បែកធ្លាយរឿងប្រជាពលរដ្ឋរស់នៅក្នុងស្រុកសាមគ្គីមានជ័យមិនសប្បាយចិត្តលើមន្ត្រីសុរិយោដីស្រុកធ្វើការយឺតយ៉ាវរឿងធ្វើប្លង់ដី

(ខេត្តកំពង់ឆ្នាំង)៖ កន្លងទៅសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាធ្លាប់មានប្រសាសន៍ថា មន្ត្រីគ្រប់រូបត្រូវតែបម្រើប្រជាពលរដ្ឋ។ រហូតមកដល់បច្ចុប្បន្ន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបន្តវេនក៏នៅតែប្រកាន់ខ្ជាប់នូវអនុសាសន៍ដ៏ថ្លៃថ្លា ធ្វើជាមន្ត្រីត្រូវបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលាប៉ុន្តែដោយឡែកនៅក្នុងស្រុកសាមគ្គីមានជ័យនៃខេត្តកំពង់ឆ្នាំង ស្រាប់តែប្រជាពលរដ្ឋមានការមិនសប្បាយចិត្តជាមួយប្រធានការិយាល័យរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ថា ធ្វើការយឺតយ៉ាវ មិនយកចិត្តទុកដាក់ធ្វើការងារជូនប្រជាពលរដ្ឋនោះទេ។ មិនតែប៉ុណ្ណោះរាល់ឯកសាររបស់ប្រជាពលរដ្ឋដាក់ទៅមន្ត្រីរូបនោះយកទៅទុកចោលមិនបំពេញការងាររបស់ខ្លួននោះទេទុកចោលរាប់ខែឆ្នាំក៏មានដែរប្រសិនបើមានលុយសូកប៉ាន់ទើបធ្វើការងារជូន។

យោងតាមប្រភពព័ត៌មានបែកធ្លាយបានឱ្យដឹងថា៖ «ខ្ញុំសូមផ្ញើជូនប្រធានការិយាល័យសុរិយោដីស្រុកសាមគ្គីមានជ័យ និងបងប្អូនពលរដ្ឋក្នុងស្រុកសាមគ្គីមានជ័យ។ ប្រជាពលរដ្ឋលើកជាចម្ងល់ថា តើសុរិយោដីស្រុកសាមគ្គីមានជ័យបំពេញការងារយ៉ាងដូចម្តេច? មានពលរដ្ឋមួយចំនួននៅស្រុកសាមគ្គីមានជ័យបានប្រាប់មកខ្ញុំពីផលវិបាករបស់ពួកគេជុំវិញសេវាដីធ្លីរបស់ពួកគាត់ថាពិបាក យឺតហើយខ្លះមិនបានទទួលប្លង់ដីដែលចុះជាប្រព័ន្ឋ តើមន្ត្រីសុរិយោដីចង់បានអ្វីមិនជួយពលរដ្ឋរឿងសេវាដីធ្លី? ភាពអត់ធ្មត់របស់ខ្ញុំមានកម្រិត ខាងក្រោមនេះជាលិខិតខ្ញុំដាក់ជូនបងអភិបាលខេត្តរឿងដីធ្លីខ្ញុំ ខ្ញុំដឹងថាពលរដ្ឋយើងនៅស្រុកសាមគ្គីមានជ័យមានការលំបាកខ្លាំងណាស់។ បើទោះបីខ្ញុំអាចស្រាយបញ្ហាខ្ញុំបាន ចុះពលរដ្ឋផ្សេងៗគិតយ៉ាងណា? នេះជាហេតុផលដែលខ្ញុំត្រូវបង្ហាញជាសាធារណៈនូវបញ្ហាក្នុងខ្ញុំរឿងដីធ្លីនេះ។ ប្រជាពលរដ្ឋបានបន្តថា ឥឡូវឯកសារខ្ញុំត្រូវបានយកទៅទុកចោល តេមិនលើក លើកក៏និយាយមិនចប់បិទ។ ខ្ញុំក៏មានការលំបាកចិត្តដោយសារពលរដ្ឋដែលជួបបញ្ហានេះតែងស្តីបន្ទោសថ្នាក់ដឹកនាំរដ្ឋាភិបាល ខ្ញុំក៏មិនអាចឈរមើលភាពអយុត្តិធម៌ចំពោះពលរដ្ឋ និងថ្នាក់ដឹកនាំខ្ញុំដោយសារមន្ត្រីអសកម្ម ខ្ញុំមិនថាពុករលួយទេ ដោយសារគ្មានភស្តុតាំង។ ខ្ញុំគិតថាគួររៀបចំ សេវាដីធ្លីជូនពលរដ្ឋឡើងវិញ។
ខ្ញុំសូមផ្តាំ២៖
ទី១. ផ្ញើជូនប្រធានការិយាល័យសុរិយោដីស្រុកសាមគ្គីមានជ័យថា លើកនេះខ្ញុំផុស លើកក្រោយខ្ញុំធ្វើឌីអូ លើកក្រោយទៀតនៅមានពលរដ្ឋមកប្តឹងខ្ញុំ ខ្ញុំសូមធ្វើរបាយការណ៍ជូនសម្តេចពុក សម្តេចបង និងឯកឧត្តម ឧប សាយ សំអាល់ លើកនេះខ្ញុំធ្វើលិខិតជូនបងអភិបាលខេត្ត។
ទី២. ជូនបងប្អូនពលរដ្ឋក្នុងស្រុកសាមគ្គីមានជ័យថា បងប្អូនមានបញ្ហាយឺតយ៉ាវរឿងសេវាដីធ្លីប្រាប់ខ្ញុំ ឬក្រុមការងារដើម្បីជួយបងប្អូនដាក់សំណើរទៅច្រកចេញចូលតែមួយរបស់ស្រុកហើយបន្តនីតិវិធីទៅមុខទៀត។

