ម្ចាស់ទីតាំងល្បែងស៊ីសងអនឡាញកំពុងសប្បាយនឹងការប្រមូលលុយពីប្រជាពលរដ្ឋដោយខុសច្បាប់តាមរយៈការដាក់ពង្រាយល្បែងអនឡាញ

(ក្រុងតាខ្មៅ) ៖ ម្ចាស់ទីតាំងល្បែងស៊ីសងអនឡាញកំពុងសប្បាយនឹងការប្រមូលលុយពីប្រជាពលរដ្ឋដោយខុសច្បាប់តាមរយៈការដាក់ពង្រាយល្បែងអនឡាញជ្រកក្រោមហាងកាហ្វេ នៅចំណុចទំនប់៦៤ ភូមិសិត្បូ សង្កាត់សិត្បូ ក្រុងតាខ្មៅ ខេត្តកណ្តាល ក្នុងនោះថៅកែបនល្បែងអនឡាញនីមួយៗ បានដាក់ឱ្យកូនឈ្នួល ឬកម្មកររបស់ខ្លួនឈរជើងសម្រាប់ភ្នាល់ស៊ីសងប្រាក់ ដែលក្រុមអ្នកញៀនល្បែងមកទទួលទានកាហ្វេ និងភ្នាល់ចាក់លុយរៀងរាល់ថ្ងៃខណៈលោក ស៊ាង រិទ្ធី នាយប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់សិត្បូ ហាក់ភ្លេចបទបញ្ជារបស់សម្ដេច ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃកម្ពុជាដែលបញ្ហាអសន្តិសុខ កើតនូវអំពើចោរកម្ម និងបទល្មើសផ្សេងៗដូចជាចោរលួច ចោរឆក់ ចោរប្លន់ និងអំពើហិង្សាជាដើម គឺផ្តើមចេញពីល្បែងស៊ីសង។

ជាក់ស្ដែងទីតាំងល្បែងអនឡាញ លោក ស៊ាង រិទ្ធី មេប៉ុស្តិ៍សិត្បូ មិនទាន់ចាត់វិធានការបង្ក្រាបស្ថិតនៅចំណុចទំនប់៩៦ ភូមិសិត្បូ សង្កាត់សិត្បូ ក្រុងតាខ្មៅ ខេត្តកណ្តាល មានក្រុមអ្នកញៀនល្បែងចូលលេងភ្នាល់ជារៀងរាល់ថ្ងៃប៉ុន្តែប្រហែលជាមានអ្វីបាំងភ្នែកសមត្ថកិច្ចមូលដ្ឋាន ជាពិសេសលោកនាយប៉ុស្តិ៍តែម្តងដែលនៅកៀកនឹងបនល្បែងនោះមិនឃើញហើយមិនទាន់បង្ក្រាប។

សូមរំលឹកថា “កាលថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២២ កន្លងទៅនេះ សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃកម្ពុជា បានចេញបទបញ្ជាដាច់ណាត់មួយឱ្យអភិបាលរាជធានីខេត្តទាំង២៥ខេត្តក្រុងត្រូវបិទទីតាំងបនល្បែងស៊ីសងគ្រប់ប្រភេទទាំងអស់ឱ្យខានតែបាន សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាក់យ៉ាងច្បាស់ថា អាជ្ញាធរស្រុក ក្រុង ខេត្តណាដែលមិនទប់ស្កាត់ និងមិនបង្ក្រាបបទល្មើសល្បែងស៊ីសងនៅក្នុងមូលដ្ឋានរបស់ខ្លួនទេ អាជ្ញាធរឬសមត្ថកិច្ចទាំងនោះ និងត្រូវប្រឈមបាត់បង់តំណែងទៀតផង។” ប៉ុន្តែអាជ្ញាធរ និងសមត្ថកិច្ចសង្កាត់សិត្បូ ក្រុងតាខ្មៅ ខេត្តកណ្តាល មិនទាន់បង្ក្រាបទីតាំងបនល្បែងស៊ីសងដែលបើកលេងនៅមូលដ្ឋានរបស់ខ្លួនឱ្យទាន់ពេលវេលាផ្គើនទៅនឹងបទបញ្ជារបស់សម្ដេច ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃកម្ពុជា។

ហេតុនេះពលរដ្ឋសង្ឃឹមថា លោក ស៊ាង រិទ្ធី នាយប៉ុស្តិ៍សិត្បូ លោក យី វណ្ណដា អធិការក្រុងតាខ្មៅ ជាពិសេសឯកឧត្តម ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល សូមមេត្តាចាត់កម្លាំងជំនាញចុះបង្ក្រាបទីតាំងល្បែងស៊ីសងដូចបានជម្រាបជូនក្នុងភូមិសាស្ត្រឱ្យមានទាន់ពេលវេលា និងមានប្រសិទ្ធភាពដើម្បីកុំឱ្យល្បែងអនឡាញទាំងនេះបង្វែរស្មារតីពលរដ្ឋឱ្យភ្លេចការងារហើយវក់វីប្រមូលលុយមកភ្នាល់ផ្សងសំណាង៕

WhatsAppProtopage BookmarksTwitterLinkedInLinePinterestGoogle BookmarksTelegramFacebookCopy LinkFacebook MessengerShare
WhatsAppProtopage BookmarksTwitterLinkedInLinePinterestGoogle BookmarksTelegramFacebookCopy LinkFacebook MessengerShare