ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម អញ្ជើញបើកព្រឹត្តិការណ៍ប្រណាំងទូកខ្នាតអន្តរជាតិ និងទូកវែង

ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៤ នេះ បានអញ្ជើញបើកព្រឹត្តិការណ៍ប្រណាំងទូកខ្នាតអន្តរជាតិ និងទូកវែងក្នុងពិធីបុណ្យចេញព្រះវស្សា ដែលព្រឹត្តិការណ៍នេះធ្វើឡើងនៅក្នុងសង្កាត់បឹងកុក ក្រុងកំពង់ចាម ខេត្តកំពង់ចាម។

ឯកឧត្តមអភិបាលខេត្តកំពង់ចាមបានថ្លែងថា ក្នុងនាមក្រុមប្រឹក្សា គណៈអភិបាលខេត្ត កងកម្លាំងប្រដាប់អាវុធ ថ្នាក់ដឹកនាំក្រុង-ស្រុក ប្រធានមន្ទីរ-អង្គភាពជុំវិញខេត្ត និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ដែលបានចូលរួមគាំទ្រ និងចលនាបង្កើតឱ្យមានព្រឹត្តិការណ៍នៃការប្រណាំងទូក-ង ទូកខ្នាតអន្តរជាតិ បណ្ដែតប្រទីប អុជកាំជ្រួច និងការរៀបចំតាំងពិព័រណ៍សមិទ្ធផលរបស់រដ្ឋបាលខេត្ត រដ្ឋបាលក្រុង-ស្រុក មន្ទីរ-អង្គភាពជុំវិញខេត្ត និងពិព័រណ៍អមដោយការប្រគុំតន្រ្តី អបអរសាទរក្នុងឱកាសនៃពិធីបុណ្យចេញព្រះវស្សាឆ្នាំនេះ។

ឯកឧត្តម អ៊ុន ចាន់ដា បានបង្ហាញក្ដីសោមនស្សរីករាយយ៉ាងក្រៃលែងដោយបានឃើញប្រជាពលរដ្ឋ កីឡាករចំណុះទូក ដែលបានអញ្ជើញមកចូលរួមប្រកបដោយទឹកមុខសប្បាយរីករាយក្នុងមហាគ្រួសារខ្មែរ ក្រោមដំបូលសុខសន្តិភាព។

ឯកឧត្តមអភិបាលខេត្តបានវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំខេត្ត មន្ទីរ-អង្គភាពជុំវិញខេត្ត រដ្ឋបាលក្រុង-ស្រុក កងកម្លាំង ប្រដាប់អាវុធទាំង៣ប្រភេទរួមនឹងមន្ត្រីរាជការទាំងអស់ក្នុងខេត្តដែលបានសហការរៀបចំកម្មវិធីប្រណាំងទូក បណ្តែតប្រទីប អុចកាំជ្រួច និងការតាំងពិព័រណ៍ផលិតផលនានាដើម្បីបង្កលក្ខណៈសប្បាយរីករាយជូនបងប្អូនប្រជាពលរដ្ឋ។ ឯកឧត្តមបន្ដថា ការរៀបចំព្រឹត្តិការណ៍ដ៏សប្បាយរីករាយនេះបានគឺដោយសារប្រទេសយើងមានសុខសន្តិភាព ស្ថេរភាពនយោបាយ និងការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យព្រមទាំងប្រជាពលរដ្ឋមានជីវភាពធូរធារ។

សូមបញ្ជាក់ថា នៅខែវិច្ឆិកា ឆ្នាំ២០២៤ ខាងមុខនេះ រាជរដ្ឋាភិបាលកម្ពុជានឹងរៀបចំព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក នៅរាជធានីភ្នំពេញ ដែលជាព្រឹត្តិការណ៍ប្រណាំងទូកដើម្បីចូលរួមថែរក្សា វប្បធម៌ ប្រពៃណី និងជាការលើកស្ទួយវិស័យកីឡាអុំទូកសម្រាប់បង្កបរិយាកាសសប្បាយរីករាយជូនដល់បងប្អូនប្រជាពលរដ្ឋទូទាំងប្រទេស៕

WhatsAppProtopage BookmarksTwitterLinkedInLinePinterestGoogle BookmarksTelegramFacebookCopy LinkFacebook MessengerShare
WhatsAppProtopage BookmarksTwitterLinkedInLinePinterestGoogle BookmarksTelegramFacebookCopy LinkFacebook MessengerShare