សម្តេចក្រឡាហោម ស ខេង អញ្ជើញបញ្ចុះខណ្ឌសីមា សម្ភោធឆ្លងព្រះវិហារ និងសមិទ្ធផលនានាក្នុងវត្តមេលប់ ឃុំរការ ស្រុកពារាំង

(ព្រៃវែង)៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃបានអញ្ជើញជាអធិបតីបញ្ចុះខណ្ឌសីមា សម្ភោធឆ្លងព្រះវិហារ និងសមិទ្ធផលនានាក្នុងវត្តមេលប់ដែលស្ថិតនៅ ភូមិមេលប់ ឃុំរការ ស្រុកពារាំង ខេត្តព្រៃវែងនាថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៣។

នាឱកាសនោះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃបានមានប្រសាសន៍ថ្លែងអំណរគុណ និងកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋបាលស្រុកពារាំង និងរដ្ឋបាលឃុំព្រមទាំងអាជ្ញាធរភូមិ និងប្រជាពលរដ្ឋដែលបានខិតខំរួមគ្នាការពារសុខសន្តិភាព សុខសុវត្ថិភាពរួមគ្នាអភិវឌ្ឍន៍មូលដ្ឋានរបស់ខ្លួនឱ្យទទួលបានលទ្ធផលគួរជាទីមោទនៈ។

សម្ដេចបានមានប្រសាសន៍កោតសរសើរព្រះចៅអធិការ អាចារ្យគណៈកម្មការវត្ត ពុទ្ធបរិស័ទចំណុះជើងវត្ត និងសប្បុរសជនទាំងឡាយដែលបានផ្ដួចផ្ដើមគំនិត និងបរិច្ចាគថវិកាសាងសង់សមិទ្ធផលនានានៅក្នុងវត្តនេះដែលជាការរួមចំណែកយ៉ាងសំខាន់សម្រាប់ការកសាងសង្គមជាតិក្នុងឱកាសដែលកម្ពុជាកំពុងមានសុខសន្តិភាពទាំងស្រុង មានស្ថិរភាព និងជំរុញការអភិវឌ្ឍសេដ្ឋកិច្ចសង្គមឱ្យកាន់តែរីកចម្រើន។

សម្តេចក្រឡាហោម មានប្រសាសន៍ណែនាំឱ្យរដ្ឋបាលស្រុកបង្កើតវេទិកាសាធារណៈដើម្បីស្តាប់អំពីតម្រូវការ បញ្ហាប្រឈមនានារបស់ប្រជាពលរដ្ឋ យកមកធ្វើការដោះស្រាយជូនពួកគាត់ឱ្យបានទាន់ពេលវេលា។

សម្តេចក្រឡាហោមមានប្រសាសន៍បន្តថា ត្រូវព្យាយាមដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការឱ្យបានច្រើនតាមដែលអាចធ្វើបានព្រោះថាការដោះស្រាយក្រៅប្រព័ន្ធតុលាការគឺមានសារប្រយោជន៍ច្រើនណាស់សម្រាបប្រជាពលរដ្ឋចំណេញពេលវេលាជាដើម។

សម្ដេចក៏បានអំពាវនាវឱ្យប្រជាពលរដ្ឋមានឈ្មោះក្នុងបញ្ជីបោះឆ្នោតត្រៀមអញ្ជើញទៅបោះឆ្នោតឱ្យបានគ្រប់ៗគ្នា និងសូមចូលរួមបន្តថែរក្សាការពារសុខសន្តិភាព និងស្ថិរភាពជាតិដើម្បីសម្រេចបានជោគជ័យការរៀបចំព្រឹត្តិការណ៍ជាតិធំៗនាពេលខាងមុខរួមទាំងបន្តការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម។ សម្ដេចក៏បានណែនាំឱ្យអាជ្ញាធរមូលដ្ឋាន រួមសហការគ្នាជាមួយប្រជាពលរដ្ឋដើម្បីជំរុញការអនុវត្តគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព និងការដោះស្រាយបញ្ហាប្រឈម សំណូមពរនានារបស់ប្រជាពលរដ្ឋ។

ក្នុងនោះដែរ លោក ចេម ប្រា អភិបាលស្រុកពារាំង បានឱ្យដឹងថា នៅថ្ងៃទី០១ ខែមករា ឆ្នាំ២០១៥ បានចាប់ផ្ដើមកសាងព្រះវិហារថ្មីដោយមានការផ្តួចផ្តើមពីព្រះគ្រូចៅអធិការវត្តរួមសប្បុរសជនជិតឆ្ងាយព្រមទាំងពុទ្ធបរិស័ទរួមជាមួយឯកឧត្តម លោកជំទាវ ក្រុមការងារ ចុះជួយស្រុក និងឃុំ រហូតថ្ងៃនេះ វត្តមេលប់បានកសាងរួចរាល់ត្រូវបានប្រារព្ធពិធីបុណ្យបញ្ចុះខណ្ឌសីមាដែលចំណាយថវិកាអស់សរុបប្រមាណជាង ៤១៣.៥៣៦ដុល្លារ អាមេរិក (សែសិបមួយម៉ឺនបីពាន់ប្រាំរយសាមសិបប្រាំមួយដុល្លារអាមេរិក)។

សម្ដេចក៏បានអញ្ជើញកាត់សីមាឆ្លងនូវសមិទ្ធផលនានានៅក្នុងវត្តមេលប់និងដាក់ឱ្យប្រើប្រាស់ជាផ្លូវការផងដែរ។  សម្ដេចក៏បានដាក់បច្ច័យសីមាទាំងប្រាំបីទិសក្នុងមួយទិស ២០ ម៉ឺនរៀល និងទិសឥន្ទកិល ៣០ ម៉ីនរៀល, ប្រគេនសម្រាប់កសាងវត្តចំនួន ៥០ លានរៀល, ឧបត្ថម្ភសាលាស្រុកចំនួន ១ លានរៀល, ឧបត្ថម្ភក្រុមគ្រូពេទ្យចំនួន ១០ នាក់ក្នុងម្នាក់ៗ ២ម៉ឺនរៀល, ឧបត្ថម្ភលោកគ្រូ អ្នកគ្រូចំនួន ៥០នាក់ក្នុងម្នាក់ ២ ម៉ឺនរៀល, ឧបត្ថម្ភយុវជន ស.ស.យ.ក ចំនួន ១០០ នាក់ក្នុងម្នាក់ៗ ១ម៉ឺនរៀល, ឧបត្ថម្ភយុវជនកាកបាទក្រហមចំនួន ១០០នាក់ក្នុងម្នាក់ៗ ១ម៉ឺនរៀល, យុវជនកាយរឹទ្ធិចំនួន ១០០នាក់ ក្នុងម្នាក់ៗ ១ ម៉ឺនរៀល, សិស្សានុសិស្សចំនួន ២៥០នាក់ក្នុងម្នាក់ៗ ថវិកា ១ម៉ឺនរៀល, យាយជី តាជីចំនួន ១០០នាក់ ក្រណាត់សមួយដុំ ថវិកា១ម៉ឺនរៀល៕

WhatsAppProtopage BookmarksTwitterLinkedInLinePinterestGoogle BookmarksTelegramFacebookCopy LinkFacebook MessengerShare
WhatsAppProtopage BookmarksTwitterLinkedInLinePinterestGoogle BookmarksTelegramFacebookCopy LinkFacebook MessengerShare