
កំពុងតែដើររើសអេតចាយ មួយសន្ទុះក្រោយស្រាប់តែឃើញដេកដួលទៅលើដី គ្រប់គ្នាផ្អើលរត់ទៅមើលទើបដឹងថា មានក្អួុតឈាមតាមមាត់ផង និងតាមច្រមុះផង សង្ស័យមានជំងឺក្រពះធ្ងន់ធ្ងរ ប្រកាច់ស្លាប់យ៉ាងអាណោចអាធ័ម

ភ្នំពេញ៖ បុរសម្នាក់ សង្ស័យមានជំងឺក្រពះធ្ងន់ធ្ងរ ប្រកាច់ហូរឈាមចេញតាមមាត់ និងច្រមុះ ស្លាប់យ៉ាងអាណោចអាធ័ម បង្កការភ្ញាក់ផ្អើលដល់បងប្អូនប្រជាពលរដ្ឋ និងសមត្ថកិច្ចចុះមកធ្វើការពិនិត្យ ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ២និង៣០នាទី រសៀល ថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៩ លើសួនច្បារមាត់ទន្លេ ផ្លូវព្រះស៊ីសុវត្ថិ កែងផ្លូវ១៧៨ ក្នុងភូមិ១ សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានបុរសដែលស្លាប់នេះ ជាជនអនាថា មានឈ្មោះ លាភ អាយុ២៨ឆ្នាំ មានមុខរបរនិងទីកន្លែងស្នាក់នៅមិនពិតប្រាកដ។
ប្រភពដដែលបន្តថា មុនពេលកើតហេតុ ជនរងគ្រោះនិងបុរសម្នាក់ទៀត ដែលស្គាល់គ្នាបានហូបបាយរួមគ្នាលើបង់ លើសួនកន្លែងកើតហេតុ។ បន្ទាប់ពីហូបបានរួមគ្នារួច បុរសដែលស្គាល់គ្នានោះបានចុះទៅមាត់ទន្លេដើររកមើលសត្វអណ្តើត បានមួយសន្ទុះក្រោយមកក៏ឡើងគោកវិញ មកដល់កន្លែងដែលហូបបាយរួមគ្នា ស្រាប់តែឃើញជនរងគ្រោះដេកផ្កាប់មុខ ដោយមានឈាមហូរចេញតាមមាត់ និងច្រមុះ យ៉ាងច្រើន ហើយក៏ដាច់ខ្យល់ស្លាប់តែម្តង។
ក្រោយកើតហេតុសមត្ថកិច្ចបានចុះមកធ្វើការពិនិត្យទៅលើសាកសពបានឲ្យដឹងថា បុរសខាងលើនេះស្លាប់ដោយសារជំងឺប្រចាំកាយ សង្ស័យជំងឺក្រពះធ្ងន់ធ្ងរ ទើបស្លាប់បែបនេះ និងបានប្រគល់សពឲ្យប្រពន្ធ ដឹកតាមឡានពេទ្យទៅធ្វើ់បុណ្យបូជានៅវត្តទួល ខណ្ឌឬស្សីកែវ តាមប្រពៃណី៕