
មន្ត្រីកាំកុងត្រូលសាខា ផ្សារទួលទំពូង រកឃើញសំណល់ក្នុងបន្លែ ជាប្រភេទថ្នាំសំលាប់សត្វល្អិតសរុបចំនួន៥.៥០ គីឡូក្រាម
(ភ្នំពេញ)៖ យោងតាមសេចក្តីរាយការណ៍ថា នៅថ្ងៃទីព្រឹក២៥ ខែតុលា ឆ្នាំ២០១៩នេះ ខាងមន្ត្រីកាំកុងត្រូល បានការសហការជាមួយមន្ត្រីពាណិជ្ជកម្ម និងគណៈកម្មការផ្សារ ចុះត្រួតពិនិត្យ និងផ្សព្វផ្សាយអំពីគុណភាព សុវត្ថិភាពម្ហូបអាហារ ដែលមានដាក់តាំងលក់នៅក្នុងផ្សារទួលទំពូង។ គោលដៅសំខាន់នៃការត្រួតពិនិត្យ គឺដើម្បីស្រាវជ្រាវទប់ស្កាត់នូវទំនិញខូចគុណភាព និងទំនិញដែលមានហានិភ័យខ្ពស់ ដែល ជនខិលខូចមួយចំនួនលួច បញ្ចេញមកលក់ចែកចាយលើទីផ្សារ ក្នុងឱកាសបុណ្យអ៊ុទូក បណ្ដែតប្រទីប អកអំបុក សំពះព្រះខែ នាពេលខាងមុខនេះ។
ក្នុងសកម្មភាពនេះ មន្ត្រីជំនាញ បានធ្វើតេស្តបឋម ដើម្បីរកសារធាតុគីមីហាមឃាត់ ទៅលើផលិតផលម្ហូបអាហារដែលដាក់លក់ក្នុងផ្សារនោះចំនួន ៣៥គំរូ ជាមួយគ្នានោះ មន្ត្រីជំនាញ បានធ្វើការត្រួតពិនិត្យរកភាពមិនអនុលោមនៅលើសំបកវេចខ្ចប់ផលិតផលម្ហូបអាហារផងដែរ ។
- ជាលទ្ធផល មន្ត្រីជំនាញបានរកឃើញមានវត្តមានសារធាតុគីមីហាមឃាត់ (សំណល់ថ្នាំសំលាប់សត្វល្អិត) ក្នុងបន្លែ ដូចជា៖
– កូនខាត់ណាចិន ចំនួន ១គីឡូក្រាម
– ត្រសក់ ចំនួន ៣គីឡូក្រាម
– ផ្ទីដូង ចំនួន ១.៥០គីឡូក្រាម
សរុបទំនិញដែលមន្ត្រីជំនាញដកហូតបានចំនួន ៥.៥០គីឡូក្រាម។
បន្ទាប់មក មន្ត្រីកាំកុងត្រូលបានធ្វើកំណត់ហេតុដកហូត ទំនិញទាំងនោះយកទៅកម្ទេចចោលភ្លាមៗតាមនីតិវិធី។ ទន្ទឹមនឹងនោះមន្ត្រីជំនាញក៏បានធ្វើការណែនាំដល់អាជីវករផ្សេងទៀត ឱ្យយល់ដឹង និងអនុវត្តទៅតាមច្បាប់ ស្តីពីការគ្រប់គ្រងគុណភាព សុវត្ថិភាព លើផលិតផល ទំនិញ និងសេវា ជៀសវាងបង្កផលប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ នឹងអាចប្រឈមចំពោះមុខច្បាប់ថែមទៀត៕