កុមារា កុមារី ដែលមានជីវភាពខ្វះខាតក្នុងការសិក្សាចំនួន ៩៨នាក់ទទួលបានអាហារូបករណ៍សិក្សាពីអង្គការមូលនិធិនៃក្តីសង្ឃឹម

(ព្រៃវែង)៖ នៅព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៤ អង្គការមូលនិធិនៃក្តីសង្ឃឹមបានផ្តល់អំណោយអាហារូបករណ៍ជាគ្រឿងឧបភោគ បរិភោគ និងសម្ភារៈសិក្សាដល់កុមារដែលមានជីវភាពខ្វះខាតក្នុងការសិក្សាដើម្បីជំរុញឱ្យកុមារបានបន្តការសិក្សាដែលមានចំនួន ៩៨នាក់នៃស្រុកស្វាយអន្ទរ ខេត្តព្រៃវែង ដែលមានការអញ្ជើញចូលរួមពីលោក ប៉ិច សុង អភិបាលស្រុកស្វាយអន្ទរព្រមទាំងតំណាងអង្គការមូលនិធិនៃក្តីសង្ឃឹម។

តំណាងអង្គការមូលនិធិនៃក្តីសង្ឃឹមបានថ្លែងអំណរគុណដល់អាជ្ញាធរស្រុក-ឃុំទាំងអស់ដែលបានសហការជាមួយអង្គការមូលនិធិនៃក្តីសង្ឃឹមនេះបានយ៉ាងល្អជាច្រើនឆ្នាំកន្លងមកនេះ។ លោកក៏បានបន្តទៀតថា អង្គការមូលនិធិនៃក្តីសង្ឃឹមជួយនេះគឺក្នុងគោលបំណងឱ្យកុមារដែលមានជីវភាពខ្វះខាតក្នុងការសិក្សាឱ្យមានឱកាសបានបន្តសិក្សាដូចកូនអ្នកដែលមានជីវភាពធូរធារដែរ។ លោកក៏បន្ថែមទៀតថា សូមឱ្យប្អូនៗដែលទទួលបានអាហារូបករណ៍ពីអង្គការមូលនិធិនៃក្តីសង្ឃឹមនេះត្រូវខិតខំយកចិត្តទុកដាក់សិក្សារៀនសូត្រឱ្យបានពូកែដើម្បីឱ្យម្ចាស់ជំនួយគាត់បន្តផ្ដល់ជំនួយនេះជាបន្តទៀត។

ថ្លែងនៅក្នុងឱកាសនោះផងដែរលោក ប៉ិច សុង អភិបាលស្រុកស្វាយអន្ទរបានលើកឡើងថា ការផ្ដល់អាហារូបករណ៍ដល់កុមារដែលមានជីវភាពខ្វះខាតរបស់អង្គការមូលនិធិនៃក្តីសង្ឃឹមនេះគឺក្នុងគោលបំណងដើម្បីជំរុញឱ្យកុមារដែលមានជីវភាពក្រីក្រខ្វះខាតក្នុងការបន្តការសិក្សារៀនសូត្រមានឱកាសបានបន្តការសិក្សារៀនសូត្រដូចគ្រួសារដែលមានជីវភាពធូរធារដែរ។