ខ្ញុំសូមបញ្ជាក់បងប្អូនថា សម្តេចពុក សម្តេចបង ឯកឧត្តម ឧប សាយ សំអាល់ ខិតខំណាស់ការពារសន្តិភាព អភិវឌ្ឍសង្គមជាតិ និងជាពិសេសតាមរយៈ ឯកឧត្តម ឧប សាយ សំអាល់ ខិតខំកំណែទម្រង់វិស័យដីធ្លីនៅកម្ពុជា»។

ជុំវិញការបែកធ្លាយរឿងប្រជាពលរដ្ឋមិនសប្បាយចិត្តនឹងប្រធានមន្ត្រីសុរិយោដីស្រុក ធ្វើការយឺតយ៉ាវរឿងធ្វើប្លង់ដីនេះដែរ អង្គភាពសារព័ត៌មានយើងមិនទាន់អាចសុំការបំភ្លឺពីប្រធានមន្ទីរសុរិយោដីស្រុកបានទេរហូតម៉ោងចេញផ្សាយនេះដោយមិនមានប្រភពណាមួយអាចទំនាក់ទំនងបាន។

ដោយឡែក ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធ អភិបាលនៃគណៈអភិបាលខេត្តកំពង់ឆ្នាំង អ្នកសារព័ត៌មានយើងបានផ្ញើសារសួរទៅឯកឧត្តមតាមប្រព័ន្ធតេឡេក្រាម ពាក់ព័ន្ធនឹងករណីខាងលើនេះឃើញលោកចូលមើលតែមិនឆ្លើយតប។

អង្គភាពសារព័ត៌មានយើងខ្ញុំរងចាំទទួលការបកស្រាយបំភ្លឺពីប្រធានការិយាល័យសុរិយោដីស្រុកសាមគ្គីមានជ័យ នៅរៀងរាល់ម៉ោងធ្វើការពាក់ព័ន្ធប្រជាពលរដ្ឋថា លោកធ្វើការយឺតយ៉ាវរឿងប្លង់ដីនេះដោយយោងតាមច្បាប់ស្ដីពីរបបសារព័ត៌មាននៅកម្ពុជា៕

WhatsAppProtopage BookmarksTwitterLinkedInLinePinterestGoogle BookmarksTelegramFacebookCopy LinkFacebook MessengerShare
WhatsAppProtopage BookmarksTwitterLinkedInLinePinterestGoogle BookmarksTelegramFacebookCopy LinkFacebook MessengerShare