភាព ឯកភាពផ្ទៃក្នុង និងការអនុវត្តច្បាប់យ៉ាងត្រឹមត្រូវជាពិសេសបានកសាងអាគារទីបញ្ជាការមូលដ្ឋាននៅតាមបណ្ដាស្រុក ក្រុង មានកន្លែងធ្វើការសមរម្យដែលបានផ្ដល់ទំនុកចិត្តដល់ប្រជាពលរដ្ឋក្នុងការពឹងពាក់ ឱ្យសមត្ថកិច្ចកងរាជអាវុធហត្ថចុះអន្តរាគមន៍ពាក់ព័ន្ធទៅនឹងការបង្ក្រាបបទល្មើសផ្សេងៗផងដែរ។
ឯកឧត្តមបន្តថា គ្មានការលំបាកណាដែលយើងមិនអាចធ្វើបាននោះទេ ព្រោះពួកយើងបានឆ្លងកាត់ នូវបទពិសោធន៍ និងការដឹកនាំបានល្អគ្រប់ថ្នាក់ ជាពិសេសយើងមានមគ្គុទេសក៍ដ៏ឆ្នើមគឺសម្ដេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា ដែលបានស្វែងរកសន្តិភាពជូនជាតិមាតុភូមិ និងប្រែក្លាយប្រទេសកម្ពុជាពីចំណុចសូន្យឲ្យមានការអភិវឌ្ឍលើគ្រប់វិស័យ។
នៅក្នុងពិធីនេះដែរ ឯកឧត្ដមនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានឧបត្ថម្ភថវិកាដល់ យោធាការពារព្រំដែន ប៉ុស្តិ៍នគរបាលរដ្ឋបាលក្រុង កម្លាំងកងរាជអាវុធហត្ថក្រុង និងសាលាសង្កាត់បាវិត សរុបថវិកា ២០លានរៀល៕