លោកអភិបាលស្រុកបានបន្តថា ក្នុងនោះអង្គការក៏បានជួយឧបត្ថម្ភគាំទ្រដល់កុមារដែលមានជីវភាពក្រីក្រខ្វះខាតនេះនូវគ្រឿងឧបភោគ បរិភោគ និងសម្ភារៈសិក្សាមួយឈុតរយៈពេល ១ឆ្នាំសម្រាប់កុមារម្នាក់។ ចំពោះការផ្តល់សម្ភារៈសិក្សា គ្រឿងឧបភោគ បរិភោគនេះ ក្នុងកុមារម្នាក់ៗគឺជួយរយៈពេល ៦ឆ្នាំ ដោយចាប់ពីថ្នាក់ទី១ ដល់ថ្នាក់ទី៦ និងបន្តរហូតដល់ថ្នាក់ទី៩ ប្រសិនបើគាត់នៅតែបន្តការសិក្សាហើយនិងបន្តជួយរហូតដល់ថ្នាក់ទី១២ ទៀតប្រសិនបើគាត់នៅតែបន្តការសិក្សាហើយក្នុងនោះអង្គការក៏ជួយឧបត្ថម្ភសម្លៀកបំពាក់រួមទាំងអាហារ មានអង្ករចំនួន ២ខែម្ដងផងដែរ។ នេះគឺជាការជួយយកចិត្តទុកដាក់ពីអង្គការមូលនិធិនៃក្តីសង្ឃឹមតាមរយៈលោក ប៉ិច សុង អភិបាលស្រុកដល់កុមារដែលមានជីវភាពខ្វះខាតក្នុងការសិក្សានេះយ៉ាងធំធេងសម្រាប់ស្រុកស្វាយអន្ទរ។ លោកអភិបាលស្រុកក៏បានបន្ថែមទៀតថាអង្គការមូលនិធិនៃក្តីសង្ឃឹមនេះបានជួយទាំងសម្ភារៈសិក្សា និងគ្រឿងឧបភោគ បរិភោគ ដល់កុមារដែលមានជីវភាពខ្វះខាតក្រីក្រក្នុងការសិក្សានេះអស់រយៈពេល ៧ឆ្នាំកន្លងមកហើយ ក្នុងនោះមិនត្រឹមតែជួយតែសម្ភារៈសិក្សា និងគ្រឿងឧបភោគ បរិភោគដល់កុមារប៉ុណ្ណោះទេ អង្គការនេះក៏បានជួយសាងសង់លំនៅដ្ឋានដល់ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតក្រីក្រគ្មានទីពឹងប្រមាណជាង ៧០ខ្នងផ្ទះរួចមកហើយផងដែរ។

លោកអភិបាលស្រុកបានបន្តទៀតថា ទាំងនេះគឺជាការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលដែលមានសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាអង្គការមូលនិធិនៃក្តីសង្ឃឹម និងរដ្ឋបាលស្រុកក្នុងការលើកកម្ពស់ធនធានចំណេះដឹងដល់បងប្អូនប្រជាពលរដ្ឋ ជាពិសេសសម្រាប់បងប្អូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតក្នុងការផ្ដល់ឱ្យកូនបន្តការសិក្សារៀនសូត្រ។

លោកអភិបាលស្រុកក៏សូមផ្តាំផ្ញើដល់ក្មួយៗ ទាំងអស់ត្រូវខិតខំយកចិត្តទុកដាក់សិក្សារៀនសូត្រឱ្យអស់ពីកម្លាំងកាយចិត្តដោយមិនត្រូវបោះបង់ការសិក្សា និងត្រូវនៅឱ្យឆ្ងាយពីគ្រឿងញៀនព្រោះថាចំណេះដឹងនេះគឺមានសារសំខាន់ខ្លាំងណាស់ក្នុងការជួយយឹតយោងជីវភាពក៏ដូចជាអនាគតរបស់ក្មួយៗនាពេលអនាគតរុងរឿង។ លោកក៏បានណែនាំដល់អាណាព្យាបាលសិស្សទាំងអស់ត្រូវជំរុញ និងលើកទឹកចិត្តដើម្បីឱ្យគាត់បានទៅសាលាបន្តការសិក្សារៀនសូត្រឱ្យបានគ្រប់គ្នាៗ។

សម្ភារៈដែលបានផ្ដល់ជូននោះមានអង្ករ ៥០ គីឡូក្រាម, ត្រីខ,ខ្លាញ់,ស្ករស,អំបិល,ផងដែរ៕

WhatsAppProtopage BookmarksTwitterLinkedInLinePinterestGoogle BookmarksTelegramFacebookCopy LinkFacebook MessengerShare
WhatsAppProtopage BookmarksTwitterLinkedInLinePinterestGoogle BookmarksTelegramFacebookCopy LinkFacebook MessengerShare