អនុគណៈកម្មការសាខាកាកបាទក្រហមក្រុងប៉ៃលិន ចុះផ្សព្វផ្សាយស្ដីពីជំងឺផ្ដាសាយបក្សី H5N1តាមមូលដ្ឋាន

(ប៉ៃលិន​)៖ នាព្រឹកថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២៣ លោក ស្លេះ យូរ ប្រធានអនុគណៈកម្មការសាខាកាកបាទក្រហមកម្ពុជាក្រុងប៉ៃលិនបានដឹកនាំសមាជិក សមាជិកាអនុគណៈកម្មការសាខាចុះផ្សព្វផ្សាយស្ដីពីជំងឺគ្រុនផ្ដាសាយបក្សី H5N1 ដល់ក្រុមអ្នកស្ម័គ្រចិត្តភូមិសិស្សានុសិស្សព្រមទាំងបងប្អូនអាជីវករនៅក្នុងក្រុងប៉ៃលិន ក្នុងគោលបំណងដើម្បីឱ្យពួកគាត់បានយល់ដឹងពីរោគសញ្ញានៃជំងឺគ្រុនផ្ដាសាយបក្សី H5N1 ព្រមទាំងមានវិធានការការពារ។ ពិធីនេះប្រព្រឹត្តធ្វើនៅ៣ទីតាំងផ្សេងៗ នៅមណ្ទលសុខភាពអូរច្រាស្ថិតក្នុងសង្កាត់ទូលល្វា នៅអនុវិទ្យាល័យប៉ាងរលឹមក្នុងសង្កាត់អូរតាវ៉ៅ និងក្នុងផ្សារសាមគ្គី ហៅផ្សារប៉ាហ៊ីក្នុងសង្កាត់ប៉ៃលិនក្រុងប៉ៃលិន។

លោក ស្លេះ យូរ ប្រធានអនុគណៈកម្មការសាខាកាកបាទក្រហមកម្ពុជាក្រុងប៉ៃលិនបានឱ្យដឹងថា រដ្ឋបាលខេត្តតែងតែគិតគូរពីសុខមាលភាពរបស់បងប្អូនប្រជាពលរដ្ឋទូទាំងខេត្តប៉ៃលិនខណៈរយៈចុងក្រោយនេះមានការ​លេចចេញនូវជំងឺឆ្លងមួយប្រភេទជាជំងឺគ្រុនផ្ដាសាយបក្សី H5N1 ហើយបានបង្កឱ្យមានគ្រោះថ្នាក់ដល់អាយុជីវិតផងដែរ។

លោកប្រធានអនុគណៈកម្មការបានបន្តថា ជំងឺផ្តាសាយបក្សីនេះជាប្រភេទជំងឺម្យ៉ាងដែលចម្លងពីសត្វស្លាបមកមនុស្សតាមរយៈការចាប់កាន់ ឬបរិភោគសាច់សត្វឈឺ ឬងាប់ដោយសារមានផ្ទុកវីរុសប៉ុន្តែទោះបីជាយ៉ាងណា ជំងឺនេះត្រូវបានកម្ចាត់ដោយសារការមានអនាម័យក្នុងជីវិតរស់នៅ ។ ម្យ៉ាងទៀតបើបងប្អូនមានការសង្ស័យ ដូចជាមានរោគសញ្ញាផ្លូវដង្ហើម គ្រុនក្ដៅ ឈឺក ក្អក ឬហត់ និងមានប្រវត្តិប៉ះពាល់ជាមួយសត្វបក្សីងាប់ទាំងបក្សីស្រុក និងបក្សីព្រៃ សូមទៅពិគ្រោះជំងឺ និងធ្វើតេស្តឬទៅមណ្ឌលសុខភាពដែលនៅជិតផ្ទះបំផុត។

លោកប្រធានអនុគណៈកម្មការក៏បានបញ្ជាក់ផងដែរថា កន្លងទៅថ្មីៗនេះ ប្រទេសកម្ពុជាយើងមានករណីកើតជំងឺគ្រុនផ្តាសាយបក្សី H5N1 បណ្តាលឱ្យកុមារីម្នាក់នៅខេត្តព្រៃវែងត្រូវបានបាត់បង់អាយុជីវិតព្រោះតែជំងឺដ៏សាហាវនេះចំណែកឪពុកក៏មានជំងឺប្រភេទនេះដែរប៉ុន្តែត្រូវបានក្រុមគ្រូពេទ្យជំនាញធ្វើការព្យាបាលរហូតបានជាសះស្បើយ និងត្រលប់ទៅផ្ទះវិញផងដែរ។

ជាមួយគ្នានេះដែរលោកប្រធានក៏បានពន្យល់ពីរបៀបដើម្បីការពារការកើតមានជំងឺគ្រុនផ្តាសាយបក្សី H5N1 ដោយបងប្អូនត្រូវគប្បីអនុវត្តតាមវិធីខាងក្រោម៖ 
– អនាម័យដៃ៖ លាងដៃមុនពេលបរិភោគអាហារ បន្ទាប់ពីចេញពីបង្គន់កាន់ឬកើបកាកសំណល់សត្វ និងបន្ទាប់ពីការថែទាំអ្នកជំងឺត្រូវលាងដុសសម្អាតដៃនឹងសាប៊ូឱ្យស្អាត ។ 
– អនាម័យផ្លូវដង្ហើម៖ នៅពេលក្អកឬកណ្តាស់ ខ្ទប់មាត់របស់អ្នក ។
– សុវត្ថិភាពម្ហូបអាហារ៖ ផលិតផលសាច់ និងស៊ុត ត្រូវចម្អិនឱ្យឆ្អិនល្អ ។ កុំបរិភោគសត្វឈឺ ឬងាប់ដោយជំងឺ ។ បើមានរោគសញ្ញាសង្ស័យណាមួយគួរតែប្រញាប់មកជួបជាមួយគ្រូពេទ្យ និងត្រូវរាយការណ៍ពីស្ថានភាពជំងឺជាបន្ទាន់ផងដែរ។

សូមបញ្ជាក់ដែរថា ជំងឺផ្តាសាយបក្សី H5N1 គឺជាជំងឺឆ្លងក្នុងចំណោមពពួកបក្សី ឬសត្វស្លាបតែអាចមានការឆ្លងជំងឺនេះមកលើមនុស្សហើយអាចបង្កជាជំងឺធ្ងន់ធ្ងរ និងមានអត្រាស្លាប់ខ្ពស់ហើយក្រសួងសុខាភិបាលក៏បានឱ្យដឹងដែរថា ជំងឺផ្តាសាយបក្សីនេះចាប់ផ្តើមកើតមាននៅក្នុងប្រទេសកម្ពុជា តាំងពីឆ្នាំ ២០០៥ ដោយមានអ្នកឆ្លងជំងឺនេះសរុបចំនួន ៥៧ នាក់ក្នុងនោះ ៣៨នាក់បានស្លាប់ផងដែរ៕

WhatsAppProtopage BookmarksTwitterLinkedInLinePinterestGoogle BookmarksTelegramFacebookCopy LinkFacebook MessengerShare
WhatsAppProtopage BookmarksTwitterLinkedInLinePinterestGoogle BookmarksTelegramFacebookCopy LinkFacebook MessengerShare