ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានចែករំលែកការអនុវត្ត «យុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន» ជូនដល់គ្រូឧទ្ទេស មន្រ្តីរាជការ កម្មសិក្សាការី ឆ្នាំ២០២៤ នៃសាលាភូមិន្ទរដ្ឋបាលជិត ៤០០នាក់
(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថានបានអញ្ជើញជាវាគ្មិនកិត្តិយសធ្វើបឋកថាស្តីពី «យុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន» ចែកជូនដល់គ្រូឧទ្ទេស មន្រ្តីរាជការ កម្មសិក្សាការីឆ្នាំ២០២៤ នៃសាលាភូមិន្ទរដ្ឋបាលដែលបានចូលរួមដោយផ្ទាល់នៅ សហសាលសាលាភូមិន្ទរដ្ឋបាល និងមានការចូលរួមពីចម្ងាយតាមរយៈប្រព័ន្ទ Microsoft Teams សរុបប្រមាណជាង ៣៩០អង្គ/នាក់ ។
នាឱកាសនោះផងដែរ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានមានប្រសាសន៍ថា ឈរលើមូលដ្ឋាននៃសមិទ្ធផលដែលសម្រេចបានក្នុងរយៈពេល ២៥ឆ្នាំកន្លងមកក្នុងក្របខណ្ឌនៃការអនុវត្តយុទ្ធសាស្ត្រត្រីកោណ និងយុទ្ធសាស្ត្រចតុកោណទាំង៤ដំណាក់កាល រាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភាក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានដាក់ចេញនូវ «យុទ្ធសាស្ត្របញ្ចកោណ» ដំណាក់កាលទី១ ដើម្បីកំណើនសេដ្ឋកិច្ច បង្កើតការងារ ធានាសមធម៌ បង្កើនប្រសិទ្ធភាព និងរក្សាចីរភាពសំដៅឆ្លើយតបទៅនឹងបំណងប្រាថ្នារបស់ប្រជាជនឈានឆ្ពោះទៅសម្រេចបាននូវចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០។
ចំពោះការអនុលោមតាម «យុទ្ធសាស្ត្របញ្ចកោណ» ដំណាក់កាលទី១ និងឈរលើមូលដ្ឋាននៃគោលនយោបាយ និងយុទ្ធសាស្ត្រជាតិដែលមានជាធរមានព្រមទាំងក្របខណ្ឌអនុសញ្ញាអន្តរជាតិពាក់ព័ន្ធ ក្រសួងបរិស្ថានបានរៀបចំយុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន ឆ្នាំ២០២៣-២០២៨ ក្នុងគោលបំណងតម្រង់ទិស និងចង្អុលបង្ហាញការងារជាអាទិភាព ដើម្បីធានាឱ្យបាននូវចីរភាពបរិស្ថាន និងសុក្រឹតកម្មបរិស្ថានកិច្ចឆ្លើយតបទៅនឹងការ ប្រែប្រួលអាកាសធាតុ និងលើកកម្ពស់សេដ្ឋកិច្ចបៃតងសំដៅសម្រេចគោលដៅយុទ្ធសាស្ត្របញ្ចកោណគឺ «ជាប្រទេស អព្យាក្រឹតកាបូន និងមានគម្របព្រៃឈើ៦០ភាគរយ នៅឆ្នាំ២០៥០»។
ឯកឧត្តម អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថានបានលើកឡើងដូចខាងលើ ក្នុងបាឋកថាស្តីពី «យុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន» ដល់គណៈគ្រប់គ្រងគ្រូឧទ្ទេស មន្ត្រីរាជការ កម្មសិក្សាការីឆ្នាំ២០២៤ នៃសាលាភូមិន្ទរដ្ឋបាលរៀបចំឡើងនៅព្រឹកថ្ងៃព្រហស្បតិ៍ ទី០១ ខែសីហា ឆ្នាំ២០២៤។
