អភិបាលខេត្តស្ទឹងត្រែងតាមរកមុខជនកាប់ឈើទាល និងចាត់វិធានការច្បាប់ដោយគ្មានលើកលែង

(ស្ទឹងត្រែង)៖ លោក សរ សុពុត្រា អភិបាលស្ទឹងត្រែងកំពុងតាមរកមុខក្រុមជនកាប់រំលំឈើទាលធំៗនៅដែនជម្រកសត្វព្រៃ-ព្រៃឡង់ ស្ថិតក្នុងភូមិសាស្រ្តភូមិទាល់ ឃុំអន្លង់ភេ ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង។ ទន្ទឹមនឹងការតាមវែកមុខជនកាប់បំផ្លាញព្រៃឈើហើយនោះ លោកអភិបាលខេត្ត ក៏បានព្រមានចាត់វិធានការតាមច្បាប់ចំពោះជនទាំងនោះផងដែរ។

លោកអភិបាលខេត្តបានលើកឡើងដូច្នេះថា «អ្នកល្មើស និងបក្សពួកនឹងទទួលខុសត្រូវចំពោះមុខច្បាប់នៅពេលដែលការស្រាវជ្រាវវែកមុខឃើញ»។

សូមបញ្ជាក់ថា ជារឿងគួរឱ្យសោកស្តាយ ដើមឈើទាលមានទំហំធំៗ និងខ្ពស់សន្លឹមរាប់សិបដើមត្រូវបានគេលួចកាត់រំលំ និងច្រៀកជាឈើធ្វើផ្ទះ។ ឈើធំៗ ដែលគេលួចកាត់រំលំនេះស្ថិតក្នុងដែនជម្រកសត្វព្រៃ ព្រៃឡង់ ក្នុងភូមិសាស្រ្តភូមិទាល់ ឃុំអន្លង់ភេ ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង។

នៅថ្ងៃព្រហស្បតិ៍ ទី៣០ ខែមករា ឆ្នាំ២០២៥ បន្ទាប់ពីមានការផ្សាយព័ត៌មានពីការកាត់រំលំឈើនេះ លោក ស្រេង ជាហេង ប្រធានមន្ទីរបរិស្ថានខេត្ត ដឹកនាំលោក ទូច វិចិត្រ នាយកដែនជម្រកសត្វព្រៃព្រៃឡង់ លោក នួន ពិសី នាយយករងដែន និងមន្ត្រីឧទ្យានុរក្សសហការជាមួយកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកថាឡាបរិវ៉ាត់ដឹកនាំដោយ លោក សន សារឿន អភិបាលនៃគណៈអភិបាលស្រុក និងកម្លាំងកងរាជអាវុធហត្ថខេត្ត ដឹកនាំដោយលោកអនុសេនីយ៍ឯក សេង សុភណ្ឌ័ ចុះត្រួតពិនិត្យទីតាំងការកាត់រំលំនេះ។

តាមការពិនិត្យជាក់ស្តែងរបស់ក្រុមការងារឃើញថា ឈើដែលបានកាត់អាជ្រៀកខាងលើនេះ អារជាគ្រឿងផ្ទះ ជាប្រភេទឈើទាលចំនួនសរុប៥៦គល់។ ក្នុងនោះអារំលំថ្មីមានចំនួន៤៩គល់ និងអារចាស់មានចំនួន៧គល់។ ឈើទាំងនោះមានអង្កត់ផ្ចិតចាប់៤០សង់ទីម៉ត្រែ ទៅ១០០សង់ទីម៉ែត្រក្នុងប្រភេទដើមឈើនីមួយៗ។ ឈើអាច្រៀកខាងលើនេះគឺជាដើមឈើច្បោះជ័ររបស់ភូមិហើយទីតាំងនោះមានចំការចាស់ព័ទ្ធជុំវិញ ហើយមានដាក់ឈើបាញ់ថ្នាំសម្គាល់គ្រោងកាប់រុករានដីព្រៃ។

សេចក្តីសន្និដ្ឋានរបស់ក្រុមការងារ ករណីខាងលើនេះជាករណីកាប់រំលំ អារច្រៀកឈើបន្ទាប់មកកាប់រុករានទន្ទ្រានយកដីព្រៃធ្វើជាកម្មសិទ្ធិ។

បច្ចុប្បន្នមន្រ្តីជំនាញនៃមន្ទីរបរិស្ថានខេត្តស្ទឹងត្រែងកំពុងរៀបចំកសាងសំណុំរឿងបញ្ជូនទៅតុលាការ និងបន្តសហការជាមួយអាជ្ញាធរភូមិ-ឃុំស្រាវជ្រាវរកជនដែលបានប្រព្រឹត្តដើម្បីចាត់ការតាមនិតិវិធី៕

WhatsAppProtopage BookmarksTwitterLinkedInLinePinterestGoogle BookmarksTelegramFacebookCopy LinkFacebook MessengerShare
WhatsAppProtopage BookmarksTwitterLinkedInLinePinterestGoogle BookmarksTelegramFacebookCopy LinkFacebook MessengerShare