ក្រុមហ៊ុនហ្រ្គីន ជី អេជ សហការជាមួយក្រសួងបរិស្ថានបានរៀបចំកម្មវិធី «រត់ប្រណាំងនៅលើភ្នំគូលែនសម្រាប់រដូវកាលទី៣ ឆ្នាំ២០២៤»

(សៀមរាប​)៖​ ក្រុមហ៊ុនហ្រ្គីន ជី អេជ បានរៀបចំកម្មវិធី «រត់ប្រណាំងនៅលើភ្នំគូលែនសម្រាប់រដូវកាលទី៣ ឆ្នាំ២០២៤» ដោយមានការសហការជាមួយ​ក្រសួងបរិស្ថាន​នាព្រឹកថ្ងៃអាទិត្យ ១០រោច ខែអស្សុជ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៤​ ស្ថិតនៅមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិរក្សកេសរកូលសុខអានភ្នំគូលែនក្នុងតំបន់ឧទ្យានជាតិព្រះជ័យវរ្ម័ន-នរោត្ដម “ភ្នំគូលែន” ខេត្តសៀមរាប។

ក្នុងកម្មវិធីនេះគណៈធិបតីចូលរួមរួមមាន ឯកឧត្តម ព្រាប កុល រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី ឯកឧត្តម សែម ហាក់ អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន ឯកឧត្តម ភូ សំអាត សមាជិកក្រុមប្រឹក្សាខេត្ត លោក យុន លីណេ អភិបាលរងខេត្តសៀមរាប លោក អៀង ពិសិដ្ឋ អភិបាលស្រុកស្វាយលើ លោក ស៊ុន គង់ ប្រធានមន្ទីរបរិស្ថានខេត្តសៀមរាប មន្តី្រមន្ទីរបរិស្ថានខេត្តសៀមរាប អាជ្ញាធរពាក់ព័ន្ធស្រុកស្វាយលើនិងស្រុកបន្ទាយស្រី ប្រជាពលរដ្ឋ និងក្រុមយុវជនប្រមាណ ៣៥០នាក់(ស្រ្តី៦០%)។

ជាកិច្ចចាប់ផ្តេីមកម្មវិធី​ ឯកឧត្តម សែម ហាក់ អនុរដ្ឋលេខាធិការក្រសួងបរិស្ថានបានមានមតិស្វាគមន៍បើកកម្មវិធី​បានលើកឡើងថា ទី១.កីឡាធ្វើឱ្យយើងទាំងអស់គ្នាទទួលបាននូវភាពស្អាតក្នុងខ្លួន(យុវជនយើងមានសុខភាពល្អ មិនប្រើប្រាស់គ្រឿងញៀន) និងជុំវិញខ្លួន(យុវជនបានចូលរួមមិនប្រើប្រាស់ថង់ប្លាស្ទិក រក្សាអនាម័យតាមរយៈចូលរួមដើររើសសំរាម)។ ទី២.សកម្មភាពចូលរួមរបស់យុវជនក្នុងយុទ្ធនាការពន្លកបៃតងតាមរយៈការដាំដើមឈើដើម្បីពង្រីកវិសាលភាពគម្របបៃតងរបស់កម្ពុជា។

ផ្សារភ្ជាប់ក្នុងកម្មវិធី ឯកឧត្តមបានបន្ថែមថា ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថានបានយកចិត្តទុកដាក់ជាចម្បងលើបរិស្ថាន និងសុខភាពដោយបានដាក់ចេញនូវយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន២០២៣-២០២៨ ដែលមានសសរស្ភម្តចំនួន៣ គឺភាពស្អាត ភាពបៃតង និងចីរភាព។ ចំពោះភាពស្អាត ឯកឧត្តមរដ្ឋមន្ត្រី បានដឹកនាំយុទ្ធនាការ «ថ្ងៃនេះខ្ញុំមិនប្រើប្រាស់ថង់ប្លាស្ទិកទេ» មានអ្នកចូលរួមសរុប ៩,៨ លាននាក់ និងយុទ្ធនាការ «កម្ពុជាស្អាត ខ្មែរធ្វើបាន» មានអ្នកចូលរួមសរុបជាង៣លាននាក់ ហើយនឹងភាពបៃតងគឺក្រសួងបរិស្ថាន តាមរយៈមន្ទីរបរិស្ថានរាជធានី-ខេត្តបានបណ្ដុះកូនឈើចែកជូនប្រជាពលរដ្ឋយកទៅដាំចំនួន១,៣លានដើម ដោយឥតគិតថ្លៃហើយផែនការបណ្ដុះកូនឈើឆ្នាំ២០២៥ មានចំនួនចន្លោះ២ទៅ៣លានដើមដើម្បីត្រៀមចែកជូនប្រជាពលរដ្ឋយកទៅដាំដោយឥតគិតថ្លៃ។

នៅចុងកម្មវិធី ឯកឧត្តម សែម ហាក់ អនុរដ្ឋលេខាធិការក្រសួងបរិស្ថានបានដឹកនាំអ្នកចូលរួមប្រមាណ៣៥០នាក់ចូលរួមដាំដើមឈើចំនួន៣៥០ដើមមានទីតាំងនៅមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិរក្សកេសរកូលសុខអានភ្នំគូលែននៃតំបន់ឧទ្យានជាតិព្រះជ័យវរ្ម័ន-នរោត្ដម “ភ្នំគូលែន” ខេត្តសៀមរាប។ កម្មវិធីនេះប្រព្រឹត្តទៅប្រកបដោយជោគជ័យ និងមានសោមនស្សរីករាយបំផុត។

WhatsAppProtopage BookmarksTwitterLinkedInLinePinterestGoogle BookmarksTelegramFacebookCopy LinkFacebook MessengerShare
WhatsAppProtopage BookmarksTwitterLinkedInLinePinterestGoogle BookmarksTelegramFacebookCopy LinkFacebook MessengerShare