ល្បែងជល់មាន់តាមអនឡាញនៅភូមិបុស្សក្រឡាញ់ សង្កាត់ជ្រាវ និងទីតាំងជាច្រើនកន្លែងទៀតនៅក្រុងសៀមរៀប សូមឯកឧត្តមហ៊ួត សុធី ស្នងការដ្ឋាននគរបាលខេត្តសៀមរាបជួយមើលផង

(ក្រុងសៀមរាប)៖ មួយរយៈនេះគេសង្កេតឃើញថា ក្នុងក្រុងសៀមរាបមានទីតាំងល្បែងស៊ីសងជាច្រើនកន្លែងជាពិសេសមាន់ជល់តាមអនឡាញ បើសរុបជារួមគឺសឹងតែគ្រប់ភូមិ-សង្កាត់ទាំងអស់ក្នុងក្រុងសៀមរាបដូច្នេះសូមលោក ហ៊ួត សុធី ស្នងការនគរបាលខេត្តសៀមរាបមេត្តាជួយពិនិត្យមើលនិងបង្ក្រាបរាល់ល្បែងស៊ីសងទាំងអស់នេះផង។

ជាក់ស្តែងនៅរសៀលថ្ងៃទី២០ ដល់ថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៥ នេះក្រុមការងារអ្នកសារព័ត៌មានយើងបានចុះផ្តិតយករូបភាពជាក់ស្តែងមួយចំនួនដូចជាភូមិបុស្សក្រឡាញ់ សង្កាត់ជ្រាវ ភូមិជន្លង់ សង្កាត់សាលាកម្រើកហើយនិងមានទីតាំងជាច្រើនកន្លែងទៀតដែលអ្នកសារព័ត៌មានយើងថតបាន។

គួររំលឹកផងដែរថា កន្លងមកអ្នកសារព័ត៌មានយើងតែងតែរាយការណ៍ជូនដល់សមត្ថកិច្ចក្នុងមូលដ្ឋានមុនពេលចុះផ្សាយប៉ុន្តែសមត្ថកិច្ចបានតែឆ្លើយថាចាំឱ្យកម្លាំងចុះទៅមើលឬក៏ចាំឱ្យអធិការចុះទៅមើលទាំងអស់នេះជាពាក្យដដែលៗរបស់សមត្ថកិច្ចតែជាលទ្ធផលគឺទីតាំងល្បែងទាំងអស់នោះនៅតែបន្តបើកលេងបានដដែលទាំងអស់នេះសរបញ្ជាក់ឱ្យឃើញថា ជាទង្វើអសមត្ថភាពក្នុងការបង្ក្រាបរាល់ល្បែងស៊ីសងទាំងអស់នេះ។

ដូច្នេះក៏សូមសំណូមពរដល់លោក ហ៊ួត សុធី ស្នងការនគរបាលខេត្តសៀមរាបសារជាថ្មីម្តងទៀត និងជាពិសេសក៏សូមសំណូមពរដល់ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលនៃគណៈអភិបាលខេត្តសៀមរាបសូមមានវិធានការទប់ស្កាត់និងបង្ក្រាបរាល់ល្បែងស៊ីសងដែលកើតមានក្នុងក្រុងសៀមរាបផង សូមកុំបណ្តែតបណ្តោយឱ្យកើតមានល្បែងស៊ីសងបែបនេះទៀត និងដើម្បីរក្សាពាក្យថាភូមិឃុំមានសុវត្ថិភាពទាំង៧ចំណុចរបស់ក្រសួងមហាផ្ទៃ។

យោងតាមកិច្ចប្រជុំនៅទីស្ដីការក្រសួងមហាផ្ទៃកាលពីរសៀលថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២៤ លោកឧបនាយករដ្ឋមន្ត្រី ស សុខា បានប្រាប់អភិបាលរាជធានី-ខេត្ត និងលោកស្នងការរាជធានី-ខេត្តឱ្យចាត់វិធានការ​​​​​​រុះរើ និងហាមដាក់ផ្ទាំងបដា​ផ្សព្វផ្សាយល្បែងតាមដងផ្លូវ ទីសាធារណៈ លើកលែងបដាតាមកាស៊ីណូស្របច្បាប់លើសពីនេះ លោករដ្ឋមន្រ្តីថែមទាំងបញ្ជាឱ្យស្រាវជ្រាវបង្ក្រាបទីតាំងផ្ទះដែលបង្កលក្ខណៈឱ្យមានការលេងល្បែងតាមអនឡាញហើយធ្វើរបាយការណ៍ជូនអគ្គស្នងការ​​​ដ្ឋាននគរបាលជាតិ និងរាយការណ៍បន្តទៅកាន់ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ។

សូមរំលឹកថា: កាលពីថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៤ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានដាក់បទបញ្ជាឱ្យអភិបាលទាំង២៥ខេត្ត/ក្រុង/រាជធានីតម្រូវឱ្យបង្រ្កាបទីតាំងបនល្បែងស៊ីសងតាមអនឡាញគ្រប់ប្រភេទ និងកន្លែងចែកចាយនូវប្រភេទថ្នាំដែលមានសារធាតុញៀនខុសច្បាប់គ្រប់ប្រភេទ នូវទូទាំងប្រទេសដោយគ្មានការលើកលែង។

សូមបញ្ជាក់ផងដែរថា មិនមែនមានតែមួយកន្លែងនេះទេគឺមានជាច្រើនកន្លែងទៀតសឹងគ្រប់សង្កាត់ទាំងអស់ក្នុងក្រុងសៀមរាបដូច្នេះសូមលោក ហ៊ួត សុធី ស្នងការដ្ឋាននគរបាលខេត្តសៀមរាប មេត្តាជួយពិនិត្យដើម្បីឈានដល់ការទប់ស្កាត់បង្រ្កាបផង។

ពាក់ព័ន្ធនឹងការចុះផ្សាយខាងលើ អង្គភាពយើងខ្ញុំធ្វើការផ្សាយទៅតាមវិជ្ជាជីវៈអ្នកសារព័ត៌មានគឺរិះគន់ក្នុងន័យស្ថាបនាមិនមានចេតនាញុះញង់បំបែកបំបាក់បុគ្គលស្ថាប័ន ឬអង្គភាពណាមួយឡើយព្រមទាំងរង់ចាំទទួលការបកស្រាយពីភាគីស្ថាប័នពាក់ព័ន្ធរៀងរាល់ម៉ោងធ្វើការ៕

WhatsAppProtopage BookmarksTwitterLinkedInLinePinterestGoogle BookmarksTelegramFacebookCopy LinkFacebook MessengerShare
WhatsAppProtopage BookmarksTwitterLinkedInLinePinterestGoogle BookmarksTelegramFacebookCopy LinkFacebook MessengerShare