លោកជឺ គីមហៃ អភិបាលស្រុកស្អាង និងមន្ត្រី ៣រូបទៀតត្រូវបានពលរដ្ឋប្ដឹងទៅក្រសួង និងស្ថាប័នកំពូលៗចំនួន ៥ ជុំវិញករណីរឿងទឹកប្រាក់ជាង ៤០០០០ដុល្លារ
លោកជី គឹមហៃ អភិបាលស្រុកស្អាង និងមន្ត្រីសាលាស្រុកស្អាងចំនួន ៣រូបទៀតត្រូវបានប្រជាពលរដ្ឋម្នាក់បានប្ដឹងទៅស្ថាប័ន អង្គភាពកំពូលៗចំនួន ៥ ពាក់ព័ន្ធរឿងយកប្រាក់ជាង បួនម៉ឺនដុល្លារកាលពីកំឡុងឆ្នាំ២០២២ ជាថ្នូរលើសាហុយវាស់វែងដី។
បើតាមលោក រដ្ឋ តារា បានប្រាប់អង្គភាពសារព័ត៌មានយើងថា តាមពាក្យបណ្ដឹងដែលរូបលោកបានប្ដឹងនោះមានឈ្មោះ៖
ទី១. ឈ្មោះ ជី គឹមហៃ មានតួនាទីជាអភិបាលស្រុកស្អាត។
ទី២. ឈ្មោះ អេង វណ្ណឌី មានតួនាទីជាអភិបាលរងស្រុកស្អាង។
ទី៣. ឈ្មោះ ម៉ែន សាមិត្ត ជាមន្ត្រីការិយាល័យរៀបចំដែនដីនគររូបនីយកម្ម និងសំណង់ និងភូមិបាលស្រុកស្អាង។
ទី៤. ឈ្មោះ វ៉ន ចេក ជាមន្ត្រីការិយាល័យរៀបចំដែនដីនគររូបនីកម្ម និងសំណង់និងភូមិបាល ស្រុកអង្គស្នួល ខេត្តកណ្ដាល។
លោកបានបន្ដប្រាប់ទៀតថា លោកបានដាក់ពាក្យប្ដឹងចូលស្ថាប័នចំនួន ៥ ដើម្បីស្នើសុំអន្តរាគមន៍រកយុត្តិធម៌ជូនរូបលោកមានដូចជា ស្ថាប័ន អង្គភាពប្រឆាំងអំពើពុករលួយ ក្រសួងមហាផ្ទៃ ក្រសួងដែនដីនគររូបនីយកម្មនិងសំណង់ ស្ថាប័នអយ្យការសាលាដំបូងខេត្តកណ្តាល និងសាលាខេត្តកណ្ដាលផងដែរ។
បើយោងតាមពាក្យបណ្ដឹងកាលពីថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៤ ដែលបានបណ្ដឹងដាក់ចូលទៅស្ថាប័នកំពូលទាំង ៥នោះ គឺបានគោរពជូន៖
ទី១. ឯកឧត្តមទេសរដ្ឋមន្ត្រី ឱម យិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ។
ទី២. ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។
ទី៣. ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគររូបនីយកម្ម និងសំណង់។
ទី៤. ឯកឧត្តមព្រះរាជអាជ្ញានៃអយ្យការសាលាដំបូងខេត្តកណ្តាល។
ទី៥. ឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្តកណ្ដាល ។
