កាស៊ីណូយ៉ុងយន្តនៅស្រុកកោះធំ ខេត្តកណ្ដាល កំពុងបង្កភាពអនាធិបតេយ្យយ៉ាងខ្លាំងដោយមានករណីហិង្សារវាងមេការ និងអ្នកលេងល្បែង
(ខេត្តកណ្តាល)៖ សេចក្តីរាយការណ៍បានឱ្យដឹងថា កាស៊ីណូមួយកន្លែងឈ្មោះយ៉ុងយ័ន្តមានទីតាំងឋិតនៅភូមិសំពៅពូន ឃុំសំពៅពូន ក្រុងសំពៅពូន ខេត្តកណ្ដាល ដែលមានល្បែង ស៊ីសងច្រើនប្រភេទរួមទាំងមាន់ជល់នៅក្នុងនោះផងកំពុងបង្កភាពអនាធិបតេយ្យយ៉ាងខ្លាំង។ ក្រៅពីការមិនគោរពច្បាប់លក្ខន្តិកៈនៃកាស៊ីណូនោះ ទីតាំងល្បែងស៊ីសងមួយកន្លែងនេះត្រូវគេអះអាងថា ហាក់ដូចជាផ្គើនទៅនឹងបទបញ្ជារបស់រាជរដ្ឋាភិបាលជាពិសេសបង្កភាពអនាធិបតេយ្យយ៉ាងខ្លាំង។ ករណីនេះអាជ្ញាធរមានសមត្ថកិច្ចខេត្តកណ្ដាលគួរចាត់វិធានការយ៉ាងណាប្រកបដោយប្រសិទ្ធភាពដើម្បីកុំឱ្យកាស៊ីណូនេះប្រព្រឹត្តនៅទង្វើមិនគប្បីច្រើនខ្លាំងពេក។
ថ្មីៗនេះមានសេចក្តីរាយការណ៍អំពីការកើតមានអំពើហិង្សានៅក្នុងកាស៊ីណូយ៉ុងយ័ន្ត ដោយការវាយតប់គ្នារវាងមេការ និងអ្នកចូលទៅលេងមាន់ជល់ក្នុងកាស៊ីណូនោះ។ ប្រភពបានឱ្យដឹងថា ជនបង្កគឺជាម្ចាស់សង្វៀនឈ្មោះណាក់ ហើយជនរងគ្រោះឈ្មោះ ប្រេស៊ីល ត្រូវបានម្ចាស់សង្វៀនវាយបណ្ដាលឱ្យសន្លប់ឈឹងនៅក្នុងកាស៊ីណូយ៉ុងយ័ន្តនេះ។
ករណីហិង្សានេះហាក់ដូចជាមិនបានការយកចិត្តទុកដាក់ដោះស្រាយយ៉ាងណានោះឡើយពីព្រោះទំនងជាកាស៊ីណូមានឯករាជ្យភាពដែលអាជ្ញាធរមានសមត្ថកិច្ចមិនអាចចូលបាន។ អធិបតេយ្យភាពដែលប្រកបដោយភាពអាណាធិបតេយ្យនេះមិនគួរអាជ្ញាធរខេត្តកណ្ដាលមើលរំលងនោះឡើយ។
ប្រភពបានឱ្យដឹងថា ជនដែលចូលទៅលេងជល់មាន់នៅក្នុងកាស៊ីណូយ៉ុងយ័ន្តនេះគឺភាគច្រើនជាជនជាតិវៀតណាមនិងខ្មែរ។ ពួកគេសប្បាយស្រែករីករាយហ៊ោរកញ្ជ្រៀវលាន់កងរំពងបើទោះបីជាអ្នកចូលលេងជាជនជាតិខ្មែរទាំងនោះខុសច្បាប់ក៏ដោយ។ ពួកគេភ្នាល់ដាក់លុយតម្លៃរាប់រយដុល្លារឬរាប់ពាន់ រាប់ម៉ឺនដុល្លារក្នុងមាន់មួយគូៗ។ តើទង្វើទាំងនេះអាជ្ញាធរមានសមត្ថកិច្ចខេត្តកណ្ដាលមិនដឹងទេឬ? បើតាមការវាយតម្លៃពីប្រជាពលរដ្ឋរស់នៅតំបន់នោះអះអាងថា អាជ្ញាធរមានសមត្ថកិច្ចសុទ្ធតែដឹងអំពីសង្វៀនជល់មាន់ក្នុងការស៊ីណូយ៉ុងយ័ន្តនោះប៉ុន្តែគេមិនចាត់វិធានការក៏ព្រោះតែវាជាបញ្ហាផល ប្រយោជន៍ ផលប្រយោជន៍ត្រូវបានចែករំលែកយ៉ាងក្រាស់ក្រែលដល់អាជ្ញាធរមានសមត្ថកិច្ចខេត្តកណ្ដាល។
ប៉ុន្តែចំពោះករណីហិង្សាដែលបានកើតឡើង នៅក្នុងកាស៊ីណូយ៉ុងយ័ន្តនៅពេលថ្មីៗនេះគេរំពឹងថា រដ្ឋបាលខេត្តកណ្ដាលជាពិសេសនគរបាលខេត្តមិនបណ្ដោយឱ្យជនបង្ករួចខ្លួននោះឡើយ។ ទង្វើរបស់មេការនៅក្នុងកាស៊ីណូខាងលើនេះហាក់ដូចជាកម្ពុជាមិនមានច្បាប់ទម្លាប់អ្វីត្រឹមត្រូវ។ សម្រាប់ប្រជាពលរដ្ឋនៅតំបន់នោះជាពិសេសអ្នកចូលលេងល្បែងស៊ីសងមាន់ជល់ក្នុងការស៊ីណូខាងលើនិយាយថា ច្បាប់ទម្លាប់អនុវត្តឬមិនអនុវត្តអាស្រ័យទៅលើអាជ្ញាធរមានសមត្ថកិច្ចខេត្តកណ្ដាលនោះឯង។
ដូច្នេះគេរំពឹងថា អាជ្ញាធរមានសមត្ថកិច្ចមិនបណ្ដោយឱ្យជនបង្កជាមេការនៅក្នុងកាស៊ីណូខាងលើរួចខ្លួនដោយងាយៗនោះឡើយ៕