ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំអញ្ជើញចុះពិនិត្យមើលការដ្ឋានសាងសង់អគារសិក្សាថ្មី នៅសាលាអនុវិទ្យាល័យផ្សារព្រំ ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត
(ខេត្តប៉ៃលិន)៖ លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន កាលពីរសៀលថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៤ បានអញ្ជើញអមដំណើរ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ចុះពិនិត្យមើលការដ្ឋានសាងសង់អគារសិក្សាថ្មីចំនួន២ខ្នង ៦០បន្ទប់ និងទីចាត់ការ ២ខ្នង នៅសាលាអនុវិទ្យាល័យផ្សារព្រំដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា។ ឯកឧត្តមបណ្ឌិតសភាចារ្យឧបនាយករដ្ឋមន្ត្រីបានមានប្រសាសន៍លើកឡើងថា ការសាងសង់អគារសិក្សាថ្មីទាំងនេះ គឺសុទ្ធតែជាចក្ខុវិស័យ របស់សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី ដើម្បីជួយលើកកម្ពស់វិស័យអប់រំ ក៏ដូចជាការបង្ខិតសាលារៀនឱ្យនៅកាន់តែជិតបំផុតដល់សិស្សានុសិស្សដើម្បីឱ្យពួកគេកាន់តែងាយស្រួល និងមានឱកាសទៅរៀនសូត្រដូចសិស្សដទៃៗទៀតសមតាមបំណងប្រាថ្នាក្រោមម្លប់សន្តិភាពដូច្នេះយើងទាំងអស់ ត្រូវរួមសាមគ្គីគ្នាបន្តថែរក្សាការពារសុខសន្តិភាពដែលមាននេះឱ្យបានគង់វង្ស ព្រោះថាសុខសន្តិភាពជាមូលដ្ឋានគ្រឹះដ៏រឹងមាំ សម្រាប់ការអភិវឌ្ឍប្រទេស និងនាំឱ្យមានអ្វីៗគ្រប់យ៉ាង។
នាឱកាសនោះផងដែរ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន ក៏បានមានប្រសាសន៍ផ្តាំផ្ញើលោកគ្រូ អ្នកគ្រូ និងកម្មករសាងសង់ទាំងអស់ត្រូវខិតខំធ្វើការងារឱ្យសម្រេចបានទៅតាមផែនការដែលបានគ្រោងទុក និងត្រូវមានការប្រុងប្រយ័ត្នខ្ពស់ចំពោះគ្រោះថ្នាក់ដែលកើតឡើងជាយថាហេតុជាពិសេសត្រូវចេះថែទាំសុខភាព ព្រោះរដូវកាលនេះ អាកាសធាតុក្តៅខ្លាំងហើយបើមានបញ្ហាអ្វីកើតឡើងត្រូវប្រញាប់រាយការណ៍ជាបន្ទាន់មកអាជ្ញាធរមូលដ្ឋាន ឬប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្ត ។
បើតាមរបាយការណ៍របស់លោក តង់ ធារ៉ា ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តបានឱ្យដឹងថា អគារដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន នៅសាលាអនុវិទ្យាល័យផ្សារព្រំគឺមានអគារសិក្សាចំនួន ២ខ្នង ស្មើនឹង ៦០បន្ទប់ និងអគារទីចាត់ការចំនួន ២ខ្នង៕