លិខិតបណ្ដឹងរបស់លោក រដ្ឋ តារា ដែលបានដាក់បណ្ដឹងស្វែងរកកិច្ចអន្តរាគមន៍ និងរកយុត្តិធម៌ទៅស្ថាប័នកំពូលៗទាំង ៥នោះ គឺបានធ្វើឡើងដោយយោងលើមាត្រា ៣៥ នៃច្បាប់ប្រឆាំងអំពើពុករលួយ និងបទវីតិក្រម មាត្រា ៥៩២ និងមាត្រា ៥៩៣ នៃក្រមព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជាដែលប្រព្រឹត្តិកាលពីឆ្នាំ ២០២២ នៅចំណុចខេត្តកណ្ដាល។
ដែលមានដំណើរអង្គហេតុថា កាលពីកំឡុងឆ្នាំ ២០១៨ ខ្ញុំបាទបានទិញដីមួយកន្លែងទំហំប្រហែលជាង ៥០ហិចតាស្ថិតនៅភូមិរកាក្រោម ឃុំខ្ពប ស្រុកស្អាង ខេត្តកណ្ដាល ក្រោយពេលដែលខ្ញុំបានទិញរួចរាល់។ ខ្ញុំបាទស្នើសុំចុះបញ្ជីនៅរដ្ឋបាលស្រុកស្អាង នៅក្នុងឆ្នាំ២០២២ ហើយខ្ញុំបាទក៏បានទៅជួបអភិបាលស្រុកដើម្បីស្នើសុំគាត់ឱ្យធ្វើការវាស់វែងទៅលើដីដែលខ្ញុំបាទបានទិញនៅពេលខ្ញុំបានជួបឈ្មោះ ជី គឹមហៃ ឈ្មោះនេះបានទាមទារប្រាក់ពីខ្ញុំដោយប្រើពាក្យថា យកប្រាក់ជាសាហុយដើម្បីធ្វើការវាស់វែងដោយបានទាមទារប្រាក់ពីខ្ញុំបាទសរុបចំនួន ៤៨,០០០ ដុល្លារ ហើយខ្ញុំបាទបានបាញ់លុយតាមប្រតិបត្តិការធនាគារ ABA តែចំនួន ១៨១០០ ដុល្លារ និងប្រាក់សុទ្ធចំនួន ២៩៩០០ ដុល្លារ ខ្ញុំបាទសូមបញ្ជាក់ថា ជំហានទី១ គឺបានទាមទារប្រាក់ពីខ្ញុំបាទចំនួន ១០០០ ដុល្លារ ដោយឈ្មោះជី គឹមហៃ ជាអ្នកយកប្រាក់ផ្ទាល់ពីខ្ញុំបាទ និងជូនកាលក្រុមការងារស្រុករបស់ឈ្មោះជី គឹមហៃ មានឈ្មោះ អេង វណ្ណឌី ជាអភិបាលរងស្រុកជាអ្នកយកហើយជួនកាលឈ្មោះ ម៉ែន សាមិត្ត ជាអនុប្រធានភូមិបាល ជាអ្នកយក ។ បន្ទាប់ពីយកប្រាក់នេះរួចក្រុមការងារស្រុករបស់ ឈ្មោះ ជី គឹមហៃ គឺមិនបានធ្វើអ្វីទាំងអស់គ្រាន់តែវាស់ហើយចោល។
នៅក្នុងឆ្នាំ ២០២៣ មានក្រុមវាស់វែងជាប្រព័ន្ធចុះទៅធ្វើ ខ្ញុំបាទក៏សម្រេចឱ្យក្រុមវាស់វែងជាប្រព័ន្ធនោះធ្វើការវាស់វែងប៉ុន្តែអ្វីដែលជាផលលំបាកនោះគឺក្នុងមួយក្បាលដីគឺមានមនុស្សចំនួន ៤ ទៅ៥នាក់ស្ថិតនៅលើក្បាលដីតែមួយដោយហេតុថា ឈ្មោះ ជី គឹមហៃ បានបង្កើតជាក្រុមការងារហើយបញ្ជាឱ្យឈ្មោះ វ៉ន ចេក បង្កើតបទល្មើសធ្វើការវាស់វែងឱ្យត្រួតគ្នា និងវាស់ហើយចេញបង្កាន់ដៃលេខក្បាលដី។
