ពិធីបិទការប្រកួតកីឡាមហាជនស្រុកពារាំង ក្រោមអធិបតីភាពលោក ចេម ប្រា អភិបាលស្រុកពារាំង និងលោក ឈុន សារ៉ាត ប្រធានក្រុមប្រឹក្សាស្រុក
(ស្រុកពារាំង)៖ នាព្រឹកថ្ងៃទី២០ ខែតុលាឆ្នាំ២០២៤ លោក ចេម ប្រា អភិបាលនៃគណៈអភិបាលស្រុកពារាំង និងលោក ឈុន សារ៉ាត ប្រធានក្រុមប្រឹក្សាស្រុកពារាំងបានចូលរួមជាអធិបតីក្នុងពិធីបិទការប្រកួតកីឡាមហាជនស្រុកពារាំង ស្ថិតនៅបរិវេណសាលាបឋមសិក្សាស្នាយពល ភូមិស្នាយពល ឃុំរកា ស្រុកពារាំង ខេត្តព្រៃវែង។
ដោយមានការអញ្ជើញចូលរួមពីលោក លោកស្រី អភិបាលរងស្រុក នាយក នាយករង រដ្ឋបាលស្រុក អធិការនគរបាលស្រុក មេបញ្ជាការកងរាជវុធហត្ថស្រុក មេបញ្ជាការផ្នែកសឹករងស្រុក ប្រធានការិយាល័យចំណុះរដ្ឋបាលស្រុក មេឃុំ ស្មៀនឃុំ និងក្រុមកីឡាករទាំង៩ឃុំ។
លោក ផែង អូន ប្រធានការិយាល័យអប់រំ យុវជន និងកីឡាពារាំងបានលើកឡើងថា នេះជាលើកទី១ដែលរដ្ឋបាលស្រុកពារាំងបានរៀបចំការប្រកួតកីឡាមហាជនក្នុងទ្រង់ទ្រាយធំដែលមានការចូលរួមពីក្រុមកីឡាករមកគ្រប់ឃុំទូទាំងស្រុកលើប្រភេទកីឡាបាល់ទាត់ បាល់ទះ ដើម្បីដណ្តើមពានរង្វាន់ រដ្ឋបាលស្រុក ដើម្បីឈានចូលទៅប្រកួតនៅខេត្តព្រៃវែងជាបន្តដែលព្រឹត្តិការណ៍នេះ ប្រព្រឹត្តទៅនៅថ្នាក់ស្រុកចាប់ពីថ្ងៃទី១៩ ខែតុលាដល់ ថ្ងៃទី ២០ខែតុលា ឆ្នាំ២០២៤។
នាឱកាសនោះដែរ លោក ចេម ប្រា អភិបាលនៃគណ:អភិបាលស្រុកពារាំងបានមានប្រសាសន៍ថា កីឡានាំមកនូវសាមគ្គីភាព និងបង្ហាញនូវក្តីស្រលាញ់ដែលធ្វើឱ្យប្អូនៗ ក្មួយៗបានស្គាល់គ្នាហើយចេះរាប់អានគ្នា បង្កើនមិត្តភាព សាមគ្គីភាព ដែលធ្វើឱ្យកីឡា កាន់តែរីកចម្រើនបន្តបន្ទាប់។
លោក ចេម ប្រា អភិបាលនៃគណ:អភិបាលស្រុកពារាំងក៏បានបន្ថែមទៀតថា បើគ្មានសុខសន្តិភាពពេញលេញពេញផ្ទៃប្រទេស គ្មាននយោបាយដឹកនាំប្រទេសច្បាស់លាស់នោះទេគឺមិនមានពេលជួបជុំគ្នា ហើយក៏មិនមានឱកាសបង្ហាញសមត្ថភាព និងទេពកោសល្យរបស់ខ្លួនដូចថ្ងៃនេះដែរ ដូចពាក្យស្លោកថា (កីឡារស់ក្នុងសន្តិភាព)។
