គ្រាន់តែប្រើប្រាស់ស្លាកលេខមិនប្រក្រតី ចាងហ្វាងសារព័ត៌មាន «រាជសីឦសាន» ត្រូវបានសមត្ថកិច្ចចាប់ឃុំខ្លួន

(រតនគិរី)៖ ផ្អែកលើហេតុផល “ប្រើប្រាស់ស្លាកលេខរថយន្តមិនប្រក្រតី” សមត្ថកិច្ចខេត្តរតនគិរីបានឃាត់ខ្លួនលោក សុង គីមហេង ចាងហ្វាងសារព័ត៌មាន «រាជសីឦសាន» រួចបញ្ជូនទៅកាន់តុលាការដោយគ្មានការលើកលែងក្នុងនោះតុលាការក៏បានឃុំខ្លួនលោក សុង គីមហេង ផងដែរ។

ការចាប់ឃុំខ្លួន លោកចាងហ្វាងរូបនេះធ្វើឱ្យបងប្អូនអ្នកសារព័ត៌មានស្ទើរមួយប្រទេស សម្ដែងការខកចិត្ត និងរន្ធត់ចិត្តជាពន់ពេក។ ដោយថា សព្វថ្ងៃនេះអ្នកជិះរថយន្តអត់ពន្ធនាំចូលមានច្រើនសុទ្ធតែស៊េរីទំនើបៗទៀតផង ពុំមែនមានតែលោក សុង គីមហេង នោះទេ ។ ខណៈដែលលោក សុង គីមហេង ប្រើរថយន្តកញ្ចាស់អត់ពន្ធនាំចូលតម្លៃជាង១០០០ដុល្លារទុកគ្រាន់នឹងជិះផ្លាស់ប្ដូរគ្នា ពេលរថយន្តមានពន្ធរបស់គាត់ខូច ឬត្រូវជួសជុលម្ដងម្កាលប៉ុណ្ណោះ។

ជាក់ស្ដែង រាល់ថ្ងៃនេះគេឃើញអ្នកប្រកាសលក់ “រថយន្តអត់ពន្ធនាំចូល” តាមបណ្ដាញសង្គមយ៉ាងស្អេកស្កះម្ដងបំពាក់ស្លាកលេខនេះ ម្ដងពាក់ស្លាកលេខនោះ ហេតុអ្វីបានជាសមត្ថកិច្ចខេត្តរតនគិរីមិនទៅចាប់ដាក់គុកឱ្យអស់ទៅ?

ក្នុងរឿងនេះ បងប្អូនអ្នកសារព័ត៌មានជាច្រើន បានចាត់ទុកការចាប់ឃុំខ្លួនចាងហ្វាងសារព័ត៌មាន «រាជសីឦសាន» ថា(ជារឿងគំនុំ)។ ព្រោះកន្លងមកលោក សុង គីមហេង  តែងតែផ្សព្វផ្សាយរិះគន់ និងវាយប្រហារមន្ត្រីខិលខូចមួយចំនួនក្នុងខេត្តរតនគិរីជាពិសេសថ្មីៗនេះ។

លោក សុង គីមហេង បានផ្សាយពាក់ព័ន្ធ មន្ត្រីសាធារណការ និងដឹកជញ្ជូនខេត្តរតនគិរី យករថយន្តរដ្ឋទៅបម្រើការ និងចាក់ដីឡូត៍ឯកជនដែលជាមូលហេតុនាំឱ្យមន្ត្រីមិនសប្បាយចិត្តតាមប្រមាញ់ ចាំចាប់កំហុសលោក សុង គីមហេង វិញពាក់ព័ន្ធការប្រើរថយន្តអត់ពន្ធនាំចូល “ប្រើប្រាស់ស្លាកលេខរថយន្តមិនប្រក្រតី”។

ទាក់ទិនបញ្ហានេះលោក សុង គីមហេង ចាងហ្វាងសារព័ត៌មាន «រាជសីឦសាន» ត្រូវសមត្ថកិច្ចឃាត់ខ្លួននៅភូមិទេសអន្លុង សង្កាត់បឹងកន្សែង ក្រុងបានលុង ខេត្តរតនគិរី កាលពីថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៤។

