សមត្ថកិច្ចនគរបាលចាប់ខ្លួនជនសង្ស័យ ៤នាក់ជាបន្តបន្ទាប់ និងវត្ថុតាងមួយចំនួនពាក់ព័ន្ធបទល្មើសគ្រឿងញៀន

(កំពង់ចាម)៖ សមត្ថកិច្ចនគរបាលនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម នៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៥ បានចាប់ខ្លួនជនសង្ស័យ ៤នាក់ជាបន្តបន្ទាប់រួមនឹងវត្ថុតាងមួយចំនួនពាក់ព័ន្ធបទល្មើសគ្រឿងញៀន ស្ថិតក្នុងភូមិថ្មគោល ឃុំរអាង ស្រុកកំពង់សៀម ខេត្តកំពង់ចាម។

បើតាមលោក ទុន ណេត អភិបាលស្រុកកំពង់សៀមបានឱ្យដឹងថា នៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៥ វេលាម៉ោង ១២:២០ នាទី នៅចំណុចតាមផ្លូវ ស្ថិតក្នុងភូមិថ្មគោល ឃុំរអាង ស្រុកកំពង់សៀម ខេត្តកំពង់ចាម សមត្ថកិច្ចយើងបានទទួលព័ត៍មានពីប្រជាពលរដ្ឋល្អថា មានមុខសញ្ញាកំពុងតែជួញដូរ និងប្រើប្រាស់ថ្នាំញៀននៅចំណុចខាងលើ។

ក្រោយពីទទួលបានព័ត៌មានភ្លាម កម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀនខេត្តរួមជាមួយកម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកកំពង់សៀម និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលរអាងដឹកនាំដោយលោក វរសេនីយ៍ឯក រុន រ៉ា នាយការិយាល័យប្រឆាំងគ្រឿងញៀនបានចុះទៅដល់នៅចំណុចកើតហេតុខាងលើក៏បានប្រទះឃើញមុខសញ្ញាសង្ស័យចំនួន ០១នាក់ ពេលនោះសមត្ថកិច្ចក៏បានហៅធ្វើការសាកសួរ និងឆែកឆេររកឃើញម្សៅក្រាមពណ៌សសង្ស័យជាថ្នាំញៀនចំនួន ០១កញ្ចប់ដោយមានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម និងមានការឯកភាពពីលោក មុន្នី រតន: ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាមភ្លាមនោះសមត្ថកិច្ចយើងក៏បានធ្វើការឃាត់ខ្លួនជនសង្ស័យជាបន្ដបន្ទាប់សរុបចំនួន ០៤នាក់រូប។

ករណីខាងលើសមត្ថកិច្ចយើងដកហូតវត្ថុតាងរួមមាន ម្សៅក្រាមពណ៌សសង្ស័យជាថ្នាំញៀនចំនួន ១៨កញ្ចប់, ពូថៅចំនួន ០១ដើម, កាំបិតផ្គាក់ចំនួន ០១ដើមកាំបិតស្នៀតចំនួន ០១ដើម, ម៉ូតូចំនួន ០១គ្រឿង, និងទូរស័ព្ទដៃចំនួន ០១គ្រឿង។ បច្ចុប្បន្នជនសង្ស័យនិងវត្ថុតាងខាងលើ សមត្ថកិច្ចយើងបានបញ្ជូនមកកាន់ស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ដើម្បីធ្វើការស្រាវជ្រាវ និងកសាងសំណុំរឿងតាមនីតិវិធី៕

WhatsAppProtopage BookmarksTwitterLinkedInLinePinterestGoogle BookmarksTelegramFacebookCopy LinkFacebook MessengerShare
WhatsAppProtopage BookmarksTwitterLinkedInLinePinterestGoogle BookmarksTelegramFacebookCopy LinkFacebook MessengerShare