ស្ត្រីម្នាក់បានស្លាប់បាត់បង់ជីវិតបន្ទាប់ពីទៅសម្រាលកូនដោយវះកាត់នៅ«មន្ទីរសំរាកព្យាបាល និងសម្ភពសុខ ខេង» ក្នុងស្រុក ពារាំង

ព្រៃវែង ៖ ពិតជាគួរឱ្យអាណិតនិងខ្លោចផ្សារជាទីបំផុត ខណៈស្ដ្រីម្នាក់បានធ្លាក់ឈាមនិងហូរឈាមមិនឈប់រហូតខ្សោះខ្លួនស្លាប់ចោលប្ដីនិងកូនទាំងនៅវ័យក្មេងបន្ទាប់ពីរូបនាងទៅសម្រាលកូនដោយវះកាត់នៅ«មន្ទីរសំរាកព្យាបាល និងសម្ភពសុខ ខេង» ស្ថិតនៅចំពីមុខ (ផ្សារស្នាយពល) ភូមិស្នាយពល ឃុំរកា ស្រុកពារាំង ខេត្តព្រៃវែង បានប្រហែល៥ទៅ៦ម៉ោងប៉ុណ្ណោះ ។

ករណីនេះម្ចាស់មន្ទីរសំរាកព្យាបាលបានលើកឡើងថា ៖ មូលហេតុមកពីខ្លួនមិនដឹងប្រវត្តិស្ដ្រីរងគ្រោះ ដោយពិនិត្យដំបូងនាងមានអាការៈធម្មតាសោះលុះ ”វះកាត់” រួចស្រាប់តែហូរឈាមមិនឈប់ទើបកើតជារឿងបែបនោះទៅ ។

អាជ្ញាធរមូលដ្ឋានបានឱ្យដឹងថា ៖ ស្ត្រីរងគ្រោះឈ្មោះ ឡាំង ស្រីយ៉ាត អាយុ ៣៧ឆ្នាំ មានទីលំនៅភូមិខ្សុំជើង ឃុំកំពង់ពពិល ស្រុកពារាំង ខេត្តព្រៃវែង។
បាន (ស្លាប់) នៅយប់ទី២៣.១០.២០២១ ហើយត្រូវបានបូជាសពនៅថ្ងៃទី២៤.១០.២០២១។

ប្រភពដដែលបន្តថា ៖ នៅមុនពេលស្លាប់ស្ដ្រីរងគ្រោះមានសុខភាពល្អ និងរឹងមាំធម្មតាទេហើយបានទៅពិនិត្យសុខភាពនិងពិនិត្យផ្ទៃពោះនៅ ”មន្ទីរសំរាកព្យាបាល និងសម្ភពឧត្ដមតារា ស្ថិតនៅភូមិស្នាយពលក្បែរគ្នានឹង «មន្ទីរសំរាកព្យាបាល និងសម្ភព សុខ ខេង »ដែរ។

ដោយពេលនោះក្រុមគ្រូពេទ្យនៅ ”មន្ទីរសំរាកព្យាបាល និងសម្ភព ឧត្ដមតារា” បានពិនិត្យឃើញថា ៖ ស្ដ្រីរងគ្រោះមានសុខភាពល្អធម្មតាគឺអាចសម្រាលកូនដោយ ”វះកាត់” បានដោយមិនមានបញ្ហាអ្វីដល់អាយុជីវិតឡើយហើយគ្រូពេទ្យបានឱ្យស្ដ្រីរងគ្រោះទៅផ្ទះសិនចុះ ដោយណាត់ថា ៖ នៅថ្ងៃទី២៥.១០.២០២១ ចាំមកវះកាត់និងសម្រាលកូននៅ ”មន្ទីរសំរាកព្យាបាលនិងសម្ភព ឧត្ដមតារា” របស់ខ្លួន។

