ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ ជំរុញអ្នក​ពាក់ព័ន្ធត្រូវរួមគ្នាដើម្បីសម្រេចតាម​ផែនការរ​បស់រាជរដ្ឋាភិ​បាលក្នុងការរៀប​ចុះបញ្ជីដីធ្លីជូនពលរដ្ឋ

(ខេត្តប៉ៃលិន)៖ ក្នុងកិច្ចប្រជុំពិភា​ក្សាការងារចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធក្នុងភូមិសាស្ត្រខេ​ត្តប៉ៃ​លិន នារសៀលថ្ងៃទី២​១ ខែសីហា ឆ្នាំ២០២៤ ឯកឧត្តម សា​យ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងរៀបចំដែ​នដី នគរូបនីយកម្ម និងសំណង់ បានថ្លែងថា ការចុះបញ្ជីដីធ្លីមិន​មែនអង្គភាព​សុរិយោ​ដីធ្វើតែ​ឯងនោះទេគឺត្រូវចូលរួមធ្វើទាំងអស់គ្នា។ កិច្ចប្រជុំនេះ​មានការអញ្ជើញចូលរួ​មពីគណៈប្រតិភូក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលនៃគណៈអភិបាលខេត្ត ឯកឧត្តម ជា ចាន់ឌិន ប្រធាន​ក្រុមប្រឹក្សា​ខេត្ត មេបញ្ជាការកងកម្លាំងទាំង៣ ប្រធានមន្ទីរ–អង្គភាព លោកអភិបាលក្រុង ស្រុក ក្រុមប្រឹក្សាឃុំ សង្កាត់ និងមន្ត្រីពាក់ព័ន្ធ ព្រមទាំងប្រធាន អនុប្រធានមន្ទីរ ប្រធាន អនុប្រធានការិយា​ល័យ និងមន្រ្តីនៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តច្រើនរូប។

ក្នុងប្រសាសន៍​ស្វាគមន៍ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលនៃគណៈអភិបាលខេត្ត បានប​ញ្ជាក់​ថា ការចុះបញ្ជីដីមានលក្ខណៈជាប្រព័ន្ធនៅក្នុងខេត្តប៉ៃលិនកំពុងដំណើរការ ក្រោមការ​យក​ចិត្តទុក​ដាក់ខ្ពស់​របស់លោកប្រធានមន្ទីរ និងមន្ត្រីនៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិ​យោ​ដីខេត្ត ហើយមកដល់ពេលនេះ ក្រុមការងារចុះបញ្ជីដីធ្លីជាប្រព័ន្ធបានចេញបណ្ណ ចំនួន ៣៣​ភូមិ បានបិទផ្សាយចំនួន ៦ភូមិ កំពុងដំណើរការចុះបញ្ជី ចំនួន ៣៣ភូមិ មិនទាន់ចុះបញ្ជីចំនួន ២១ភូមិ​ ក្នុងនោះ វាស់វែងបាន ៤១,២២៩ក្បាលដី ប្រមូលទិន្នន័យបាន ៣៦,៦៦៤ក្បាលដី គូស​ក្បាលដីបានចំនួន ៤១,២២៩ក្បាលដី បិទផ្សាយចប់ចំនួន ២០,៣៤៨ក្បាល់ដី ចេញបណ្ណចំនួន​ ១៤,៦៥៥ក្បាលដី និងចែកបណ្ណបានចំនួន ១១,៦៥៥បណ្ណ។

ឯកឧត្តម ឧប​នាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បានមានប្រសាសន៍លើកឡើងថា គោលនយោបាយយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី គឺការងារចុះបញ្ជីដីធី្លជាបញ្ហាសំខាន់ដែលប្រមុខរាជរដ្ឋាភិបាលកម្ពុជាបានយកចិត្តទុកដាក់ខ្ពស់ដូច្នេះសូមជំរុញដល់ក្រុមការងារចុះបញ្ជីដីធ្លីជូនប្រជាពលរដ្ឋត្រូវខិតខំបំពេញភារកិច្ចនេះឱ្យបាន​ល្អត្រឹមត្រូវ និងឆាប់រហ័សហើយដើម្បីជំរុញការចុះបញ្ជីដីធ្លី «ចុះបញ្ជីដីធ្លីបញ្ចប់ សេវាគាប់ចិត្ត និងប​រិយាកាសគ្មានវិវាទ» រដ្ឋបាលខេត្តដោយមានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិ​យោដី ជាសេនាធិការ ដោយខិតខំដោះស្រាយទំនាស់ក្រៅប្រព័ន្ធតុលាការ និងសាមគ្គី និងឯកភាពផ្ទៃក្នុងទើបធ្វើឱ្យស្ថាប័នមានការរីកចម្រើនព្រមទាំងផ្តល់ទំនុកចិត្តដល់ប្រជាពលរដ្ឋ។

ឯកឧត្តម ឧបនាយករដ្ឋមន្រ្តីបានប្រសាសន៍ផ្តាំផ្ញើដល់ថ្នាក់ដឹកនាំ មន្រ្តីរាជការ និងគ្រប់ភាគី​ពាកព័ន្ធ​ទាំងអស់ត្រូវបន្តបំពេញភារកិច្ចរៀងៗខ្លួនជាប្រក្រតីដោយជ្រោងទង់សាមគ្គី ឯកភាពគ្នា​ផ្ទៃក្នុងឱ្យកា​ន់តែរឹងមាំ និងរក្សាពូនជ្រំមរតកដ៏មានតម្លៃនានាដែលថ្នាក់ដឹកនាំជំនាន់មុនបានបន្សល់ទុកឱ្យដើម្បីចូលរួមគាំទ្រសម្រេចឱ្យបាននូវបេសកកម្មដ៏ឧត្តុង្គឧត្តម របស់រាជរដ្ឋាភិបាលស្របតាម​កម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណដែលបានដាក់ចេញ និងស្នើអា​ជ្ញាធរគ្រប់​ជាន់​ថ្នាក់ត្រូវធ្វើការផ្សព្វផ្សាយព្រមទាំង​ណែនាំដល់ប្រជាពល​រដ្ឋត្រៀមលក្ខ​ណៈចំពោះ​ឯកសារពា​ក់ព័ន្ធក្នុងការចុះបញ្ជីដីធ្លី ជៀសវាងក្នុង​កិច្ចដំណើរការទៅ​មានភាពយឺតយ៉ាវជាដើម៕

WhatsAppProtopage BookmarksTwitterLinkedInLinePinterestGoogle BookmarksTelegramFacebookCopy LinkFacebook MessengerShare
WhatsAppProtopage BookmarksTwitterLinkedInLinePinterestGoogle BookmarksTelegramFacebookCopy LinkFacebook MessengerShare