ល្បែងឡូតូនៅតែបន្តមានបើកលេងស៊ីសងនៅសង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យបានធម្មតា
បើទោះបីប្រមុខរាជរដ្ឋាភិបាលធ្លាប់ប្រកាសថាឱ្យបិទល្បែងស៊ីសងតាមអនឡាញយ៉ាងណាក៏ដោយក៏ក្នុងទឹកដីសង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ ក្បែររមណីយដ្ឋានលំហែមាត់បឹងនៅតែបន្តបើកលេងបានដដែល។
មូលហេតុអ្វីបានជានៅបើកលេងបាន? តើសមត្ថកិច្ចក្នុងមូលដ្ឋានស្តាប់បទបញ្ជារបស់ថ្នាក់លើដែរឬទេ? ឬមួយក៏ជាឆ្នាំងបាយរបស់សមត្ថកិច្ច? ទាំងអស់នេះគឺជាចម្ងល់របស់មហាជនជាច្រើនដែលតែងតែឆ្ងល់បែបនេះកន្លងមក។
ប៉ុន្តែបើទោះបីជាមហាជនជាច្រើនឆ្ងល់ ឬក៏មានបណ្តាញសារព័ត៌មានចុះផ្សាយរិះគន់យ៉ាងណាក្តីក៏ក្នុងមូលដ្ឋានមួយចំនួននៅតែមានបើកល្បែងស៊ីសងដដែលគឺហាក់បីដូចជាមិនខ្វល់អំពីបញ្ហានេះនៅឡើយ កុំភ្លេចថាទីណាមានល្បែងស៊ីសងទីនោះមិនយូរទេនឹងអាចកើតមានអំពើចោរកម្មផ្សេងៗនៅថ្ងៃណាមួយជាក់ជាមិនខាន។
ជុំវិញការចុះផ្សាយជុំវិញករណីល្បែងស៊ីសងខាងលើនេះ ក្រុមការងារអ្នកសារព័ត៌មានយើងខ្ញុំនៅមិនទាន់មានការបំភ្លឺណាមួយពីសមត្ថកិច្ចមូលដ្ឋាននៅឡើយទេហើយក៏មិនដឹងថាទីតាំងល្បែងស៊ីសងមួយនេះមានច្បាប់អនុញ្ញាតដែរឬអត់ទេ រាល់ការចេញផ្សាយនេះគឺក្នុងន័យរិះគន់ដើម្បីស្ថាបនា ក្នុងការលុបបំបាត់ល្បែងស៊ីសងតែប៉ុណ្ណោះ។
ដូច្នេះក៏សូមសុំណូមពរដល់សមត្ថកិច្ចមូលដ្ឋានសូមជួយត្រួតពិនិត្យទីតាំងល្បែងស៊ីសងខាងលើដើម្បីឈានដល់ការបង្រ្កាប ទប់ស្កាត់ និងជាពិសេសដើម្បីភូមិឃុំមានសុវត្ថិភាពទាំង៧ចំណុចក៏ដូចជាសេចក្តីសុខរបស់ពលរដ្ឋក្នុងមូលដ្ឋាន៕