ឈ្មោះជី គឹមហៃ មិនបានយកមន្ត្រីដែលមានសមត្ថកិច្ចក្នុងស្រុកស្អាងនោះទេគឺយកមន្ត្រីផ្សេងមកពីស្រុកអង្គស្នូលមានឈ្មោះ វ៉ន ចេក នោះយកមកវាស់ដីស្ថិតក្នុងស្រុកស្អាងដោយឱ្យវាស់ដីគឺមួយកន្លែងធ្វើឱ្យជាន់បីទៅបួនម្ចាស់ដី និងបានចេញក្បាលដីជាច្រើនដើម្បីទុកលទ្ធភាពនៅពេលដែលវាស់អត់កើត ឈ្មោះ ជី គឹមហៃ ហើយអ្នកពាក់ព័ន្ធអស់នោះមកធ្វើការដោះស្រាយដែលជាចំណុចគាបរកប្រាក់ពីភាគីមួយៗ។ ការដែលឈ្មោះ វ៉ន ចេក ចេញលេខក្បាលដីក្នុងមួយកន្លែងៗ ដោយមួយប្លង់ៗ គឺមានលេខក្បាលដីច្រើន ដោយក្រុមនេះបង្កើតឱ្យមានបទល្មើស និងភាពស្មុគស្មាញបង្កឱ្យមានទំនាស់រវាងភាគីក្នុងមូលដ្ឋានរបស់ខ្លួនដើម្បីស្វែងរកផលប្រយោជន៍សម្រាប់ក្រុមខ្លួន ។
ជាក់ស្ដែងឈ្មោះទាំងបួននាក់ខាងលើបានទារប្រាក់ពីខ្ញុំនឹងយកប្រាក់ពីខ្ញុំបាទអស់ជាង ៤៨,០០០ ដុល្លារ (បួនម៉ឺនប្រាំបីពាន់ដុល្លារអាមេរិក) គឺមិនបានធ្វើទៅតាមអំណាច និងសមត្ថកិច្ចដែលខ្លួនមាននោះទេ។ អ្នកទាំងបួនបានដឹងហើយថា អ្វីដែលខ្លួនមិនត្រូវទាមទារតែបុគ្គលទាំងបួននាក់នេះបានទាមទាររហូតពីខ្ញុំដែលច្បាប់បានកំណត់ហើយទង្វើរបស់បុគ្គលទាំងបួននាក់នេះគឺបានធ្វើឱ្យខូចផលប្រយោជន៍របស់ខ្ញុំបាទ។
បទល្មើសខាងលើបណ្ដាលឱ្យខ្ញុំបាទខាតបង់ប្រាក់អស់ ៤៨,០០០ ដុល្លារ (បួនម៉ឺនប្រាំបីពាន់ដុល្លារអាមេរិក) នឹងត្រូវខាតបង់ឡើងចុះដើម្បីដោះស្រាយដីខាងលើជាញឹកញាប់។ អាស្រ័យដូចបានជម្រាបជូនខាងលើនេះ សូម ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី សូមមេត្តាពិនិត្យហ្នឹងសម្រេចចាត់វិធានការតាមផ្លូវច្បាប់ជូនរូបខ្ញុំបាទដោយក្តីអនុគ្រោះ។ សូមឯកឧត្តមឧបនាយករដ្ឋមន្ត្រីមេត្តាទទួលនូវការគោរពដ៏ខ្ពង់ខ្ពស់អំពីខ្ញុំបាទ ។
ជុំវិញការណីខាងលើនេះ អង្គភាពយើងខ្ញុំពុំអាចស្នើសុំការបំភ្លឺពីលោក ជី គឹមហៃ អភិបាលនៃគណៈអភិបាលស្រុកស្អាង និងគ្នីគ្នារបស់លោក ជី គឹមហៃ បាននោះទេព្រោះគ្មានលេខទំនាក់ទំនង។ អង្គភាពយើងខ្ញុំរង់ចាំការបំភ្លឺពីគ្រប់ភាគីរាល់ម៉ោងធ្វើការតាមរបបអ្នកសារព័ត៌មាននៅកម្ពុជា។