លុះដល់ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៤ ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តរតនគិរី បានសម្រេចចេញដីកាឃុំខ្លួន លោក សុង គីមហេង ដាក់ពន្ធនាគារជាបណ្ដោះអាសន្នពីបទ «ចរាចរណ៍យានជំនិះដោយប្រើផ្លាកលេខសម្គាល់យានជំនិះដោយដឹងថាជាឯកសារក្លែងក្លាយ (លតាប័ត្រ និងផ្លាកលេខរថយន្តមិនត្រឹមត្រូវ) និងប្រើប្រាស់ឯកសារសាធារណៈក្លែង» តាមបញ្ញត្តិមាត្រា៧៨ នៃច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក និងមាត្រា ៦៣០ នៃក្រមព្រហ្មទណ្ឌ។

នៅមុនពេលឃុំខ្លួនលោក សុង គីមហេង បានបញ្ជាក់ថា ដើមចមនៃរឿងនេះគឺនៅអំឡុងពាក់កណ្ដាលខែឧសភា ឆ្នាំ២០២៤ រថយន្ត នីសាន់ម៉ាច របស់លោកបានខូច និងត្រូវជួសជុលប៉ុន្តែដោយកត្តាចាំបាច់ក្នុងការបំពេញបេសកកម្មយកព័ត៌មាន លោកក៏បានដោះស្លាកលេខពីរថយន្តនីសាន់ម៉ាចទៅបំពាក់លើរថយន្តហុងដាវិត (អត់ពន្ធនាំចូល) ជាបណ្ដោះអាសន្នដើម្បីធ្វើដំណើរមួយគ្រាសិន។ ដោយលោក សុង គីមហេង នឹកស្មានថាពុំមានរឿងអ្វីកើតឡើងទេព្រោះជាស្លាកលេខរបស់ខ្លួនយ៉ាងពិតប្រាកដពុំមែនជាការកែច្នៃ ឬផលិតស្លាកលេខក្លែងក្លាយអ្វីឡើយពោលគឺស្របពេលបញ្ចប់បេសកកម្ម រថយន្តម៉ាកនីសាន់ម៉ាច របស់លោក សុង គីមហេងក៏បានជួសជុលរួចរាល់ហើយលោក សុង គីមហេង បានដោះស្លាកលេខដែលកំពុងបំពាក់បណ្ដោះអាសន្នលើរថយន្តហុងដាវិត មកបំពាក់លើរថយន្តម៉ាកនីសាន់ម៉ាច របស់ខ្លួនជាធម្មតាវិញរួចក៏ធ្វើដំណើរទៅបំពេញបេសកកម្មបន្តទៀតហើយក៏ត្រូវសមត្ថកិច្ចឃាត់ខ្លួនត្រង់ចំណុចខាងលើតែម្ដងទៅពាក់ព័ន្ធករណីប្រើប្រាស់ “ស្លាកលេខរថយន្តមិនប្រក្រតី”។

ក្នុងរឿងនេះបងប្អូនអ្នកសារព័ត៌មានស្ទើរមួយប្រទេសបានសម្ដែងការហួសចិត្តថា «គ្រាន់តែរឿងប៉ុណ្ណឹងសោះលោក សុង គីមហេង បែរជាត្រូវប្រឈមនឹងការជាប់ពន្ធនាគារចាប់ពី២ឆ្នាំ ទៅ៥ឆ្នាំទៅវិញ» ខណៈដែលរថយន្តចាស់ៗទាំង២គ្រឿងរបស់លោក សុង គីមហេង នោះ បើលក់សរុបទាំងអស់ក៏មិនបាន ៤០០០ដុល្លារផង។

ការចាប់ឃុំខ្លួនលោក សុង គីមហេង នេះដែរ បានធ្វើឱ្យក្រុមគ្រួសារគាត់ហួសចិត្តយំសោកបោកខ្លួនដូចអកព្រាត់ទ្រនំ។ ជាមួយគ្នានេះ បងប្អូនអ្នកសារព័ត៌មានស្ទើរមួយប្រទេស សូមស្នើយ៉ាងទទូចដល់ថ្នាក់ដឹកនាំខេត្តរតនគិរី និងឯកឧត្ដម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ជាពិសេសសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា សូមមេត្តាជួយអន្តរាគមន៍អនុញ្ញាតឱ្យលោក សុង គីមហេង បានចេញនៅក្រៅឃុំបណ្ដោះអាសន្នដោយក្ដីអនុគ្រោះដើម្បីមានឱកាសជួបជុំប្រពន្ធកូន និងបានកែប្រែកំហុសទៅថ្ងៃក្រោយ៕

WhatsAppProtopage BookmarksTwitterLinkedInLinePinterestGoogle BookmarksTelegramFacebookCopy LinkFacebook MessengerShare
WhatsAppProtopage BookmarksTwitterLinkedInLinePinterestGoogle BookmarksTelegramFacebookCopy LinkFacebook MessengerShare