សហគ្រិនខ្មែរម្នាក់ទទួលពានរង្វាន់ CHT International Awards 2024
ជាមួយនឹងការតាំងចិត្តក្នុងការបង្កើតភាពច្នៃប្រឌិតទៅលើចំណេះដឹងពាក់ព័ន្ធនឹងការវិនិយោគដ៏រស់រវើក និងការចែករំលែកនូវគំនិតអាជីវកម្មផ្សំនឹងកិច្ចសហការគ្នានៅក្នុងសហគមន៍ធុរកិច្ច និងវិនិយោគរួមចំណែកដល់សង្គម និងមនុស្សជាតិព្រមទាំងជាអ្នកបង្កើតបរិយាកាសប្រកបដោយនិរន្តរភាពសម្រាប់អ្នកដឹកនាំនាពេលបច្ចុប្បន្ន និងដើម្បីណែនាំមនុស្សជំនាន់ក្រោយ លោក ហោ សេរីវឌ្ឍន៍ ប្រធានក្រុមប្រឹក្សាភិបាលសមាគម IDI និងក្រុមហ៊ុន IDC ក្លាយជាជ័យលាភី ពីគណៈកម្មការ CHT International Awards 2024 ប្រភេទពានរង្វាន់ CHT International Outstanding Achievers Award 2024 នៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី នៅថ្ងៃទី ២៩ ខែមិថុនា ឆ្នាំ ២០២៤ ។
CHT International Awards 2024 គឺជាវេទិកាមួយបង្កើតឡើងនៅឆ្នាំ 2008 ហើយ ឆ្នាំ 2024 នេះ ជាលើកទី ១០ ដែលបានរៀបចំដោយទទួលស្គាល់ថ្នាក់ដឹកនាំមានស្នាដៃល្អ និងស្ថាប័នពូកែៗដែលបានរីកចម្រើនក្នុងវិស័យរបស់គេ និងបាននាំសមទ្ធផលសំខាន់ៗទៅដល់សង្គមជាតិរបស់គេ។ ជ័យលាភីគឺតំណាងឱ្យបុគ្គលដែលបានទៅដល់ចំណុចកំពូលនៃលទ្ធផលរបស់ជ័យលាភីនីមួយៗ។ CHT International Awards 2024 ដែលរៀបចំនៅឆ្នាំ 2024 នេះមានការចូលជាធិបតី និងប្រគល់រង្វាន់ដោយស្តេច Sultan នៃ Selango ព្រមជាមួយការចូលរួមដោយថ្នាក់ដឹកនាំរដ្ឋ និងឯកជនពីបណ្តាប្រទេសផ្សេងៗជាង 400នាក់។
លោក ហោ សេរីវឌ្ឍន៍ ត្រូវបានវាយតម្លៃដោយគណៈកម្មការយោងលើសមទ្ធផលរបស់លោកទាំងក្នុងវិស័យពាណិជ្ជកម្ម និងវិនិយោគព្រមជាមួយកិច្ចការជួយដល់សង្គមជាតិ។ លោកត្រូវបានទទួលថា ជាអ្នកជំនាញក្នុងវិស័យពាណិជ្ជកម្មដែលមានបទពិសោធន៍ជោគជាំ និងការកសាងបណ្ដាញវិនិយោគិន ក្នុង-ក្រៅប្រទេសដែលបច្ចុប្បន្ន IDI ដែលលោកដឹកនាំបានក្លាយជាស្ថាប័នឯកជននាំមុខនៃប្រព័ន្ធអេកូឡូស៊ីវិនិយោគនៅកម្ពុជាផងដែរ។ ក្នុងកិច្ចការសង្គម លោក ហោ សេរីវឌ្ឍន៍ ក៏ជាអ្នកដឹកនាំជួយសង្គមដ៏ខ្លាំងក្លា ជាពិសេសគឺជាបុគ្គលឯកជនឈាននាំមុខគេលើកិច្ចការសដ្ឋកិច្ចក្រៅប្រព័ន្ធនៅកម្ពុជា និងក្នុងអំឡុងពេលនៃការរាតត្បាតជំងឺកូវីដ-១៩ ដែលលោកបានបង្កើតក្រុមការងារជាអ្នកសម្របសម្រួលប្រឹក្សាយោបល់ និងជួយអន្តរាគមន៍ដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋជាប្រចាំថ្ងៃដោយសហការជាមួយក្រសួង-ស្ថាប័ន ថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ជាពិសេសក្រសួងសុខាភិបាល។ បន្ថែមលើនេះ លោកក៏ជាស្ថាបនិកមូលនិធិកម្ពុជាប្រឆាំងកូវីដ-១៩ ដែលបានកៀងគរជំនួយឧបត្ថម្ភជាកញ្ចប់គ្រឿងឧបភោគ-បរិភោគ និងថ្នាំពេទ្យជូនដល់ប្រជាពលរដ្ឋជាងមួយម៉ឺន ដែលមានការរួមពីសប្បុរសជនជាតិ និងអន្តរជាតិ ។