មិនដូច្នេះអី ស្រាប់តែនៅថ្ងៃទី២២.១០.២០២១ សាច់ញាតិបាននាំស្ដ្រីរងគ្រោះបានទៅសម្រាលកូននៅ «មន្ទីរសំរាកព្យាបាល និងសម្ភព សុខ ខេង» ស្ថិតនៅចំពីមុខផ្សារស្នាយពល ភូមិស្នាយពល ឃុំរកា ស្រុកពារាំងខេត្តព្រៃវែងឯណោះវិញពោលគឺមិនបានទៅសម្រាលកូន នៅមន្ទីរសំរាកព្យាបាលដើមដែលពិនិត្យផ្ទៃពោះមុននោះទេ។

ខណៈនោះគ្រូពេទ្យនៅ «មន្ទីរសំរាកព្យាបាលនិងសម្ភព សុខ ខេង» បានពិនិត្យសុខភាព និងពិនិត្យផ្ទៃពោះរបស់នាងដោយឱ្យនាងសំរាកក្នុងមន្ទីរពេទ្យរបស់ខ្លួនមួយយប់លុះស្អែកឡើងថ្ងៃទី២៣.១០.២០២១ទើបគ្រូពេទ្យធ្វើការវះកាត់ស្ដ្រីរងគ្រោះដើម្បីសម្រាលកូនតែម្ដង។

មិនដឹងថា «មកពីវះកាត់ខុសបច្ចេកទេសឬមកពីរោគស្រីរងគ្រោះទេ?» ពោលគឺក្រោយវះកាត់រួច ស្រាប់តែស្ដ្រីរងគ្រោះធ្វើទុក្ខខ្លាំងដោយធ្លាក់ឈាម ហូរឈាមច្រើនៗមិនឈប់សោះ។ ខណៈនោះក្រុមគ្រូពេទ្យហាក់ភិតភ័យហើយព្យាយាមបញ្ចូលឈាមដល់ស្ដ្រីរងគ្រោះចំនួន៨កំប្លោកប៉ុន្តែមិនអាចជួយនាងបានឡើយព្រោះក្រោយត្រូវមុខកាំបិតរបស់ពេទ្យធ្វើឱ្យនាងហូរឈាមខ្លាំងឡើងៗរហូតដល់ព្រលប់ថ្ងៃទី២៣.១០.២០២១ដដែល ។
នាងក៏ខ្សោះខ្លួននិងខ្សោះឈាមស្លាប់ក្នុង «មន្ទីរសំរាកព្យាបាល និងសម្ភព សុខ ខេង» តែម្ដងទៅ ពោលគឺស្លាប់ក្រោយ ”វះកាត់” ប្រហែល៥ទៅម៉ោង៦ម៉ោង។

បន្ទាប់មកក្រុមគ្រួសារនិងគ្រូពេទ្យបានដឹកសពនាងមកផ្ទះនិងធ្វើការបូជាសពនៅថ្ងៃទី២៤.១០.២០២១។ ទន្ទឹមនឹងនោះក៏មានការសម្របសម្រួលគ្នារវាងគ្រូពេទ្យនិងគ្រួសារសព ដើម្បីបញ្ចប់រឿងមិនប្ដឹងផ្ដល់។