លោក ឈុន សារ៉ាត ប្រធានក្រុមប្រឹក្សាស្រុកបានលើកឡើងខ្លះៗថា កីឡាមហាជននេះជាការប្រកួតរវាងឃុំមួយ និងឃុំមួយគ្រប់ឃុំទាំង៩ ហើយក៏សូមឱ្យកីឡាករទាំងអស់បន្តការហ្វឹកហាត់ និងអនុវត្តន៍តាមលក្ខខន្តិកៈរបស់អាជ្ញាកណ្តាល និងរក្សាឱ្យបាននូវមិត្តភាពរវាងគ្នានិងគ្នា និងដើម្បីជ្រើសរើសជើងឯកប្រចាំស្រុកពារាំងដើម្បីឈានទៅប្រកួតនៅថ្នាក់ខេត្តបន្តទៀត។
គូរបញ្ជាក់ផងដែរថា៖ សម្រាប់ពិធីបិទការប្រកួតកីឡាមហាជនស្រុកពារាំង រយៈពេល២ថ្ងៃនេះ (ថ្ងៃទី១៩-២០ ខែតុលា ឆ្នាំ២០២៤) មានក្រុមកីឡាករបាល់ទាត់ និងបាល់ទះចូលរួមមកប្រកួតចំនួន៩ឃុំមាន
ឃុំកំពង់ពពិល ឃុំកំពង់ប្រាំង ឃុំកញ្ចំ ឃុំមេសរប្រចាន់ ឃុំព្រៃស្នៀត ឃុំព្រៃព្នៅ ឃុំព្រៃស្រឡិត ឃុំរាប និង ឃុំរកា ហើយក្រុមកីឡាករផ្នែកបាល់ទាត់ដែលជាប់ចំណាត់ថ្នាក់លេខ១ ប្រចាំស្រុកពារាំងគឺក្រុមកីឡាករបាល់ទាត់មកពីឃុំព្រៃស្នៀត លេខ២បានទៅលើក្រុមកីឡាករបាល់ទាត់មកពីឃុំព្រៃព្នៅ និងចំណាត់ថ្នាក់លេខ៣ ក្រុមកីឡាករមហាជនមកពីឃុំ មេសរប្រចាន់។
ផ្នែកបាល់ទះ៖ ចំណាត់លេខ១បានទៅលើក្រុមកីឡាករមហាជនមកពីឃុំមេសរប្រចាន់ ចំណាត់ថ្នាក់លេខពីរបានទៅលើក្រុមកីឡាករមហាជនមកពីឃុំព្រៃស្រឡិត និងចំណាត់ថ្នាក់លេខបីបានទៅលើក្រុមកីឡាករមហាជនមកពីឃុំព្រៃស្នៀត។
ក្នុងនោះដែរផ្នែកបាល់ទាត់៖ ចំណាត់ថ្នាក់លេខមួយទទួលបានពានរបស់រដ្ឋបាលស្រុកចំនួនមួយ និងថវិកាចំនួន៤០ម៉ឺនរៀល ចំណាត់ថ្នាក់លេខពីរទទួលបានថវិកាចំនួន៣០ម៉ឺនរៀល និងចំណាត់ថ្នាក់លេខបីទទួលបានថវិកាចំនួន២០ម៉ឺនរៀល។
ផ្នែកបាល់ទះ៖ ចំណាត់ថ្នាក់លេខមួយទទួលបានពានរបស់រដ្ឋបាលស្រុកចំនួនមួយ និងថវិកាចំនួន២០ម៉ឺនរៀល ចំណាត់ថ្នាក់លេខពីរទទួលបានថវិកាចំនួន១៥ម៉ឺនរៀល និងចំណាត់ថ្នាក់លេខបីទទួលបានថវិកាចំនួន១០ម៉ឺនរៀល៕