ឯកឧត្តមបណ្ឌិតរដ្ឋមន្រ្តីបានថ្លែងបញ្ជាក់ថា យុទ្ធសាស្រ្តចក្រាវិស័យបរិស្ថានបានរចនាឡើងជារូបរង្វង់ដោយមានយុទ្ធសាស្ត្រស្នូលផ្តោតលើមុំចំនួន៣ មានជាអាទិ៍គឺការពង្រឹងគោលនយោបាយ ការកសាងរដ្ឋបាលឌីជីថល និងពង្រីកការផ្សព្វផ្សាយដែលមុំទាំងបីនេះជាកម្លាំងចលករដ៏សំខាន់ក្នុងការរុញបង្វិលយុទ្ធសាស្ត្រប៣ផ្សេងទៀតឱ្យដំណើរការដោយជោគជ័យ ដែលមានយុទ្ធសាស្រ្តចំនួន៣សំខាន់គឺភាពស្អាត ភាពបៃតង និងចីរភាព។
យុទ្ធសាស្ត្រទី១. ភាពស្អាតដែលផ្តោតលើមុំអាទិភាព៣គឺការត្រួតពិនិត្យការបំពុល ការធ្វើទំនើបកម្មប្រព័ន្ធវិនិច្ឆ័យការបំពុល និងការលើកកម្ពស់ការវាយតម្លៃហេតុប៉ះពាល់បរិស្ថាន។ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែតបានថ្លែងថា ភាពស្អាត និងសុខភាពប្រជាពលរដ្ឋជាការងារអាទិភាពដែលរាជរដ្ឋាភិបាលកម្ពុជានៅក្នុងអាណត្តិទី៧ បាននឹងកំពុងយកចិត្តទុកដាក់។ ការសម្អាតអនាម័យបរិស្ថាននៅតាមមូលដ្ឋាន ប្រមូលទុកដាក់សំរាមរួមទាំងការកាត់បន្ថយសំណល់ប្លាស្ទិកដែលឈានទៅបញ្ឈប់ការប្រើប្រាស់ប្លាស្ទិកក្នុងចំណោមយុវជនជំនាន់ក្រោយ ធានាការគ្រប់គ្រងសំរាម ថែរក្សាអនាម័យបរិស្ថាន និងសុខុមាលភាពប្រជាពលរដ្ឋបានល្អប្រសើរ។
យុទ្ធសាស្ត្រទី២. ភាពបៃតងផ្តោតលើមុំ ការពង្រីកចលនាដាំដើមឈើ ការជំរុញការគ្រប់គ្រង តំបន់ការពារធម្មជាតិ និងការលើកកម្ពស់ជីវភាព សហគមន៍មូលដ្ឋាន។
យុទ្ធសាស្ត្រទី៣. ចីរភាពផ្តោតលើមុំ ការអនុវត្តអនុលោមភាព ការពង្រីកកិច្ចសហប្រតិបត្តិការ និងការពង្រឹងការសម្របសម្រួល។
បើតាមសន្ទរកថារបស់ ឯកឧត្តម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការក្រសួងមុខងារសាធារណៈ និងជានាយកសាលាភូមិន្ទរដ្ឋបាលបានបញ្ជាក់ថា ការរៀបចំបាឋកថា មានគោលបំណងសំខាន់ៗរួមមាន៖
ទី១. ដើម្បីផ្តល់ឱកាសដល់កម្មសិក្សាការីបានជួបប្រាស្រ័យ និងទទួលការណែនាំពីថ្នាក់ដឹកនាំដោយផ្ទាល់។
ទី២. ជាឱកាសដ៏មានតម្លៃសម្រាប់កម្មសិក្សាការីដើម្បីទទួលបាននូវការចែករំណែកនូវចំណេះដឹង និងបទពិសោធន៍ការងារនៅក្នុងវិស័យបរិស្ថាន។
សូមបញ្ជាក់ថា កម្មសិក្សាការីវគ្គមន្ត្រីជាន់ខ្ពស់ មន្ត្រីគ្រប់គ្រងរដ្ឋបាល មន្ត្រីមធ្យម(ថ្នាក់គុណធម៌) និងមន្ត្រីក្រមការចំនួន ២៣៣អង្គ/នាក់(ស្រី៤៧នាក់, ព្រះសង្ឃ១១អង្គ)នៃសាលាភូមិន្ទរដ្ឋបាលបានចូលរួមដោយផ្ទាល់ ក្នុងកម្មវិធីបាឋកថារបស់ឯកឧត្តមរដ្ឋមន្រ្តីក្រសួងបរិស្ថាន។ លើសពីនេះ មានការចូលរួមតាមប្រព័ន្ធអនឡាញ(Microsoft Teams) ពីកម្មសិក្សាការីវគ្គមន្ត្រីមធ្យម(ថ្នាក់នវានុវត្តន៍ និងថ្នាក់គុណភាព)ចំនួន១៥៧នាក់(ស្រី៣៤នាក់)៕