ករណីនេះលោក សេង បញ្ញាឬទ្ធិ ប្រធានមន្ទីរសុខាភិបាលខេត្តព្រៃវែងបានប្រាប់អោយដឹងថា៖ នៅថ្ងៃទី២៧.១០.២០២១ ក្រុមការងារបច្ចេកទេសសហការជាមួយគណៈកម្មការគ្រូពេទ្យខេត្តបានចុះស្រាវជ្រាវនៅ «មន្ទីរសំរាកព្យាបាលនិងសម្ភព សុខ ខេង» ខាងលើ។ រីឯលោក ហួត កល្យាណ ប្រធានការិយាល័យសុខាភិបាលប្រតិបត្តិស្រុកពារាំងក៏បានលើកឡើងស្រដៀងគ្នានឹងលោក សេង បញ្ញាឬទ្ធិ ដែរថា ៖ នៅព្រឹកទី២៧.១០.២០២១ មន្ត្រីជំនាញនៃមន្ទីរសុខាភិបាលខេត្តនិងចុះពិនិត្យ «មន្ទីរសំរាកព្យាបាល និងសម្ភព សុខ ខេង»។
លោកបន្តថា ”គ្លីនិក” នេះមានលោក អ៊ុំ សារិទ្ធ ប្រធានមន្ទីរពេទ្យបង្អែកស្រុកពារាំងជាម្ចាស់អាជីវកម្ម។ ចំណែកលោក អ៊ុំ សារិទ្ធ (ហៅពេទ្យស្រឺ) ប្រធានមន្ទីរពេទ្យបង្អែកស្រុកពារាំង និងជាម្ចាស់ «មន្ទីរសំរាកព្យាបាល និងសម្ភពសុខ ខេង» បានទទួលស្គាល់ថា ៖ ពិតជាមានស្ដ្រីម្នាក់ស្លាប់ក្រោយវះកាត់ប្រាកដមែន!។

ដោយលោកថា៖ មូលហេតុមកពីលោកមិនដឹងប្រវត្តស្ដ្រីរងគ្រោះខណៈដំបូងលោកពិនិត្យមើលឈាមរបស់នាងឃើញថាធម្មតាទេលុះឆ្កូតកាំបិត វះកាត់រួចស្រាប់តែឈាមនាងហូរមិនឈប់សោះគឺហូរអស់ៗខណៈលោកបញ្ចូលឈាមចំនួន៨កំប្លោកប្រើអស់៦កំប្លោកទម្រាំនាងស្លាប់។

ជាមួយគ្នានោះលោកស្រី សាយ សុខខេង ភរិយាលោក អ៊ុំ សារិទ្ធ បានលើកឡើងស្រដៀងគ្នាដែរថា ៖ ករណីនេះមកពីនាងខ្ញុំមិនដឹងប្រវត្តិជនរងគ្រោះលុះវះកាត់រួចជនរងគ្រោះស្លាប់ទើបដឹងថានាងធ្លាប់សម្រាលកូនលើកមុនដោយវះកាត់នៅមន្ទីរពេទ្យ ”កាល់ម៉ែត្រ” គឺហូរឈាមនិងបញ្ចូលឈាមអស់៨កំប្លោកឯណោះ។ អ្នកស្រីបន្តថា ៖ មកពីខ្ញុំមិនដឹងប្រវត្តិទើបខ្ញុំជួបរឿងបែបនេះគឺនាំទុក្ខមកឱ្យខ្ញុំទេបើខ្ញុំដឹងប្រវត្តិគឺខ្ញុំមិនទទួលមើលនិងសម្រាលកូនឱ្យគាត់ឡើយ។

ជុំវិញរឿងរ៉ាវខាងលើអង្គភាពសារព័ត៌មានយើងមិនធ្វើការសន្និដ្ឋានឬវិនិច្ឆ័យឡើយថា«តើមកពីពេទ្យ ”វះកាត់” ខុសបច្ចេកទេស ភ្លាត់ស្នៀតធ្វើឱ្យដាច់សរសៃឈាមណាមួយ ឬ ក៏មកពីរោគរបស់ស្ដ្រីរងគ្រោះនោះទេ ?
ប៉ុន្តែជាក់ស្ដែង៖ មុនពេលវះកាត់នាងមានសុខភាពរឹងមាំជាធម្មតាលុះវះកាត់រួចនាងបែរជាហូរឈាមមិនឈប់និងបានស្លាប់បាត់បង់ជីវិតតែម្ដង៕






WhatsAppProtopage BookmarksTwitterLinkedInLinePinterestGoogle BookmarksTelegramFacebookCopy LinkFacebook MessengerShare
WhatsAppProtopage BookmarksTwitterLinkedInLinePinterestGoogle BookmarksTelegramFacebookCopy LinkFacebook MessengerShare