ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តកណ្ដាលបានកោតសរសើរ និងថ្លែងអំណរគុណដល់អ្នកស្ម័គ្រចិត្តដែលបានជួយសម្អាតអនាម័យបរិស្ថានក្នុងព្រឹត្តិការណ៍ពិធីប្រណាំងទូក ខេត្តកណ្ដាល
(ខេត្តកណ្ដាល)៖ ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តកណ្ដាលបានកោតសរសើរ និងថ្លែងអំណរគុណដល់អ្នកស្ម័គ្រចិត្តដែលបានជួយសម្អាតអនាម័យបរិស្ថានក្នុងព្រឹត្តិការណ៍ពិធីប្រណាំងទូក ខេត្តកណ្ដាល ឆ្នាំ២០២៤ ដែលបានប្រព្រឹត្តទៅអស់រយៈពេល ២ថ្ងៃ បានយ៉ាងល្អប្រសើរដោយមិនមានសំរាមពាសវាលពាសកាលឡើយ។
ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តកណ្ដាល ការកោតសរសើរ និងថ្លែងអំណរគុណបែបនេះក្នុងឱកាសដែលឯកឧត្តមអញ្ជើញសំណេះសំណាលជាមួយអ្នកស្ម័គ្រចិត្ត យុវជន ស.ស.យ.ក អង្គការសម្អាតទន្លេ សមុទ្រ រដ្ឋបាលក្រុង-សង្កាត់ និងបុគ្គលិកសម្អាតអនាម័យក្នុងការសម្អាតអនាម័យបរិស្ថានក្នុងពិធីប្រណាំងទូកខេត្តកណ្ដាល ឆ្នាំ២០២៤ ដែលបានប្រព្រឹត្តទៅនៅមាត់ទន្លេបាសាក់ ក្រុងតាខ្មៅ ខេត្តកណ្ដាល អស់រយៈពេល ២ថ្ងៃ នាព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៤ នៅសួរច្រើនមាត់ទន្លេបាសាក់ ក្រុងតាខ្មៅ។
ឯកឧត្តមបន្តថា ក្នុងរយៈពេលពីរថ្ងៃនៃព្រឹត្តិការណ៍ពិធីប្រណាំងទូកនៅក្រុងតាខ្មៅ អ្នកស្ម័គ្រចិត្តក្នុងការសម្អាតអនាម័យបរិស្ថានបានដើរតួនាទីយ៉ាងសំខាន់ក្នុងការធ្វើឱ្យពិធីប្រណាំងទូកនៅក្រុងតាខ្មៅ មានសោភណ្ឌភាពស្អាត លើកកម្ពស់អនាម័យបរិស្ថានមិនមានសំរាមពាសវាលពាសកាលដែលនេះសបញ្ជាក់ឱ្យឃើញថា ការយកចិត្តទុកដាក់របស់បងប្អូនអ្នកស្ម័គ្រចិត្តក្នុងការសម្អាតនូវអនាម័យបរិស្ថានបានយ៉ាងល្អប្រសើរពិសេសទាំងមុនពិធី និងក្រោយពិធីប្រណាំងទូកនៅសួនច្បារមាត់ទន្លេបាសាក់ក្រុងតាខ្មៅ កន្លែងស្នាក់នៅរបស់កីឡាករទូក និងកន្លែងផ្សេងៗទៀតមិនមានសំរាមពាសវាលពាសកាលឡើយ។
ឯកឧត្តមបន្ថែមថា ក្រៅពីការយកចិត្តទុកដាក់ទាំងកម្លាំងកាយ និងកម្លាំងចិត្តរបស់អ្នកស្ម័គ្រចិត្តយើង និងបងប្អូនប្រជាពលរដ្ឋដែលមកកម្សាន្តសប្បាយក្នុងពិធីប្រណាំងទូកបានយកចិត្តទុកដាក់វេចភ្ជាប់ និងទុកដាក់សំរាម ប្រកបដោយការទទួលខុសត្រូវរៀងៗខ្លួនដែលធ្វើឱ្យពិធីប្រណាំងទូកខេត្តកណ្ដាលមានសោភណ្ឌភាពស្អាត និងបង្កភាពសប្បាយរីករាយ។
ក្នុងឱកាសនេះដែរ ឯកឧត្តមអភិបាលខេត្តបានផ្ដាំផ្ញើដល់អ្នកស្ម័គ្រចិត្តដែលបានចូលរួមសម្អាតអនាម័យបរិស្ថាន សូមបន្តចែករំលែកនូវបទពិសោធន៍ការទុកដាក់សំរាម វេចខ្ចប់សំរាមជូនដល់បងប្អូនប្រជាពលរដ្ឋដើម្បីរួមគ្នាធ្វើឱ្យខេត្តកណ្ដាលយើងទាំងមូលកាត់បន្ថយសំរាមពីការរាយប៉ាយ និងឈានដល់ខេត្តកណ្ដាលគ្មានសំរាមរាយប៉ាយ។