
ព្រះសង្ឃ និងពុទ្ធបរិស័ទគ្រប់វត្តអារាមទូទាំងខេត្តព្រៃវែងប្រារព្ធពិធីបុណ្យមាឃបូជា
(ព្រៃវែង)៖ ព្រះសង្ឃ និងពុទ្ធបរិស័ទ ក្មេង-ចាស់ ប្រុស-ស្រីទូទាំងខេត្តព្រៃវែងប្រារព្ធពិធីបុណ្យមាឃបូជាដើម្បីនឹករលឹកគុណព្រះសម្មាសម្ពុទ្ធបរមគ្រូនៃយើង និងដើម្បីទទួលបាននូវបុណ្យកុសលក្នុងកម្មវិធីនេះផងដែរ។ បុណ្យមាឃបូជាគឺជាពិធីបុណ្យដ៏សំខាន់មួយនៅក្នុងព្រះពុទ្ធសាសនា ពិធីនេះត្រូវបានប្រារព្ធឡើងដើម្បីរំលឹកដល់ថៃ្ងដែលព្រះសម្មាសម្ពុទ្ធទ្រង់ប្រកាសបង្កើតព្រះពុទ្ធសាសនាឡើងក្នុងលោកនៅប្រទេសឥណ្ឌាកាលពី ៥៨៨ឆ្នាំ មុនគ្រិស្តសករាជនាថៃ្ង១៥កើត ខែមាឃ ក្រោយពីការត្រាស់ដឹងរបស់ព្រះអង្គចំនួន ៩ខែគត់។
ការប្រារព្ធពិធីបុណ្យមាឃបូជានេះធ្វើឡើងគឺដើម្បីប្រារព្ធនូវព្រឹត្តិការណ៏ធំៗ៣គឺ៖
១- ដើម្បីប្រារព្ធនូវការធ្វើចតុរង្គសន្និបាតប្រកបដោយអង្គបួន
២- ដើម្បីប្រារព្ធថ្ងៃដែលព្រះអង្គទ្រង់សម្តែងឱវាទបាតិមោក្ខ
៣- ដើម្បីប្រារព្ធថ្ងៃដែលព្រះអង្គទ្រង់ដាក់អាយុសង្ខារ។
នៅតាមទីវត្តអារាមមានរៀបចំគ្រឿងរណ្ដាប់ មានផ្កាភ្ញី ទៀន ធូប និងឮតែសំឡេងសូរស័ព្ទព្រះធម៌ក្នុងការប្រារព្ធពិធីបុណ្យសាសនាមួយនេះ។
ក្នុងថ្ងៃប្រារព្ធពិធីបុណ្យមាឃបូជានេះ ពុទ្ធសាសនិកបានធ្វើចង្ហាន់ដើម្បីប្រគេនព្រះសង្ឃនៅតាមវត្តអារាមនានា គោរពតាមនូវពុទ្ធឱវាទដោយនាំគ្នា រក្សាសីលរួមមានសីល៥ និងសីល៨ ជាដើម។ ក្នុងគោលបំណងស្វែងរកនិព្វាន “ សភាវប្រាសចាកទុក្ខ មិនមានសេចក្តីទុក្ខ មិនមានបញ្ហានៅក្នុងផ្លូវចិត្តរបស់ខ្លួន ហៅថានិព្វាន មានន័យថា សេចក្តីស្ងប់ ” ។ ហើយព្រះពុទ្ធសាសនាមានគោលដៅធ្វើយ៉ាងណាបង្រៀនឱ្យពុទ្ធសាសនិកប្រឹងប្រែងបង្កើតសន្តិភាពដល់ខ្លួន និងអ្នកដទៃដើម្បីចូលរួមចំណែកដល់ សន្តិភាពសង្គម និងពិភពលោក។
ហើយមួយវិញទៀត បងប្អូនប្រជាពលរដ្ឋ ពុទ្ធសាសនិក សូមបួងសួងឧទ្ទិសកុសលផលបុណ្យដែលខ្លួនបានធ្វើក្នុងថ្ងៃនេះទៅដល់ញាតិការបស់ខ្លួនដែលគាត់បានទម្លុះកាយ ទម្លាយខណ្ឌទៅកាន់ប៉ាក់រលោកនោះទទួលបានផលបុណ្យដែលកូនចៅបានធ្វើនេះឲ្យរួចចាកផុតទុកទាំងពួងផងដែរ៕