ពិធីបើកព្រឹត្តិការណ៍កីឡាបេស្បលហ្វាយ លីគ កម្ពុជា លើកទី០១ នៅពហុកីឡាដ្ឋានជាតិអូឡាំពិក

(ភ្នំពេញ)៖ ឯកឧត្តម វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន ឧបនាយករដ្ឋមន្រ្តី ក្រសួងអប់រំយុវជន និងកីឡា ឯកឧត្តមបណ្ឌិត ជា ដែន អនុរដ្ឋលេខាធិការក្រសួង សង្គមកិច្ច អតីតយុទ្ឋជន និងយុវនិតិសម្បទា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើកព្រឹត្តិការណ៏កីឡាបេស្បលហ្វាយ លីគ កម្ពុជា លើកទី០១ នាវេលាព្រឹកថ្ងៃព្រហស្បតិ៍ ៣រោច ខែស្រាពណ៏ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹង ថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៤ ស្ថិតនៅពហុកីឡាដ្ឋានជាតិអូឡាំពិក ដែលមានការចូលរួមពី ឯកឧត្តម លោកជំទាវ យុវជនសសយក កីឡាករ កីឡាការនីទាំង១២ក្លឹបព្រមទាំងភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិ។

ថ្លែងក្នុងឪកាសពិធីបើកព្រឹត្តិការណ៏កីឡាបេស្បលហ្វាយ លីគ កម្ពុជា លើកទី០១ ឯកឧត្តម វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡាបានបញ្ជាក់អំពីកីឡាបេស្បល សុហ្វបល គឺជាប្រភេទកីឡាជាក្រុម ដែលបង្កើតឡើងជាយូរមកហើយ។ ហើយកីឡា Baseball5 គឺជាប្រភេទកីឡាថ្មីដែលសហព័ន្ធទើបនាំចូលមករៀបចំនៅកម្ពុជាតែកំពុងមានការពេញនិយមលេងលើពិភពលោកក្រោយការគ្រប់គ្រងរបស់សហព័ន្ធកីឡាបេស្បលពិភពលោក។ ដោយមើលឃើញពីអត្ថប្រយោជន៍នៃវិញ្ញាសា Baseball5 ទើបសហព័ន្ធសម្រេចនាំមករៀបចំ និងអភិវឌ្ឍន៍នៅកម្ពុជា។

ឯកឧត្តមបណ្ឌិត ជា ដែន អនុរដ្ឋលេខាធិការក្រសួង សង្គមកិច្ច អតីតយុទ្ឋជន និងយុវនិតិសម្បទា បានកត់សម្គាល់ឃើញថា កីឡា Baseball5 ជាប្រភេទកីឡាថ្មីដែលងាយស្រួលលេងមិនត្រឹមតែប៉ុណ្ណោះគឺបានជួយលើកកម្ពស់យេនឌ័រជាពិសេសសំខាន់ដោយក្នុងចំណោមសមាជិកក្រុម ៨នាក់ ត្រូវមានបុរស ៤នាក់ និងស្ដ្រី ៤នាក់ ហើយក្នុងចំណោមសមាជិកត្រូវប្រកួតលើទីលាន ៥នាក់ក៏តម្រូវឱ្យមានស្ដ្រី ២នាក់ផងដែរ ។

ចំណែកឯលោក ឆែម តារា បានចាត់ទុកការប្រកួត Cambodia Baseball5 League លើកដំបូងនាពេលនេះគឺជាការចាប់ផ្ដើមមួយដ៏ល្អដើម្បីផ្ដល់ឱកាសឱ្យមហាជនបានចូលរួមប្រកួតប្រជែងជាមួយយុវជនរបស់សហព័ន្ធដើម្បីជំរុញការអភិវឌ្ឍវិស័យកីឡានេះឱ្យកាន់តែរីកចម្រើនពិសេសបណ្ដុះបណ្ដាលបាននូវធនធានកីឡាករ-កីឡាការិនីឆ្នើមៗត្រៀមការប្រកួតអន្ដរជាតិដូចជាស៊ីហ្គេម ឆ្នាំ២០២៥ នៅថៃជាដើម។

មុននឹងបិទបញ្ចប់ពីធី ឯកឧត្តម វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា ហើយក៏បានផ្តាំផ្ញើក្មួយៗជាកីឡាករ កីឡាការិនីឱ្យខិតខំបន្តដើម្បីជំរុញការអភិវឌ្ឍវិស័យកីឡានេះឱ្យកាន់តែរីកចម្រើនលើឆាកអន្តរជាតិ និងសូមអរគុណដល់អ្នកឧបត្ថម្ភកម្មវិធីទាំងអស់ដែលបានចូលរួមឧបត្ថម្ភគាំទ្រ និងសូមឱ្យបន្តឧបត្ថម្ភគាំទ្រដំណើរការនៃការរៀបចំសកម្មភាពអភិវឌ្ឍន៍នេះឱ្យកាន់តែមាននិរន្តរភាពទៅថ្ងៃមុខ។

WhatsAppProtopage BookmarksTwitterLinkedInLinePinterestGoogle BookmarksTelegramFacebookCopy LinkFacebook MessengerShare
WhatsAppProtopage BookmarksTwitterLinkedInLinePinterestGoogle BookmarksTelegramFacebookCopy LinkFacebook MessengerShare