ល្បែងស៊ីសងមាន់ជល់តាមអនឡាញនៅស្រុកស្រីសន្ធរកំពុងតែកើតមានជាច្រើនកន្លែងប៉ុន្តែសមត្ថកិច្ចហាក់រក្សាភាពស្ងៀមស្ងាត់

(ខេត្តកំពង់ចាម)៖ ទីតាំងបើកល្បែងស៊ីសង ជល់មាន់តាមប្រព័ន្ធអនឡាញកំពុងបើកដំណើរការយ៉ាងកក្រើកនៅតាមបណ្ដាភូមិមួយចំនួនដូចជា ភូមិធូរៃក្រោម ភូមិសន្ទៃ និងភូមិព្រែកដំបូក។ ទោះបីជាទីតាំងទាំងនោះធ្លាប់ធ្វើកិច្ចសន្យាហើយក៏ដោយក៏នៅតែបើកយ៉ាងរលូនដែរ។ តើស្រុកស្រីសន្ធរ ខេត្តកំពង់ចាមពុំខ្លាចញញើតនឹងបទបញ្ជារបស់សម្ដេចតេជោ ហ៊ុនសែន ទេឬ?

នាពេលថ្មីៗនេះ គេល្បីខ្លាំងណាស់ថា ស្រុកស្រីសន្ធរកំពុងបើកលេងល្បែងស៊ីសងបញ្ជល់មាន់ផ្អើលស្រុក ផ្អើលភូមិ និងឃុំមួយចំនួនប៉ុន្តែអាជ្ញាធរមានសមត្ថកិច្ច និងមន្ត្រីជំនាញនៅក្នុងស្រុកស្រីសន្ធរបែរជារក្សាភាពស្ងៀមស្ងាត់ខណៈប្រមុខរាជរដ្ឋាភិបាលបានប្រកាសឱ្យបិទល្បែងស៊ីសងទូទាំងប្រទេសទោះមានអាជ្ញាបណ្ណឬមិនមានអាជ្ញាបណ្ណក៏ដោយ។ នៅពេលថ្មីៗនេះគេសង្កេតឃើញថា ល្បែងស៊ីសងជល់មាន់តាមប្រព័ន្ធអនឡាញចាប់ផ្តើមបើកលេងយ៉ាងគគ្រឹកគគ្រេងឡើងវិញហើយក្នុងស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ។

ប្រជាពលរដ្ឋកំពុងមានការព្រួយបារម្ភយ៉ាងខ្លាំងខណៈពេលឃើញក្រុមអ្នកញៀនល្បែងទាំងនោះប្រមូលផ្តុំគ្នាចូលទៅលេងល្បែងស៊ីសងជារៀងរាល់ថ្ងៃតែបែរជាអាជ្ញាធរមានសមត្ថកិច្ចក្នុងមូលដ្ឋានតាមបណ្ដាភូមិទាំងនេះហាក់បីដូចជាគ្មានចំណាត់ការទាល់តែសោះឬមួយទទួលបានលាភសក្ការៈទើបបើកភ្លើងខៀវឱ្យម្ចាស់ទីតាំងទាំងនេះបើកលេងល្បែងស៊ីសងបានយ៉ាងរលូនដូច្នេះ?

ក្តីកង្វល់បងប្អូនប្រជាពលរដ្ឋសព្វថ្ងៃនេះ ពួកគាត់មានការព្រួយបារម្ភចំពោះសុខទុក្ខ និងសុវត្ថិភាពរបស់ពួកគាត់នៅពេលយប់ព្រោះថា បើទីកន្លែងណាមានបើកល្បែងស៊ីសង ទីកន្លែងនោះមិនយូរមិនឆាប់ទេនឹងកើតមានអំពើចោរកម្មដូចជា លួច ឆក់ វ៉ៃប្លន់ និងគាស់ផ្ទះ ជាពិសេសអំពើហិង្សាក្នុងគ្រួសារជាក់ជាមិនខានព្រោះថាទីតាំងទាំងនោះគឺសម្បូរទៅដោយអ្នកមានលុយរាប់លានចូលទៅលេងជាប្រចាំរាល់ថ្ងៃ។

ជុំវិញពាក់ព័ន្ធល្បែងសុីសងខាងលើ លោក វរសេនីយ៍ឯក ប៉ាក ជាតិ អធិការនគរបាលស្រុកស្រីសន្ធរគួរតែចាត់កម្លាំងក្រោមឱវាទឱ្យចុះមកស្រាវជ្រាវ និងចាត់វិធានការបង្ក្រាបទីតាំងបើកល្បែងស៊ីសងខាងលើនេះផង មិនគួរណាមើលរំលងឡើយ ចៀសវាងមានការរិះគន់ពីបងប្អូនប្រជាពលរដ្ឋ និងមហាជនដាក់ការសង្ស័យទៅលើអាជ្ញាធរមូលដ្ឋានថា មានការឃុបឃិតគ្នាជាប្រព័ន្ធដើម្បីបើកភ្លើងខៀវឱ្យមានបទល្មើសក្នុងមូលដ្ឋានហើយមិនបង្ក្រាប។

ប្រជាពលរដ្ឋសង្ឃឹមថា លោកឧត្តមសេនីយ៍ត្រី ហេង វុទ្ធី ស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម នឹងយកចិត្តទុកដាក់ចាត់កម្លាំងជំនាញនៃស្នងការនគរបាលចុះជ្រាវស្រាវ និងធ្វើការបង្ក្រាបទីតាំងល្បែងស៊ីសងខាងលើទាំងនេះផង ដើម្បីគោរពតាមប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចក្រឡាហោម ស ខេង និងរក្សាសន្តិសុខ សុវត្ថិភាពជូនបងប្អូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន និងគោរពតាមគោលនយោបាយភូមិ/ឃុំ/ឬស្រុកមានសុវត្ថិភាពទាំង ៧ចំណុចឱ្យមានប្រសិទ្ធភាពខ្ពស់និងចូលរួមចំណែកបញ្ចៀសករណីអំពើចោរកម្មផ្សេងៗដូចជា លួច ឆក់ ប្លន់ គាស់ផ្ទះ និងជាពិសេសអំពើហិង្សាក្នុងគ្រួសារដោយផ្ដើមចេញពីល្បែងទាំងនេះព្រោះថាល្បែងជាដើមចមបង្កើតបទល្មើស អង្គភាពយើងខ្ញុំនឹងរង់ចាំការបំភ្លឺរៀងរាល់ម៉ោងធ្វើការ។

WhatsAppProtopage BookmarksTwitterLinkedInLinePinterestGoogle BookmarksTelegramFacebookCopy LinkFacebook MessengerShare
WhatsAppProtopage BookmarksTwitterLinkedInLinePinterestGoogle BookmarksTelegramFacebookCopy LinkFacebook MessengerShare