ការិយាល័យប្រជាពលរដ្ឋខេត្តព្រៃវែងបានអញ្ជើញផ្សព្វផ្សាយអំពីតួនាទី ភារកិច្ចរបស់ខ្លួនដល់មន្ទីរក្នុងខេត្ត និងដល់ប្រជាពលរដ្ឋ

(ព្រៃវែង)៖ ការិយាល័យប្រជាពលរដ្ឋខេត្តព្រៃវែងដែលដឹកនាំដោយលោកស្រី ងិន ពៅ ជាប្រធានការិយាល័យប្រជាពលរដ្ឋខេត្ត រួមជាមួយក្រុមការងារបានអញ្ជើញផ្សព្វផ្សាយអនុក្រឹត្យលេខ ១៩ អនក្រ/បក និងផ្សព្វផ្សាយអំពីតួនាទី ភារកិច្ចរបស់ខ្លួនដល់មន្រ្តីមន្ទីរព័ត៌មានខេត្តព្រៃវែង និងដល់ប្រជាពលរដ្ឋនៃខេត្តព្រៃវែង នៅរសៀលថ្ងៃទី ២២ ខែតុលា ឆ្នាំ២០២៤។

ក្នុងនោះលោកស្រី  ងិន  ពៅ ប្រធានការិយាល័យប្រជាពលរដ្ឋខេត្តបានលើកឡើងថា ការិយាល័យប្រជាពលរដ្ឋគឺជាកន្លែងទទួលពាក្យបណ្ដឹង សម្រុះសម្រួលបណ្ដឹងដោះស្រាយបណ្ដឹង និងជាកន្លែងផ្តល់អនុសាសន៍នូវបណ្តឹងរដ្ឋបាលនៅថ្នាក់ក្រោម ជាតិដែលពាក់ព័ន្ធនឹងការផ្តល់សេវាសាធារណៈ និងការគ្រប់គ្រងរដ្ឋបាលនៅថ្នាក់ក្រោមជាតិដូចជាវិវាទរវាងប្រជាពលរដ្ឋ និងមន្ត្រីរដ្ឋបាល ឬវិវាទរវាងមន្ត្រីរដ្ឋបាលនិងមន្ត្រីរដ្ឋបាល។

លោកស្រី ប្រធានបន្តថា លោកអ្នកអាចមកធ្វើការដាក់ពាក្យបណ្ដឹងនៅការិយាល័យប្រជាពលរដ្ឋលើបញ្ហាដូចជា ការផ្តល់សេវាសាធារណៈមានភាពយឺតយ៉ាវ ឥរិយាបថមិនសមរម្យរបស់មន្ត្រីផ្តល់សេវាសាធារណៈ ការយកកម្រៃសេវាលើសពីច្បាប់កំណត់ ការបដិសេធនូវការមិនបំពេញនូវកាតព្វកិច្ចក្នុងនាមជាមន្ត្រីរដ្ឋបាលជាដើម។ ចំពោះការិយាល័យប្រជាពលរដ្ឋខេត្តព្រៃវែងមានទីតាំងនៅស្ថិតនៅភូមិ២ សង្កាត់ កំពង់លាវ ក្រុងព្រៃវែង ខេត្តព្រៃវែង ក្នុងបរិវេណសាលាខេត្ត អគារជួរខាងជើងជាន់ផ្ទាល់ដី។

លោកស្រីប្រធានបន្ថែមថា រាល់ការដាក់ពាក្យបណ្តឹង និងផ្តល់ព័ត៌មានផ្សេងៗសម្រាប់ប្រជាពលរដ្ឋគ្រប់រូបមានសិទ្ធិដាក់ពាក្យបណ្តឹង និងផ្តល់ព័ត៌មានផ្សេងៗដែលពាក់ព័ន្ធនឹងការផ្តល់សេវាសាធារណៈ និងការគ្រប់គ្រងរដ្ឋបាលនៅថ្នាក់ក្រោមជាតិមកការិយាល័យប្រជាពលរដ្ឋខេត្តព្រៃវែងដោយពុំមានបង់ថ្លៃសេវាឡើយ។ ប្រជាពលរដ្ឋគ្រប់រូបអាចដាក់ពាក្យបណ្ដឹង និងផ្តល់ព័ត៌មានផ្សេងៗរៀងរាល់ម៉ោងធ្វើការ និងអញ្ជើញទៅទីតាំងការិយាល័យប្រជាពលរដ្ឋផ្ទាល់តាមរយៈទូរស័ព្ទ ឬតាមប្រព័ន្ធទំនាក់ទំនងផ្សេងៗរបស់ការិយាល័យប្រជាពលរដ្ឋតាមប្រអប់សំបុត្រររបស់ការិយាល័យប្រជាពលរដ្ឋ និងតាមប្រព័ន្ធអេឡិចត្រូនិច។

ដូច្នេះសម្រាប់បងប្អូនប្រជាពលរដ្ឋនៅក្នុខេត្តព្រៃវែងអាចមានបញ្ហាផ្សេងៗ ឬចង់ដាក់ពាក្យបណ្តឹងមកការិយាល័យប្រជាពលរដ្ឋអាចទាក់ទងមកតាមរយៈ៖
១-Facebook: ការិយាល័យប្រជាពលរដ្ឋខេត្តព្រៃវែង
២-អ៉ីម៉ែល: Ombusman.pvg@gmail.com
៣-តេលេក្រាមឆាណែល: ការិយាល័យប្រជាពលរដ្ឋខេត្តព្រៃវែង
៤-លេខទូរស័ព្ទ: 060 60 68 69៕

WhatsAppProtopage BookmarksTwitterLinkedInLinePinterestGoogle BookmarksTelegramFacebookCopy LinkFacebook MessengerShare
WhatsAppProtopage BookmarksTwitterLinkedInLinePinterestGoogle BookmarksTelegramFacebookCopy LinkFacebook MessengerShare