ទម្រាំបោះជំហានមកដល់ចំណុចនេះ បណ្ឌិត ហោ សេរីវឌ្ឍន៍ ត្រូវឆ្លងកាត់ការលំបាក និងឧបសគ្គជាច្រើន។ ក្នុងនាមជាឈាមខ្មែរតែមួយរូបបានទទួលពានរង្វាន់ CHT International Awards 2024 ដែលទទួលស្គាល់ការយកចិត្តទុកដាក់ និងជោគជ័យដ៏គួរឱ្យកត់សម្គាល់ និងរះចែងចាំង ក្នុងការគាំទ្រសហគមន៍ក្នុងស្រុក និងអន្តរជាតិ គឺជាមោទកភាពសម្រាប់ជាតិខ្មែរទាំងមូល ហើយក៏រំពឹងទុកថា លោកនឹងពន្លេចចេញចក្ខុវិស័យថ្មីៗល្អៗជាច្រើនទៀតសម្រាប់សុទិដ្ឋិនិយមនៃខ្មែរជំនាន់នេះ និងជំនាន់ក្រោយ៕
ជីវប្រវត្តិខ្លីរបស់លោក ហោ សេរីវឌ្ឍន៍៖
លោក ហោ សេរីវឌ្ឍន៍ ជាប្រធានសមាគមវិនិយោគិន នវានុវត្តន៍ និងអភិវឌ្ឍន៍ (IDI) និងក្រុមហ៊ុន អាយឌី ឃែភីថល ម.ក។ លោកក៏ជាប្រធានសមាគមសម្ព័ន្ធសេដ្ឋកិច្ចក្រៅប្រព័ន្ធ (IEL) សមាជិកក្រុមប្រឹក្សាបរធនបាលនៃសហគ្រិនខ្មែរ សមាជិកគណៈកម្មាធិការចំពោះកិច្ចទទួលបន្ទុកចាក់វ៉ាក់សាំងជំងឺកូវីដ-១៩ទូទាំងប្រទេស ប្រធាន និងជាស្ថាបនិកមូលនិធិកម្ពុជាប្រឆាំងកូវីដ-១៩ សមាជិកក្រុមប្រឹក្សាភិបាលនៃក្រុមប្រឹក្សាជាតិកម្ពុជា (NAB) និងមានតួនាទីជាថ្នាក់ដឹកនាំក្រុមហ៊ុន និងសមាគមផ្សេងៗទៀតផងដែរ។ លោក ហោ សេរីវឌ្ឍន៍ ក៏ជាអតីតមន្ត្រីរាជរដ្ឋាភិបាលកម្ពុជា មន្ត្រីអគ្គលេខាធិការដ្ឋានអាស៊ានទទួលបន្ទុកវិនិយោគ អនុប្រធានសភាមុខរបរ និងមីក្រូសហគ្រាសកម្ពុជា និងជាអតីតប្រធានក្រុមអតីតនិស្សិតសាលា Lee Kuan Yew School of Public Policy នៅកម្ពុជាផងដែរ។ លោកជាអតីតសិស្សពូកែចូលរួមប្រឡងជម្រើសជាតិអក្សរសាស្ត្រខ្មែរនៅឆ្នាំ 1999 និងបានបញ្ចប់ការសិក្សាបរិញ្ញាបត្រពាណិជ្ជកម្ម (BCOM) បរិញ្ញាបត្រជាន់ខ្ពស់រដ្ឋបាលពាណិជ្ជកម្ម (MBA) និងបរិញ្ញាបត្រជាន់ខ្ពស់រដ្ឋបាលសាធារណៈ (MPA) ពីសាកលវិទ្យាល័យជាតិសិង្ហបុរី សាលា Lee Kuan Yew School of Public Policy និងទទួលបណ្ឌិតកិត្តិយសពីសាកលវិទ្យាល័យ International Morality University នៃសហរដ្ឋអាមេរិក។ លោកធ្លាប់ទទួលបានពានរង្វាន់ពីស្ថាប័នអន្តរជាតិមួយចំនួនដូចជា US-ASEAN Business Council ឆ្នាំ 2010 និង Distinguished Leadership Award នៅប៉ូឡូញផងដែរហើយពេលនេះលោកទទួលបាន CHT International Outstanding Achievers Award 2024 នៅម៉ាឡេស៊ី។